នាសម័យបច្ចេកវិទ្យាជឿនលឿន បណ្ដាញទំនាក់ទំនងសង្គម ក៏កាន់តែសម្បូរបែបដែរ ដូចជា Facebook និង Instagram ហើយការប្រើប្រាស់វិញ គឺម្នាក់ៗ រាប់ម៉ោង/ថ្ងៃ។ តែការសិក្សារបស់អាមេរិក រកឃើញថា ការកាត់បន្ថយពេលវេលាលើបណ្ដាញទំនាក់ទំនងសង្គម ជួយឲ្យមានបញ្ហាបាក់ទឹកចិត្ត ឬឯកា កាន់តែតិចដែរ។
ការសិក្សានេះ ធ្វើឡើងដោយសាកលវិទ្យាល័យ Pennsylvania របស់អាមេរិក លើនិស្សិត ១៤៣នាក់ រយៈពេល ៣សប្ដាហ៍។ និស្សិតទាំងនេះ បែងចែកជា ២ក្រុម ដោយក្រុមទី១ បន្ដប្រើប្រាស់បណ្ដាញសង្គមដូចមុនដដែល ចំណែកក្រុមទី២ កម្រិតឲ្យប្រើប្រាស់បណ្ដាញសង្គម ត្រឹមតែ ១០នាទីប៉ុណ្ណោះ/ថ្ងៃ។
លទ្ធផល រកឃើញថា និស្សិតក្នុងក្រុមទី២ ដែលកម្រិតឲ្យប្រើប្រាស់បណ្ដាញសង្គម មានការធ្លាក់ចុះរោគសញ្ញាបញ្ហាបាក់ទឹកចិត្ត។ និស្សិតម្នាក់ បញ្ជាក់ក្នុងការសិក្សាថា “ការមិនប្រៀបធៀបជីវិតរបស់ខ្ញុំ ទៅជីវិតរបស់អ្នកផ្សេង មានផលប៉ះពាល់យ៉ាងខ្លាំងជាងខ្ញុំរំពឹងទុកទៅទៀត។ ខ្ញុំមានអារម្មណ៍វិជ្ជមានជាងមុន អំឡុងការសិក្សា“។
ពីមុន ក៏ធ្លាប់មានការសិក្សាជាច្រើន រកឃើញទំនាក់ទំនងគ្នារវាង បណ្ដាញសង្គម និងសុខភាពផ្លូវចិត្ត ប៉ុន្ដែការសិក្សារបស់អាមេរិកមួយនេះ បានអះអាងមុនគេពីទំនាក់ទំនងយ៉ាងច្បាស់ រវាងការកាត់បន្ថយការប្រើប្រាស់បណ្ដាញសង្គម និងការធ្វើឲ្យប្រសើរឡើង នៃបញ្ហាបាក់ទឹកចិត្ត និងឯកា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕