រាងកាយយើងត្រូវការកូលេស្តេរ៉ូលល្អដើម្បីពង្រឹងសុខភាព ក៏ដូចជាកាត់បន្ថយហានិភ័យពីជំងឺមួយចំនួន។ ពិតណាស់ កូលេស្តេរ៉ូលដើរតួនាទីយ៉ាងសំខាន់នៅក្នុងមុខងាររាងកាយ ជាពិសេសសម្រាប់សុខភាពបេះដូង។ ដូច្នេះហើយ គ្នាយើងគប្បីបង្កើនកូលេស្តេរ៉ូលល្អនៅក្នុងរាងកាយ ជាមួយនឹងអាហារទាំងនេះ។
១. ពពួកសណ្ដែក (Legumes)
ពពួកសណ្ដែកដែលមានដូចជាសណ្ដែក និងសណ្ដែកសៀងផ្ទុកបរិមាណជាតិដែកខ្ពស់ ហើយសារធាតុKaempferolនៅក្នុងពពួកសណ្ដែក ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានគុណប្រយោជន៍ជួយកាត់បន្ថយការរលាករ៉ាំរ៉ៃយ៉ាងមានប្រសិទ្ធភាព។ អាហារប្រភេទនេះក៏ជាប្រភពល្អនៃហ្វូឡេត ម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងបន្ថយកម្រិតនៃកូលេស្តេរ៉ូលអាក្រក់ ព្រមទាំងបង្កើនកូលេស្តេរ៉ូលល្អជំនួសវិញ។
គណនា BMI-រាងកាយ ទម្ងន់ និងកម្ពស់ នៅទីនេះ
២. ផ្លែបឺរ
ទន្ទឹមនឹងនេះដែរ ផ្លែបឺរអាចប្រឆាំងនឹងការរលាក បង្កើនកម្រិតកូលេស្តេរ៉ូលល្អ ហើយវាក៏ជាប្រភពនៃម៉ាញ៉េស្យូម។ ផ្លែឈើមួយប្រភេទនេះក៏ផ្ទុកប៉ូតាស្យូម វីតាមីនBនិងK ព្រមទាំងជាតិសរសៃដែលជួយឲ្យយើងឆ្អែតបានយូរ។ លើសពីនេះ វាក៏មានហ្វូឡេតខ្ពស់ និងខ្លាញ់ Monounsaturated ដែលអាចបន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
![ផ្លែប័រ៣](https://cdn.hellokrupet.com/wp-content/uploads/2021/07/c6f14aba-.jpg)
៣. គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
គ្រាប់ផ្លែឈើដូចជាអាល់ម៉ុន និងគ្រាប់ស្វាយចន្ទីជាប្រភពដ៏ល្អនៃអាស៊ីតហ្វូលិក។ វាក៏មានផ្ទុកម៉ាញ៉េស្យូម និងជាតិដែកដែលជួយឲ្យកម្រិតជាតិស្ករក្នុងឈាមប្រសើរឡើង ក៏ដូចជាជំរុញកម្រិតថាមពល។ ចំណែកឯគ្រាប់ផ្លែឈើដូចជាគ្រាប់ល្ពៅ និងគ្រាប់ជីរផ្ទុកបរិមាណជាតិដែកគ្រប់គ្រាន់ ហើយវាក៏សម្បូរទៅដោយម៉ាញ៉េស្យូម ជាតិសរសៃ និងអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលជួយការពារជំងឺបេះដូង និងជួយជំរុញកម្រិតកូលេស្តេរ៉ូលល្អ។ ជាមួយគ្នានេះដែរ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិក៏អាចការពារកោសិកាពីការបំផ្លាញដោយរ៉ាឌីកាល់សេរីដ៏គ្រោះថ្នាក់ថែមទៀតផង។