អាហារ​ ​៥​ប្រភេទ​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​​យើង​កាន់​តែ​ឆ្លាត​វៃ​​

    អាហារ​ ​៥​ប្រភេទ​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​​យើង​កាន់​តែ​ឆ្លាត​វៃ​​

    ​​ខួរក្បាល​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ នៅ​ក្នុង​រាងកាយ​មនុស្ស​យើង​ ដែល​ធ្វើការ​​យ៉ាង​សកម្ម​​២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ សូម្បី​តែ​ពេល​ដែល​យើង​គេង​លក់។​ ​​ពិត​ណាស់​ គ្នា​យើង​ប្រហែល​ជា​បាន​ធ្វើ​​​សកម្មភាព​ផ្សេង​ៗ​ដើម្បី​បញ្ចូល​ថាមពល​ទៅ​ក្នុង​ខួរ​ក្បាល​ ដូចជា​ការ​គេង​គ្រប់​គ្រាន់​ ​និង​ធ្វើ​លំហាត់​ប្រាណ​ជាដើម​។

    យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​ខួរក្បាល​មាន​សុខភាព​ល្អ​ យើង​មិន​អាច​មើល​រំលង​ការ​ញ៉ាំ​អាហារ​ល្អ​​ៗ​នោះ​ទេ។ ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​​អាហារ​ទាំង​៥ប្រភេទ​នេះ​ ​ដើម្បី​​ជួយ​បង្កើន​អនុភាព​​ខួរក្បាល​ ក៏​ដូចជា​​​​ធ្វើ​ឲ្យ​ខួរក្បាល​យើង​​បំពេញ​​​មុខងារ​​កាន់​តែ​ប្រសើរ​ជាង​មុន​​។

    . ស៊ុត

    ជា​ការ​ពិត​ណាស់​ ស៊ុត​​ផ្ដល់​​អត្ថប្រយោជន៍​​ជាច្រើន​​ដល់​សុខភាព​​ ដោយ​សារ​តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​។​​ យើង​អាច​ចម្អិន​ម្ហូបអាហារ​ជាមួយ​នឹង​ស៊ុត​បាន​ច្រើន​យ៉ាង​ ​​ ហើយ​វា​ក៏​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ។​

    . គ្រាប់ធញ្ញជាតិ​ និង​សូកូឡា

    គ្រាប់​ធញ្ញជាតិ​ គឺ​ជា​ប្រភព​នៃ​វីតាមីន​E ដែល​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។ ​តាម​ការ​សិក្សា​ខ្លះ​​ បាន​បង្ហាញ​ថា​ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​​បង្កើន​​ការ​ចងចាំ​ នៅ​ពេល​ដែល​យើង​​មាន​អាយុ​កាន់​តែ​ច្រើន​។ ចំណែក​ឯ​សូកូឡា​ពណ៌ខ្មៅ​វិញ​ វា​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​​ទេ​ ថែម​ទាំង​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​អស្ចារ្យ​​ផង​ដែរ​។

    អាហារខួរក្បាល

    . សាច់​ត្រី

    សាច់​ត្រី​​មាន​ផ្ទុក​​​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​​ ហើយ​​ក៏​​ផ្ដល់​នូវ​អាស៊ីដ​ខ្លាញ់​អូមីហ្គា៣​​ ដែល​​ជា​ខ្លាញ់​ជំនួយ​ដល់​​សុខភាព​ ក៏​ដូចជា​​ផ្ដល់​ថាមពល​ដល់​ខួរ​ក្បាល​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​ អាស៊ីដ​ខ្លាញ់​អូមីហ្គា៣ ​ក៏​ជួយ​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ ព្រមទាំង​​គ្រោះ​ថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​ថែម​ទៀត​ផង​។

    . បន្លែ​បៃ​តង​​

    បន្លែ​ខៀវ​មាន​សារប្រយោជន៍​យ៉ាង​​ច្រើន​ដល់​រាងកាយ​យើង​។​ វា​ជួយ​ធ្វើ​ឲ្យ​ស្បែក​យើង​ភ្លឺ​ថ្លា​ ​ជំនួយ​ឆ្អឹង​ ​កាត់​បន្ថយ​ស្រ្តេស​ ក៏​ដូចជា​ប្រឆាំង​នឹង​ភាព​ចាស់​ជាដើម​​។ លើស​ពី​នេះ​ បន្លែ​ខៀវ​​ក៏​ជួយ​ទ្រទ្រង់​ដល់​ការ​ចងចាំ​ និង​ជា​អាហារ​​​បំប៉ន​ដល់​ពេញ​និយម​មួយ​សម្រាប់​​ថាមពល​ខួរ​ក្បាល​ផង​ដែរ​។​

    . តែ​បៃតង

    ​​​​​យើង​បាន​ដឹង​ហើយ​ថា​ តែ​បៃតង​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ពិសេស​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​​ ពិត​ជា​មិន​គួរ​មើល​រំលង​ភេសជ្ជៈ​មួយ​មុខ​នេះ​ឡើយ​។ ​បន្ថែម​ពី​នេះ​​ តែ​បៃតង​ក៏​​ជួយ​បង្កើន​​​ថាមពល​ខួរក្បាល​ ក៏​ដូចជា​ពង្រឹង​​ការ​ចងចាំ​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​​។​​

    ដូចនេះ​ ដើម្បី​ជួយ​ឲ្យ​ខួរក្បាល​មាន​សុខភាព​ល្អ​ យើង​គួរ​ញ៉ាំ​តែ​បៃតង​ឲ្យ​បាន​​២​ពែង​ក្នុង​មួយ​ថ្ងៃ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 04/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត