កញ្ជ្រឹល កើន៣ដង ហ្វីលីពីន និងថៃ ស្ថិតក្នុងប្រទេសផ្ទុះជំងឺខ្លាំងជាងគេ

    កញ្ជ្រឹល កើន៣ដង ហ្វីលីពីន និងថៃ ស្ថិតក្នុងប្រទេសផ្ទុះជំងឺខ្លាំងជាងគេ

    ដើម​ឆ្នាំ២០១៩ ជំងឺ​កញ្ជ្រឹល កើនឡើង ៣ដង នៅទូទាំង​ពិភពលោក ដោយ​ប្រទេស​អាស៊ាន ចំនួន ២ គឺ ថៃ និង​ហ្វីលីពីន ស្ថិតនៅ​ក្នុង​ប្រទេស​ផ្ទុះជំងឺ​នេះ​ច្រើនជាងគេ។

    អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់​ថា រយៈពេល ៧ខែ ​ដើម​ឆ្នាំ​នេះ មានជំងឺ​កញ្ជ្រឹល ៣៦៤.៨០៨ ​ករណី នៅទូទាំង​ពិភពលោក ខណៈ​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ ២០១៨ ជំងឺ​កញ្ជ្រឹល មាន​ត្រឹមតែ ១២៩.២៣៩ ​ករណី។ លោកស្រី Christian Lindmeier អ្នកនាំពាក្យ WHO បញ្ជាក់​ថា តួលេខ​នេះ គឺខ្ពស់បំផុត ចាប់តាំង​ឆ្នាំ ២០០៦។

    អង្គការ WHO បញ្ជាក់​ថា តំបន់​អាហ្វ្រិក កើនឡើង​ករណី​ជំងឺកញ្ជ្រឹល​ច្រើនជាងគេ គឺ​រហូត​ដល់ ៩០០% ខណៈ​តំបន់​ប៉ាស៊ីហ្វិក​ខាងកើត កើនឡើង ២៣០%។ ចំណែក​ប្រទេស​មាន​ករណី​ជំងឺ​កញ្ជ្រឹល​ខ្ពស់ជាងគេ មាន​កុងហ្គោ ម៉ាដាហ្កាស្កា អ៊ុយក្រែន អង់ហ្គោឡា ឆាដ កាហ្សាក់ស្ថាន នីហ្សេរីយ៉ា ហ្វីលីពីន ស៊ូដង់ ស៊ូដង់ខាងត្បូង និង​ថៃ។

    អត្ថបទពាក់ព័ន្ធ៖ ​រាត​ត្បាត​ជំងឺ​កញ្ជ្រឹល នៅ​អាហ្រ្វិក សម្លាប់​មនុស្ស​ជាង ៩០០​នាក់

    អង្គការ​ដដែលនេះ គូសបញ្ជាក់​ថា មូលហេតុ​នៃ​ការផ្ទុះ​ជំងឺកញ្ជ្រឹល ដោយសារ​ប្រជាជន ពុំ​បាន​ចាក់​វ៉ាក់សាំង​ការពារ នៅតាម​សហគមន៍ និង​ប្រទេស​នានា រួមជាមួយ​កង្វះ​ការ​ទទួល​បាន​ការថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព ការ​ទទួល​ព័ត៌មាន​មិនបាន​ត្រឹមត្រូវ​អំពី​វ៉ាក់សាំង និង​កង្វះ​ការយល់​ដឹង​អំពី​ភាពចាំបាច់​នៃ​ការ​ចាក់វ៉ាក់សាំង។ WHO សង្កត់​ធ្ងន់​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់។

    ជំងឺ​កញ្ជ្រឹល ជាជំងឺ​ងាយឆ្លង ប៉ុន្តែ​អាច​បង្ការ​បាន តាមរយៈ​ការ​ចាក់វ៉ាក់សាំង ២ដូស្ត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 14/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត