មិនថាយើង មិនថាគេនោះទេ ភាគច្រើនចូលចិត្តញ៉ាំបំផុតរបស់ជូរប្រៃៗ ដូចជាជ្រក់ របស់ត្រាំជាដើម ពេលខ្លះញ៉ាំលេង ឬផ្ទាប់ជាមួយអាហារផ្សេងទៀត ឆ្ងាញ់កប់មាត់។ ឆ្ងាញ់អ៊ីចឹង កុំចេះកាយញាត់ៗ របស់អស់ហ្នឹងឲ្យសោះ ប្រយ័ត្នកើតជំងឺមហារីកដោយមិនដឹងខ្លួន។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យកាល់ម៉ែត្រ បានលើកឡើងថា អាហារផ្អាប់ ពិសេសពពួកជ្រក់គ្រប់ប្រភេទ មានជាតិអំបិលច្រើន ដើម្បីរក្សាទុកបានយូរ អាចធ្វើឲ្យរាងកាយយើងឡើងជាតិប្រៃ បណ្តាលឲ្យកើតជំងឺលើសឈាម និងជំងឺផ្សេងទៀត។
មួយទៀតវិញគេតែងសម្គាល់នៅកំប៉ុង ឬក្រឡជ្រក់ផ្នែកខាងលើ តែងមានផ្សិតសៗ ដែល ផ្សិតនេះមានឈ្មោះថា Belta Alpha Toxin។ អ្វីដែលគួរបារម្ភខ្លាំងនោះ ផ្សិតប្រភេទនេះគ្រោះថ្នាក់បំផុតចំពោះសុខភាពយើង នៅពេលញ៉ាំទៅ បណ្តាលឲ្យពុលកោសិកាថ្លើម ឈានទៅកើតជំងឺថ្លើមខ្ពស់បំផុត។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីកលោកវេជ្ជបណ្ឌិតរូបនេះអះអាងបន្តថា តាមការសិក្សាបែបវិទ្យាសាស្រ្តបានប្រៀបធៀបកម្រិតគ្រោះថ្នាក់រវាងផ្សិត Belta Alpha Toxin ជាមួយមេរោគរលាកថ្លើមប្រភទេ B និង C ចូលគ្នា ឃើញថា ផ្សិតដែលមាននៅក្នុងពពួកជ្រក់នេះ សាហាវជាងមេរោគរលាកថ្លើមទាំង ២ ប្រភេទខាងលើដល់ទៅ ៣៣២ ដង ឯណោះ។
ជំងឺមហារីកបណ្តាលមកពីកត្តាច្រើនយ៉ាង ក្នុងនោះការនៅដោយផាសុកភាព គិតគូរពីសុវត្ថិភាពចំណីអាហារ អាចជៀសផុតពីជំងឺកាចសាហាវមួយនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕