ទុយោជ័រសម្រាប់បឺតកាហ្វេផឹក ជាផ្នែកមួយ នៃការបង្កឲ្យមានសំណល់ប្លាស្ទិក ។ ក្នុងមួយថ្ងៃៗ ទុយោជ័ររាប់លាន ត្រូវប្រើប្រាស់ និងបោះចោល ក្លាយជាសំណល់ ដែលជាកង្វល់មួយរបស់ពិភពលោក។
ក្នុងគោលបំណងចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក លោកស្រី Sarah Tiu អ្នកគ្រប់គ្រងហាងកាហ្វេ Café Editha នៅខេត្ត Surigao Del Norte របស់ហ្វីលីពីន ព្យាយាមឈប់ប្រើទុយោជ័រ។ ដំបូងឡើយ លោកស្រី ប្រើទុយោពីក្រដាស នៅហាងកាហ្វេ ប៉ុន្ដែអតិថិជន មិនចូលចិត្តនោះទេ ដូច្នេះ លោកស្រី គិតរកទុយោប្រភេទផ្សេងទៀត។
គំនិតបង្កើតទុយោប្រភេទថ្មី កើតឡើងក្រោយលោកស្រី ទៅកម្សាន្តនៅកោះ Corregidor និងឃើញម្ចាស់ហាងមួយ ប្រើទុយោស្លឹកដូង សម្រាប់ឲ្យភ្ញៀវបឺតទឹកដូងផឹក។ បន្ទាប់មក លោកស្រី បានឲ្យម្ចាស់ហាង បង្រៀនវិធីធ្វើទុយោស្លឹកដូង ដើម្បីយកមកប្រើនៅហាងកាហ្វេរបស់លោកស្រី។
ពេលយកមកប្រើក្នុងហាង ទុយោស្លឹកដូង ទទួលបានការចូលចិត្តពីភ្ញៀវ និងមានការចែករំលែកតាមរយៈបណ្ដាញសង្គមផងដែរ។ ទុយោស្លឹកដូងនេះ មានសុវត្ថិភាព និងងាយរលាយ ក្រោយលែងប្រើប្រាស់ មិនដូចទុយោជ័រនោះទេ ដែលត្រូវចំណាយពេលរាប់សិបឆ្នាំ និងធ្វើឡើងពីសារធាតុគីមី។