backup og meta

"ស្ត្រេស" ​​ធ្វើ​​ឲ្យ​ខួរ​ក្បាល​រួម​តូច​ និងមាន​បញ្ហា​ធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Mar 28, 2019

    កម្រិត​អ័រម៉ូន​ស្ត្រេស​ (Cortisol) ឡើង​ខ្ពស់​អាច​បង្ក​​ឲ្យ​​ខួរ​ក្បាល​បាត់​បង់​មុខ​ងារ​ចង​ចាំ ថែម​ទាំង​ថយ​បរិមាណ​ខួរ​ក្បាល​​នៅ​មុន​អាយុ​ ៤០ ឆ្នាំ​ទៀត​ផង​។ 

    លោក​ស្រី​​សាស្រ្តាចារ្យ​ Sudha Seshadri និង​​សហ​ការី នៃ​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខភាព​ រដ្ឋ​តិច​សាស់​ សហរដ្ឋអាមេរិក​ បាន​តាម​ដាន​លើ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួមការ​ស្រាវ​ជ្រាវ​​ជាង​ ២​ពា​ន់​នាក់​ តាម​រយៈ​ការ​​​​ថត​ឆ្លុះ​ខួរ​ក្បាល​ដោយ​​ប្រើ​​ម៉ាញ៉េទិក​ និង​រលក​វិទ្យុ​​ (Brain Magnetic Resonance Imaging) ព្រម​ទាំង​​ពិ​និត្យ​​មើល​​សេរ៉ូម​​ឈាម​ផង​ដែរ​។ លទ្ធ​ផល​​បាន​បង្ហាញ​ថា អ្នកមាន​​កម្រិត​​​ Cortisol ​ឡើង​ខ្លាំង​​ ខួរ​ក្បាល​​ពុំ​អាច​​ដំណើរ​ការ​ល្អ​​​លើ​ការ​ចង​ចាំ ហើយ​មាន​បញ្ហា​ស្រវាំង​ភ្នែក​មើល​ពុំ​ច្បាស់​ បើ​ប្រៀប​ធៀប​​អ្នក​មាន​កម្រិត​​​ Cortisol ធម្មតា។

    ការ​តាម​ដាន​ជា​បន្ទាប់​​ទៀត ក៏​បង្ហាញ​ឲ្យ​ឃើញ​​ច្បាស់​ថា កម្រិត​ Cortisol ខ្លាំង​​បាន​បន្ថយ​ទំហំ​ខួរ​ក្បាល​ផង​ដែរ​។ ការ​បង្ហាញ​នេះ​ បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ពិនិត្យ​មើល​លើ​​ខួរ​ក្បាល​ផ្នែក​ប្រផេះ​ និង​កំពក​ខួរ ​ជា​កន្លែង​មុខ​ងារ​សំខាន់​​​ឲ្យ​​ភ្នែក​មើល​ឃើញ​។ បន្ថែម​ពី​នោះ អ្នក​ស្រាវជ្រាវ​​កត់​សម្គាល់​ឃើញ​​មានការ​ប្រែ​ប្រួល​​លើ​ខួរ​ក្បាល​ផ្នែក​ពណ៌​ស ​ដែល​ពាក់​ព័ន្ធ​នឹង​​​អ័រ​ម៉ូន​ Cortisol នៅ​ក្នុង​ឈាម​។

    ស្រ្តែស​​ធ្វើ​​ឲ្យ​ខួរ​ក្បាល​រួម​តូច

    អត្ថបទ​ពាក់ព័ន្ធ៖

    “​ខួរ​ក្បាល​ផ្នែក​ពណ៌​ស​ ជា​កន្លែង​សំខាន់​​ទាក់​ទង​នឹង​​​ល្បឿន​នៃ​ការ​យល់​ដឹង ដូច​នេះ​ការ​ឡើង​​​​កម្រិតអ័រម៉ូន​​ Cortisol ដែល​យើង​បាន​សិក្សា​​ គឺ​បង្ហាញទំនាក់ទំនង ​ថយ​ចុះ​នៃ​​មុខ​ងារ​យល់​ដឹង​របស់ខួរ​ក្បាល​’។ នេះ​បើ​តាមការអះអាង​ពី​​ក្រុម​អ្នក​ស្រាវ​ជ្រាវ។

    ​តាម​ការ​ពន្យល់​ពី​មជ្ឈមណ្ឌល​​សុខភាព Mayo Clinic សហរដ្ឋអាមេរិក ​ឲ្យ​ដឹង​ថា សារធាតុ​​ Cortisol ត្រូវ​ផលិត​ឡើង​​ នៅ​ក្នុង​ក្រពេញ​​ក្បែរ​តម្រង​នោម។ ហើយ​សារធាតុ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ឆ្លើយ​តប​ ទៅ​​​​​ពេលអាការៈ​ស្រ្តេស​កើត​ឡើង។ សារធាតុ​នេះ​ ​​បង្កើន​​ជាតិ​ស្ករ​(គ្លុយកូស​)​ នៅ​ក្នុង​សរសៃ​ឈាម​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ត្រូវ​​ការ​ប្រើ​សារធាតុ​ស្ករ​នោះ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា។

    កម្រិត​ស្ត្រេស ​រយៈ​ពេល​វែង​ អាច​បង្ក​ឲ្យ​សុខភាព​​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ អាច​បង្ក​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជ​មាន​ដល់​ប្រព័ន្ធ​បេះ​ដូង​ ដង្ហើម​ ថ្លើម​ ប្រព័ន្ធ​រំលាយ​អាហារ​ និង​ប្រព័ន្ធ​ខួរ​ក្បាល​ទៀត​ផង​។

    “ពួក​យើង​​រក​ឃើញ​ថា ទោះ​បី​​​មនុស្ស​វ័យ​កណ្តាល​ក្នុង​វ័យ​ប្រហែល​ ៤៨​ឆ្នាំ​ ឡើង​​អ័រម៉ូន​ស្ត្រេស​ Cortisol ដល់​​កម្រិត​ ៣០​%​  អាច​បង្ក​​ឲ្យ​​ទំហំ​ខួរ​ក្បាល​កាន់​តែ​តូច​ ធ្វើ​ឲ្យ​ដំណើរ​ការ​កាន់​តែ​ខ្សោយ​ ដូច​ជា​ ការ​ចង​ចាំ ឬ​ការ​គិត​ជា​ដើម​’។ នេះ​បើ​តាម​​សម្តី​លោក​​ស្រី​សាស្រ្តាចារ្យ​ Sudha Seshadri ។

    លោក​ស្រី​បន្ត​ថា “វា​​មិន​មែន​​ប្រែ​ទំហំ​​​​ធំ​ខ្លាំង​​ដែល​​គ្រប់​គ្នា​អាច​មើល​ឃើញ​​នោះ​ទេ​ តែ​យើង​មើល​ឃើញ​​ភាព​​ខុស​ប្លែក​​ដែល​ទាក់​ទង​នឹង​ហានិភ័យ​​ខ្ពស់​ជាង​មុន​ ហើយ​លទ្ធផល​​​​​នេះ​គឺ​ជា​ការ​​​ប្រាប់​​ដំណឹង​​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន។ យ៉ាង​ណា​មិញ​ ការ​ប្រែ​ប្រួល​នេះ​ច្រើន​ឃើញ​លើ​មនុស្ស​​វ័យ​៤០​ឆ្នាំ​​’។

    ដោយ​ឡែក លោក Victor Fornari វេជ្ជបណ្ឌិត​​​ផ្នែក​វិកលចរិត​​នៃ​ស្ថាប័ន​សុខភាព​ Northwell Health ក្រុង​ញូវយ៉ក​ ​បាន​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​ខាង​លើ​ ឲ្យ​ដឹង​ថា​ “ខួរ​ក្បាល​គឺ​​សរីរាង្គ​មួយ​ងាយ​រង​​ការ​ខូច​ខាត​ ហើយពេល​ដែល​កម្រិត​អ័រម៉ូន​ស្ត្រេស​ Cortisol ​​ឡើង​ខ្ពស់​អាច​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​ខួរ​​ក្បាល​’។

    ស្ត្រេស​ និង​​ភាព​រវើ​រវាយ​ មាន​ទំនាក់​ទំនង​​គ្នា​ នេះ​បើ​តាម​​​មូលនិធិ​​ Alzheimer ​ដែល​ជា​ស្ថាប័ន​​ស្រាវជ្រាវវិធី​ព្យាបាល​​ជំងឺ​រវើ​រវាយ​ របស់​ចក្រភព​អង់គ្លេស។ ស្ថាប័ន​ដដែល​នេះ​​​បង្ហាញ​ថា ស្ត្រេស ​អាច​បង្ក​​ឥទ្ធិពល​​ដល់​​ប្រព័ន្ធ​ស៊ាំ​រាង​កាយ​​ ឈាន​ដល់​ដំណាក់​កាល​​កើត​ជំងឺ​រវើ​រវាយ​។​ លើស​ពី​នេះ​ទៀត វា​​មាន​ទំនាក់​ទំនង​ខ្លាំង​​ទៅ​នឹង​ដំណើរ​បាក់​ទឹក​ចិត្ត និងអារម្មណ៍​រសាប់​រសល់​ បង្ក​ហានិភ័យ​​ជំងឺ​រវើ​រវាយ​កាន់​តែ​​ធ្ងន់​ធ្ងរ។

    ​ពាក់​ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ​ខាង​លើ​នេះ សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​ដឹក​នាំ​ការ​ស្រាវជ្រាវ​ បាន​ស្នើ​ឲ្យ​​មាន​ការ​សិក្សា​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​​កាន់​តែ​ច្បាស់​ជាង​មុន​។ យ៉ាង​ណា​មិញ ការ​កាត់​បន្ថយ​​​កុំ​ឲ្យ​ស្ត្រេសខ្លាំង ក្រុម​វេជ្ជបណ្ឌិត​ខាង​លើ​ ​បាន​ណែនាំ​ស្រដៀង​គ្នា ពោល​គឺ​​​ឲ្យ​​​ឧស្សាហ៍​ធ្វើ​សកម្មភាព​សម្រាប់​រាង​កាយ (​កីឡា ​) គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ធ្វើ​សមាធិ យ៉ូ​ហ្គា ​និង​​​​កម្សាន្ត​​​​ដូច​ស្តាប់​តន្រ្តី រាំ សរសេរ​ ឬ​គូរ​រូប​​ជា​ដើម ដើម្បី​ឲ្យ​អារម្មណ៍​បាន​ប្រសើរ៕ ​​​​​​​​​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Mar 28, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម