ខណៈពលរដ្ឋ ពិសេសស្រ្តីមេផ្ទះយើងជួបការលំបាកក្នុងការសម្គាល់បន្លែផ្លែឈើដែលមានគីមី ឬអត់នោះ អ្នកជំនាញខាងវិទ្យាសាស្រ្តកសិកម្ម ដែលមានបទពិសោធជាច្រើនឆ្នាំលើគម្រោងកសិកម្មជាមួយអង្គការក្រៅរដ្ឋាភិបាល លោក ភុន រតនា បានប្រាប់ពីប្រភេទបន្លែស្លឹកមួយចំនួនដែលមិនមាន ឬមានគីមីតិចតួចបំផុត។ បន្លែបៃតងទាំងនោះ រួមមាន៖
សាលាដ៖ ជាតិជ័រក្នុងសាលាដ អាចបង្ការពីសត្វល្អិតស៊ី ដូច្នេះហើយកសិករក៏មិនសូវប្រើថ្នាំគីមីប៉ុន្មានដែរ។
ត្រកួនចិន៖ ដូចគ្នានឹងសាលាដ៍ដែរ ត្រកួនជាពពួកបន្លែងាយដាំ និងថែទាំ មិនចាំបាច់ប្រើថ្នាំបង្ការសត្វល្អិត ក៏អាចទទួលបានផលដែរ។
ស្លឹកបាស់ ស្លឹកម្រុំ៖ កម្រមានកសិករបាញ់ថ្នាំកម្ចាត់សត្វល្អិតការពារបន្លែវល្លិ និងស្លឹកទាំង ២ មុខនេះណាស់ លើកលែងតែចម្ការធំៗប៉ុណ្ណោះ។
លោក ភុន រតនា ឯកទេសវិទ្យាសាស្រ្តកសិកម្ម តាមការបញ្ជាក់របស់លោក ភុន រតនា បន្លែស្លឹកប្រឈមនឹងការបំផ្លាញពីសត្វល្អិតជាងគេ ពិសេសនៅរដូវភ្លៀងធ្លាក់ និងរដូវក្តៅ ម្ល៉ោះហើយកសិករចាំបាច់ត្រូវតែបាញ់ថ្នាំសម្លាប់សត្វល្អិតការពារ ទើបបន្លែនោះបានផល។ ប្រសិនបើកសិករធ្វើបានត្រឹមត្រូវតាមអាយុកាលរបស់ថ្នាំសម្លាប់សត្វល្អិត រួចទើបប្រមូលផលនោះមិនមានផលប៉ះពាល់ដល់សុខភាពអ្នកញ៉ាំទេ តែសំណួរសួរថា តើមានប៉ុន្មាននាក់ខ្វល់ពីបញ្ហានេះ?