ក្មេងៗនៅខ្មែរយើង កើតជំងឺអូទីស្សឹមច្រើនឡើងៗ ធ្វើឲ្យម៉ាក់ប៉ាកំពុងបារម្ភ គួរធ្វើម៉េចអាចការពារបាន ហើយបើពេលដឹងកូនកើតជំងឺនេះ គួរជួយអូនៗបែបណាដើម្បីក្លាយជាក្មេងប្រក្រតីនឹងគេវិញ។ ការពិត អាហារក៏អាចជួយកាត់បន្ថយរោគសញ្ញាជំងឺអូទីស្សឹមលើអូនៗបានដែរ។
១- សាកល្បងអាហារថ្មីៗ
ក្មេងៗមានជំងឺអូទីស្សឹម អាចឆាប់ធុំអាហារណាស់ មិនថារសជាតិ ក្លិន ពណ៌ ឬរូបរាងអាហារនោះទេ។ អូនៗអាចមិនញ៉ាំអាហារណាមួយ ដោយសារតែមិនចូលចិត្តពណ៌ ឬក្លិនអាហារនោះ។ ហេតុនេះពេលឲ្យអាហារថ្មីទៅអូនៗ ត្រូវលួងបន្តិចម្តងៗ មិនត្រូវបង្ខំឡើយ។
ម៉ាក់ប៉ាអាចសាកល្បងនាំអូនៗទៅផ្សារជាមួយគ្នា ឲ្យគេរើសអាហារអូនៗចង់ញ៉ាំដោយខ្លួនឯង ហើយពេលមកផ្ទះវិញ រៀបចំចម្អិនឲ្យកូនញ៉ាំភ្លាម។ ពេលខ្លះ អូនៗអាចនៅតែមិនចង់ញ៉ាំ តែមិនអីទេ យូរៗទៅនឹងស៊ាំ ព្រមញ៉ាំដោយខ្លួនឯង។
២- រៀបចំរបស់ញ៉ាំតម្រូវចិត្តកូន
ក្មេងៗមានជំងឺអូទីស្សឹម ពិបាករឿងញ៉ាំអាហារ ដោយសារមានអារម្មណ៍តានតឹងក្នុងចិត្ត និងរឿងជាច្រើនជុំវិញខ្លួន រាប់ទាំងអំពូលភ្លើង តុកៅអី ឬសូម្បីតែរបស់តូចតាចក្នុងផ្ទះបាយ។
ឲ្យអូនញ៉ាំទៀងពេល អាចជួយកូនមិនសូវតានតឹងចិត្ត ហើយគួរកែតម្រូវចំណុចតូចតាចទាំងឡាយ ដូចជា ដាក់អំពូលភ្លឺតិចៗ ឬអុជទៀន ជាដើម និងប្រើចាន សម ស្លាបព្រាដែលអូនៗចូលចិត្ត បែបនេះ អូនៗអាចមានអារម្មណ៍ល្អ ហើយចង់ញ៉ាំអាហារជាងមុន។
៣- របបអាហារពិសេស
របបអាហារពិសេស អាចជួយឲ្យរោគសញ្ញាជំងឺអូទីស្សឹម បានធូរស្រាល ហើយអាហារមួយចំនួនទៀត អាចធ្វើឲ្យអាការៈអូនៗកាន់តែធ្ងន់ធ្ងរទៅវិញ ខណៈអាហារទាំងនោះ មាន សណ្តែកសៀង អាហារមានសារធាតុ Gluten ឬប្រូតេអ៊ីន Casein (សម្បូរក្នុងផលិតផលទឹកដោះគោ)។ ចៀសវាងអាហារទាំងនេះ អាចនឹងជួយកាត់បន្ថយរោគសញ្ញាជំងឺអូទីស្សឹមឲ្យអូនៗបាន។
អត្ថបទពាក់ព័ន្ធ៖
៤- ពិនិត្យមើលស្លាកផលិតផលអាហារ
ស្លាកនៅនឹងសម្បក ឬកំប៉ុងអាហារ អាចប្រាប់ម៉ាក់ប៉ាពីសារធាតុផ្សំ បរិមាណអាហារូបត្ថម្ភ ឬសារធាតុផ្សេងៗបាន។ ដូចនេះ យើងអាចដឹងថាអាហារនោះសម្បូរសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន ខ្លាញ់ ឬសារធាតុសរសៃប៉ុនណា ហើយយើងអាចរក្សាលំនឹងអាហារអូនៗញ៉ាំបានល្អ និងចៀសវាងអាហារមិនល្អប៉ះពាល់ជំងឺអូនៗផងដែរ (មាន សណ្តែកសៀង អាហារមានសារធាតុ Gluten ឬប្រតេអ៊ីន Casein)។
៥- សួរយោបល់ពីអ្នកជំនាញ
អាចសុំយោបល់ពីគ្រូពេទ្យ ឬអ្នកជំនាញខាងអាហារូបត្ថម្ភ ដើម្បីយល់ច្បាស់ពីអាហារូបត្ថម្ភល្អៗ អាចជួយស្ថានភាពជំងឺអូនៗកាន់តែធូរស្រាល។ អ្នកជំនាញអាចមានមធ្យោយបាយជួយឲ្យអូនស្រួលញ៉ាំអាហារ និងញ៉ាំបានច្រើន ដោយសារពេទ្យដឹងច្បាស់ពីឫសគល់បញ្ហា។
អាហារូបត្ថម្ភ មាននាទីយ៉ាងសំខាន់ក្នុងការលូតលាស់កូនតូចៗ ពិសេសអូនៗមានជំងឺដូចជាជំងឺអូទីស៊ឹមជាដើម។ ជាមួយគន្លឹះទាំងនេះ “Hello គ្រូពេទ្យ” សង្ឃឹមថា អូនៗអាចញ៉ាំអាហារបានត្រឹមត្រូវ និងគ្រប់គ្រាន់ ជួយអាការៈកាន់តែធូរស្រាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕