ជំងឺគ្រុនឈាម នៅឆ្នាំនេះ បានផ្ទុះឡើងយ៉ាងខ្លាំង នៅតំបន់អាស៊ី ហើយបានឆក់យកអាយុជីវិត មនុស្សជាច្រើនផងដែរ។ ចំណែកនៅបង់ក្លាដេស ជំងឺគ្រុនឈាម បានផ្ទុះឡើងខ្លាំងនៅខែកក្កដា ឆ្នាំ២០១៩នេះ។
ត្រឹមតែរយៈពេល ២៤ម៉ោង មនុស្សជាង ១.០០០នាក់ បានឆ្លងជំងឺគ្រុនឈាម ដោយភាគច្រើនជាកុមារ។ នេះបើតាមការបញ្ជាក់របស់លោក Ayesha Akhter មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង់ក្លាដេស កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
ចាប់តាំងពីខែមករា ឆ្នាំ២០១៩ មក មានមនុស្ស ប្រមាណ ១៣.៦០០នាក់ ឆ្លងជំងឺគ្រុនឈាម ដោយ ៨នាក់ បានស្លាប់ ហើយនៅខែកក្កដានេះ មានករណីជំងឺគ្រុនឈាម រហូតដល់ ៨.៣៤៨ករណី។ ជំងឺនេះ ចាប់ផ្ដើមផ្ទុះឡើង ១៨៤ករណី នៅខែឧសភា និងកើនឡើងដល់ ១.៨២០ករណី នៅខែមិថុនា។
មន្រ្តីសុខាភិបាលបង់ក្លាដេស បញ្ជាក់ថា ជំងឺគ្រុនឈាម បានកើតមានក្នុងស្រុកជាង ៥០ ទូទាំងប្រទេស ដោយរដ្ឋធានី Dhaka ដែលមានមនុស្សរស់នៅជាង ២០លាននាក់នោះ រងគ្រោះខ្លាំងជាងគេ ដោយមន្ទីរពេទ្យខ្លះ កំពុងប្រឈមការខ្វះកន្លែងសម្រាក សម្រាប់អ្នកជំងឺ។
អត្ថបទពាក់ព័ន្ធ៖ ស្លាប់ជិត ៥០០នាក់ ដោយជំងឺគ្រុនឈាម ហ្វីលីពីនប្រកាសអាសន្ន
លោក Ayesha Akhter បញ្ជាក់ថា ក្រសួងកំពុងធ្វើយ៉ាងណា ធានាថា រាល់មន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ មានឱសថ និងសម្ភារៈគ្រប់គ្រាន់ សម្រាប់ដោះស្រាយបញ្ហាជំងឺគ្រុនឈាម។ ជាមួយគ្នានេះ ក្រសួងបានបើកផ្នែកពិសេសមួយ នៅមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រក្រុង Dhaka សម្រាប់អ្នកជំងឺគ្រុនឈាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]