ផ្លែឪឡឹកគឺជាផ្លែឈើដែលមានជាតិទឹករហូតដល់៩០% និងជាជម្រើសល្អសម្រាប់អាកាសធាតុក្ដៅ។ ផ្លែនេះក៏មានសារធាតុចិញ្ចឹមសំខាន់ៗរួមមានវីតាមីន រ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
អត្ថប្រយោជន៍របស់ផ្លែឪឡឹក
ផ្លែឪឡឹកមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលសារធាតុនេះអាចជួយកំចាត់ពពួករ៉ាឌីកាល់សេរី។ រាងកាយផលិតពពួករ៉ាឌីកាល់សេរីនៅពេលធ្វើមេតាបូលីស ហើយពពួករ៉ាឌីកាល់សេរីក៏អាចកើតតាមរយៈការជក់បារី ខ្យល់ពុល និងស្ត្រេសជាដើម។ ក្រៅពីនេះផ្លែឪឡឹកក៏មានប្រយោជន៍ដល់សុខភាពផ្សេងទៀតដែរ។
១. ជំងឺហឺត
អ្នកជំនាញជឿថាពពួករ៉ាឌីកាល់អាចមានចំណែកក្នុងការវិវត្តនៃជំងឺហឺត។ វត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងសួត រួមមានវីតាមីន C អាចជួយកាត់បន្ថយហានិភ័យជំងឺហឺត។ ការសិក្សាជាច្រើនមិនអាចបញ្ជាក់ថាការប្រើប្រាស់អាហារបំប៉នវីតាមីន C អាចជួយការពារជំងឺហឺតបាន ប៉ុន្តែអាហារដែលសំបូរវីតាមីន C អាចផ្តល់ការការពារបានខ្លះ។
អត្ថបទពាក់ព័ន្ធ៖
- អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង
- ក្បួនធម្មជាតិ បន្ធូរអាការៈហឺត កុំឲ្យធ្វើទុក្ខ
២. សម្ពាធឈាម
ការសិក្សាឆ្នាំ២០១២បានរកឃើញថាផលិតផលធ្វើពីឪឡឹកអាចបន្ថយសម្ពាធឈាមនៅកជើងនៃមនុស្សវ័យកណ្ដាលដែលមានជំងឺធាត់ និងជំងឺលើសឈាមដំណាក់ដំបូង។ អ្នកវិទ្យាសាស្ត្របានបន្ថែមទៀតថាសារធាតុប្រឆាំងអុកស៊ីតកម្ម L-citruline និងL-arginine ក្នុងផ្លែឪឡឹកអាចជួយដល់ដំណើរការសរសៃអាកទែរ។
សារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ក្នុងផ្លែនេះក៏អាចជួយការពារជំងឺបេះដូងដែរ។ ការសិក្សាឆ្នាំ២០១៧ណែនាំថាសារធាតុដែលអាចបន្ថយការរលាកនេះមានទំនាក់ទំនងនឹងខ្លាញ់ល្អ (HDL)។
ក្រៅពីសារធាតុខាងលើ ផ្លែឪឡឹកក៏មានសារធាតុ phytosterol ដែលអាចជួយគ្រប់គ្រងកម្រិតខ្លាញ់អាក្រក់។ សេចក្តីណែនាំខ្លះបានណែនាំឲ្យញ៉ាំសារធាតុនេះ ២ក្រាមក្នុងមួយថ្ងៃ ហើយផ្លែឪឡឹក ១៥៤ក្រាមផ្តល់សារធាតុនេះ ៣,០៨មីល្លិក្រាម។ ការបញ្ចុះកម្រិតខ្លាញ់អាក្រក់អាចបង្ការជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង។
៣. ជំងឺមហារីក
វិទ្យាស្ថានជាតិជំងឺមហារីក(National Cancer Institute)របស់អាមេរិក សម្គាល់ថាពពួករ៉ាឌីកាល់សេរីអាចមានទំនាក់ទំនងក្នុងការវិវត្តរបស់ជំងឺមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែឪឡឹកដូចជាវីតាមីន C អាចជួយបង្ការជំងឺមហារីកដោយប្រឆាំងនឹងពពួករ៉ាឌីកាល់ដែលអាចបង្កការខូចខាតដល់កោសិកា DNA។
៤. ការរំលាយអាហារ
ផ្លែឪឡឹកមានជាតិទឹក និងជាតិសរសៃច្រើនដែលអាចជួយដល់សុខភាពពោះវៀនដោយបង្ការការទល់លាមក និងជួយដល់ការបន្ទោរបង់ឲ្យបានទៀងទាត់។
៥. ការបំពេញជាតិទឹក
ផ្លែឪឡឹកមានជាតិទឹក ៩០% និងផ្តល់នូវអេឡិចត្រូលីត ដូចជាប៉ូតាស្យូមជាដើមដែលនេះជាជម្រើសអាហារសម្រន់ដ៏ល្អសម្រាប់រដូវក្ដៅ។
អត្ថបទពាក់ព័ន្ធ៖
- អាហារទាំងអស់នេះល្អខ្លាំងសម្រាប់ខែក្តៅ សម្បូរជាតិទឹក រសជាតិឆ្ងាញ់
- ខែក្តៅរក្សាជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ជារឿងល្អ តែបើលើសអាចគ្រោះថ្នាក់ទៅវិញ
៦. ការឈឺសាច់ដុំ
ផ្លែឪឡឹក និងទឹកឪឡឹកអាចបន្ថយការឈឺចាប់នៅសាច់ដុំ និងជួយដល់កីឡាករឲ្យឆាប់បាត់អាការៈឈឺសាច់ដុំក្រោយពីហាត់ប្រាណហើយ។ ការសិក្សាឆ្នាំ២០១៧បានរកឃើញថាកីឡាករដែលផឹកទឹកឪឡឹកពីរម៉ោងមុននឹងរត់ម៉ារ៉ាតុនគឺមានអាការៈឈឺចាប់សាច់ដុំតិចជាងធម្មតា២៤ទៅ៧២ម៉ោងក្រោយប្រកួត។
៧. សុខភាពស្បែក
ផ្លែឪឡឹកមានវីតាមីន C ដែលរាងកាយត្រូវការក្នុងការផលិតខូឡាជេន។ ខូឡាជេននេះមានសារៈសំខាន់សម្រាប់រចនាសម្ព័ន្ធរបស់កោសិកា និងដំណើរការរបស់ប្រព័ន្ធភាពស៊ាំ។ វីតាមីន C ក៏ជួយដល់ការជាសះស្បើយពីរបួសដែរ។ ការសិក្សាជាច្រើនបានបង្ហាញថាវីតាមីន C អាចជួយដល់សុខភាពស្បែករួមទាំងកាត់បន្ថយហានិភ័យនៃការខូចខាតស្បែកដោយកត្តាអាយុដែរ។
សារធាតុចិញ្ចឹមក្នុងផ្លែឪឡឹក
ផ្លែឪឡឹក១៥៤ក្រាមមាន៖
- កាឡូរី៖ ៤៦,២កាឡូរី
- កាបូអ៊ីដ្រាត៖ ១១,៦ក្រាម
- ជាតិសរសៃ៖ ០,៦ក្រាម
- កាល់ស្យូម៖ ១០,៨មីល្លិក្រាម
- ផូស័្វរ៖ ១៦,៩មីល្លិក្រាម
- ម៉ាញ៉េស្យូម៖ ១៥,៤មីល្លិក្រាម
- ប៉ូតាស្យូម៖ ១៧២មីល្លិក្រាម
- វីតាមីន C៖១២,៥មីល្លិក្រាម
- Folate៖ ៤,៦មីល្លិក្រាម
- Choline៖ ៦,៣មីល្លិក្រាម
- វីតាមីន A៖ ៤៣,១មីក្រូក្រាម
- Beta-carotene៖ ៤៦៧មីក្រូក្រាម
- Lutein &zeaxanthin៖ ១២,៣មីក្រូក្រាម
- Lycopene៖ ៦,៩៨មីល្លិក្រាម
- Phytosterols៖ ៣,០៨មីល្លិក្រាម។
អត្ថបទពាក់ព័ន្ធ៖
- អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ
- ម៉េចបានខែក្ដៅ យើងម្នាក់ៗត្រូវការវីតាមីន C បំផុត?
- ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំ!
- ផ្លែគីវីមានប្រយោជន៍ដល់អ្នកជំងឺហឺត ជួយប្រព័ន្ធរំលាយអាហារ គ្រប់គ្រងសម្ពាធឈាម
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]