១- អត្ថប្រយោជន៍អូមេហ្គា ៣
អូមេហ្គា ៣ (Omega-3) ជាអាស៊ីដខ្លាញ់ដ៏ល្អ អាចលើកកម្ពស់ភ្នាសខួរក្បាល និងបង្កើតកោសិកាខួរក្បាលថ្មីៗ អាចជួយយើងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាផ្លូវចិត្ត ដូចជា ការបាក់ទឹកចិត្ត វង្វេងវង្វាន់ ដោយជំរុញឲ្យមានស្មារតីល្អ និងបង្កើនការចងចាំ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រជឿថា មានមនុស្សពេញវ័យជាច្រើន បានធំលូតលាស់មក ដោយមានបញ្ហាខ្វះអាស៊ីដខ្លាញ់អូម៉េហ្កា ៣ នេះឯង ហើយបញ្ហាកង្វះអាស៊ីដខ្លាញ់អូមេហ្គា ៣ គឺមានទំនាក់ទំនងទៅនឹងជំងឺបេះដូង ជំងឺមហារីក រលាកសន្លាក់ និងជំងឺរ៉ាំរ៉ៃផ្សេងទៀត។
២- ប្រភពអាស៊ីដខ្លាញ់អូមេហ្គា ៣
អាចរកបានអាស៊ីដខ្លាញ់អូមេហ្គា ៣ ក្នុងរុក្ខជាតិ និងសាច់សត្វ ខណៈគ្រាប់ធញ្ញជាតិកែច្នៃហើយ ឬក៏ប្រេងរបស់វា គ្រាប់មិនទាន់កែច្នៃ គ្រាប់វ៉លណាត់ សណ្តែកសៀង សុទ្ធតែជាប្រភពសម្បូរអាស៊ីដខ្លាញ់អូម៉េហ្កា ៣ បំផុត។ យ៉ាងណាមិញ ប្រេងបន្លែខ្លះៗ ដូចជា Canola សណ្តែកសៀង ផ្កាឈូករ័ត្ន និងប្រេងសណ្តែក គឺមានអាស៊ីដខ្លាញ់អូម៉េហ្កា ៦ ខ្ពស់ ដែលវាក៏ជាប្រភេទអាស៊ីដខ្លាញ់ល្អដែរ ប៉ុន្តែគួរតែត្រូវបានប្រើឲ្យសមាមាត្រ ១/៣ បើប្រៀបធៀបជាមួយអាស៊ីដខ្លាញ់អូមេហ្គា ៣ ដោយព្រោះថា បើប្រើអាស៊ីដខ្លាញ់អូមេហ្គា ៦ លើសកម្រិត អាចបង្កជាជំងឺរលាករ៉ាំរ៉ៃទៅវិញ។