ផល​ប៉ះពាល់​ដ៏​ចម្លែក​ទាំង​៤ ពេល​​ស្រក​ទម្ងន់លឿនជ្រុល

    ផល​ប៉ះពាល់​ដ៏​ចម្លែក​ទាំង​៤ ពេល​​ស្រក​ទម្ងន់លឿនជ្រុល

    ការ​ស្រក​ទម្ងន់​ ​ផ្ដល់​នូវ​​អត្ថប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ សម្រាប់​អ្នក​​ដែល​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ យើង​នឹង​មាន​ថាមពល​កាន់​តែ​​ប្រសើរ​​ឡើង​ ព្រម​ទាំង​មាន​រូបរាង​​កាយ​សមសួន​គួរឲ្យ​ទាក់ទាញ​ផង​ដែរ។​ លើស​ពី​នេះ​ យើង​ក៏​អាច​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ ​ការ​បាក់​ទឹក​ចិត្ត​ ​ការ​អសមត្ថភាព​ផ្លូវ​ភេទ​ ឈឺ​ខ្នង​ ជំងឺ​សរសៃឈាម​បេះដូង​ ​និង​ប្រភេទ​​ជំងឺ​មហារីក​មួយ​ចំនួន​ថែម​ទៀត​ផង​។

    ប៉ុន្តែ​​ពេល​ខ្លះ​ ​ការ​ស្រក​ទម្ងន់​​ដ៏​ច្រើន​លើសលប់​ ក៏​​អាច​នាំ​មក​នូវ​ផល​ប៉ះពាល់​ដ៏​ចម្លែក​មួ​យ​ចំនួន​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ផង​ដែរ។

    . ស្រងូត​ស្រងាត់

    យោង​តាម​ការ​សិក្សា​មួយ​នៃ​សាកលវិទ្យាល័យLondon បាន​បង្ហាញ​ថា​ ការ​ស្រក​ទម្ងន់​ អាច​បង្កើន​នូវ​​ហានិភ័យ​នៃ​ជំងឺ បាក់​ទឹក​ចិត្ត​​ ដោយ​សារ​តែ​មនុស្ស​ភាគ​ច្រើន​ ​ដែល​មាន​បញ្ហា​​លើស​ទម្ងន់​គិត​ថា​ ជីវិត​ពួក​គាត់​នឹង​ល្អ​ប្រសើរ​ឡើង​ បើ​សិន​​បើ​​​ពួក​គាត់​អាច​ស្រក​ទម្ងន់​លឿន​។ ​​ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​បំណង​ប្រាថ្នា​របស់​ពួក​គាត់​បាន​​សម្រេច​ ប៉ុន្តែ​ជីវិត​របស់​ពួក​គាត់​​នៅ​តែ​​ជួប​បញ្ហា​​​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​​​ អ្នក​ទាំង​នោះ​​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​។ យ៉ាង​ណា​មិញ​ ការ​គេង​បាន​គ្រប់គ្រាន់​ និង​របប​អាហារ​ត្រឹម​ត្រូវ​ នឹង​កាត់​បន្ថយ​​​ហានិភ័យ​នៃ​ជំងឺ​នេះ​​បាន​។

    . ស្បែក​យារ​ធ្លាក់

    ​​នៅ​ពេល​ដែល​ភាព​ធាត់​រលាយ​បាត់​ទៅ​ ស្បែក​របស់​យើង​មិន​មាន​ភាព​យឺត​គ្រប់​គ្រាន់​​ក្នុង​ការ​បង្រួញ​ស្បែក​ដែល​នៅ​សេសសល់​នោះ​ទេ​។ ​នៅ​ក្នុង​ករណី​ដែល​​យើង​ស្រក​ទម្ងន់​ច្រើន​ហួស​ហេតុ​ វិធី​​តែ​ម្យ៉ាង​ដែល​អាច​ជួយ​​បាន​នោះ​​ គឺ​​ការ​​​វះកាត់​យក​ស្បែក​ដែល​យារ​ធ្លាក់​​នោះ​ចេញ​។ ​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​​មាន​សាច់​យារ​ធ្លាក់​តិច​តួច​ ​អាច​​ធ្វើការ​ហាត់ប្រាណ​បង្កើត​សាច់​ដុំ​ ដើម្បី​ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​ឡើង​វិញ​។​​​​

    ស្រកទម្ងន់លឿនពេក

    . បង្កើន​ហានិភ័យ​ជំងឺ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់

    ការ​​​​កាត់​បន្ថយ​ខ្លាញ់​នៅ​ក្នុង​របប​អាហារ​​ នឹង​ធ្វើ​ឲ្យ​ថង់​​ប្រមាត់​របស់​យើង​មិន​សកម្ម​​ទៀត​នោះ​ទេ​ ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​។ ដើម្បី​ចៀស​វាង​​ពី​បញ្ហា​នេះ​ ចូរ​ញ៉ាំ​ខ្លាញ់​ល្អ​ៗ​ជំនួស​វិញ​ ដូចជា​​ផ្លែប័រ​ គ្រាប់​ធញ្ញជាតិ​ ស៊ុត​ ឬ​ត្រី​សាល់ម៉ុន​ជាដើម​។

    . ​រសជាតិ​អាហារ​ខុស​ប្លែក​ពី​មុន​​​​​

    យោង​តាម​​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ អ្នក​ជំងឺ​៨៧%​ ដែល​ស្រក​ទម្ងន់​ច្រើន​ និង​រហ័ស​ផង​នោះ​ ​មាន​បញ្ហាបាត់បង់រសជាតិ​​។ ​​ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ជំងឺ​ភាគ​ច្រើន​ចាប់ផ្ដើម​ មិន​ចូលចិត្ត​ញ៉ាំ​​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ និង​​ប្រភេទ​សាច់​​​នោះ​ទេ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 21/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត