ប៉ះពាល់ ឬស្រូបសារធាតុ TNT ធ្វើឲ្យមានបញ្ហា​ស្បែក ថ្លើម គ្រាប់ឈាម

    ប៉ះពាល់ ឬស្រូបសារធាតុ TNT ធ្វើឲ្យមានបញ្ហា​ស្បែក ថ្លើម គ្រាប់ឈាម

    មួយ​រយៈ​ចុង​ក្រោយ​នេះ សង្កេត​ឃើញ​ថា មាន​គ្នា​យើង​មួយ​ចំនួន​បាន​ទៅ​លេង​កម្សាន្ត​នៅ​ទឹក​ដក់ ភ្នំ​ចំបាប់ ខេត្ត​តាកែវ ដោយ​សារ​មាន​ទេសភាព​ស្អាត និង​ទឹក​ថ្លា​គួរ​ឲ្យ​គយ​គន់។ មាន​អ្នក​ខ្លះ​ថត​រូប ខ្លះ​ទៀត​ហែល​ទឹក​លេង​នៅ​ទី​នោះ ទាំង​មិន​ដឹង​ថា វា​អាច​ប៉ះពាល់​ទៅ​សុខភាព ឬ​ក៏​អត់ ព្រោះ​ទឹក​នេះ​ដក់​ក្នុង​តំបន់​គេ​បំបែក​ថ្ម​ភ្នំ ដោយ​ប្រើ​សារធាតុ តេអ៊ិនតេ (TNT)។

    តើ​អ្វី​ទៅ​ជា​សារធាតុ តេអ៊ិនតេ (TNT)?

    សារធាតុ តេអ៊ិនតេ ឬtrinitrotoluene ជា​សារធាតុ​ពុល​ដែល​ងាយ​ឆេះ លាយ​បញ្ចូល​គ្នា​ដោយ កាបូន (C) អ៊ីដ្រូហ្សែន (H) នីត្រូសែន (N) និង​អុកស៊ីហ្សែន (O)។ កូដ​សារធាតុ​នេះ​គឺ C7H5N3O6 ប្រើ​ជា​សារធាតុ​ផ្ទុះ​ខ្ពស់ និង​ក្នុង​ការ​សំយោគ​គីមី។

    ឥឡូវ​នេះ ដើម្បី​ងាយ​ស្រួល​យក​ថ្ម​ភ្នំ រ៉ែ ឬ​ការ​បង្កើត​ផ្លូវ​ក្រោម​ដី ឬ​កាត់​ភ្នំ គេ​ប្រើ​គ្រាប់​បែក​ផ្ទុះ ហើយ​ក្នុង​គ្រាប់​បែក​ទាំង​នោះ​ផ្ទុក​ទៅ​ដោយ​សារធាតុ តេអ៊ិនតេ។ ក្រោយ​បំផ្ទុះ​យក​ថ្ម ឬ​រ៉ែ​អស់ ជា​ទូទៅ​កន្លែង​នោះ​បន្សល់​ទុក​នូវ​រណ្ដៅ​ជ្រៅៗ ដែល​មិន​មាន​ចរន្ត​ហូរ​ចេញ​ចូល ហើយ​ទឹក​ដក់​ក្នុង​រណ្ដៅ​ទាំង​នោះ គឺ​ពោរពេញ​ទៅ​ដោយ​សារធាតុ​គីមី​ជា​ច្រើន រួម​ទាំង​សារធាតុ តេអ៊ិនតេ ផង​ដែរ។

    គ្រោះ​ថ្នាក់​សុខភាព​ក្រោយ​ប៉ះពាល់​សារធាតុ តេអ៊ិនតេ (TNT)

    យោង​តាម​ការ​ស្រាវជ្រាវ​របស់ Agency for toxic substances and disease registry នៃសហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ការ​ប៉ះពាល់​ជាមួយ​សារធាតុ តេអ៊ិនតេ ក្នុង​រយៈ​ពេល​យូរ ពិសេស​ចំពោះ​បុគ្គល​ដែល​បំពេញ​ការងារ​ជាមួយ​សារធាតុ​នេះ ប្រឈម​នឹង​បញ្ហាសុខភាព​ច្រើន​ដូច​ជា មុខ​ងារ​ថ្លើម​ដំណើរ​ការ​មិន​ប្រក្រតី និង​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង។ ក្នុង​ករណី​ស្បែក​យើង​ប៉ះពាល់​ជាមួយ​សារធាតុ (TNT) ក្នុង​រយៈ​ពេល​វែង វា​អាច​បណ្ដាល​ឲ្យ​យើង​រមាស់​ស្បែក ឬ​កើត​ជា​អាលែកហ្ស៊ី​ស្បែក​ជាដើម និង​អាច​ធ្វើ​ឲ្យ​ភ្នែក​ឡើង​បាយ​ទៀត​ផង។

    បន្ថែម​ពី​លើ​នេះ ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ តេអ៊ិនតេ លើ​សត្វ (ពិសេស សត្វ​កណ្ដុរ) បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ប៉ះពាល់​ដោយ​ការ​ញ៉ាំ ឬ​ស្រូប​ខ្យល់​មាន​ផ្ទុក​សារធាតុ​នេះ ក្នុង​រយៈ​ពេល១៥-៣៦៤​ថ្ងៃ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ លំពែង​រីក​ធំ និង​មាន​បញ្ហា​បន្ត​ពូជ​ធ្ងន់ធ្ងរ (ចំពោះ​កណ្ដុរ​ឈ្មោល)។ ម៉្យាង​វិញ​ទៀត ចំពោះ​សត្វ​កណ្ដុរ​ដែល​ស៊ី​សារធាតុ តេអ៊ិនតេ ក្នុង​រយៈ​ពេល​យូរ​គេ​សង្កេត​ឃើញ​ថា មាន​កើត​ដុំ​សាច់​មហារីក​ក្នុង​ប្លោក​នោម ដូច​នេះ​ទើប​អ្នក​ស្រាវជ្រាវ​ចាត់​ទុក​សារធាតុ​នេះ ជា​សារធាតុ​មួយ​អាច​បង្ក​ឲ្យ​មនុស្ស​យើង​កើត​មហារីក​បាន ប៉ុន្តែ​ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម។

    សារធាតុ តេអ៊ិនតេ (TNT)

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 12/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត