រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅចុងសប្ដាហ៍មុន បានឯកភាពឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ប្រភេទទី ២ (Type 2 Diabetes) ១មុខថ្មីទៀត គឺ Rybelsus។ Rybelsus ជាថ្នាំលេប ខណៈថ្នាំនេះពីមុនមក សុទ្ធតែជាថ្នាំចាក់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅចុងសប្ដាហ៍មុន បានឯកភាពឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ប្រភេទទី ២ (Type 2 Diabetes) ១មុខថ្មីទៀត គឺ Rybelsus។ Rybelsus ជាថ្នាំលេប ខណៈថ្នាំនេះពីមុនមក សុទ្ធតែជាថ្នាំចាក់។
Rybelsus ស្ថិតនៅក្នុងក្រុមថ្នាំ Glucagon-like peptide (GLP-1)។ ថ្នាំនេះមានសកម្មភាពបន្ថយល្បឿនការរំលាយអាហារ និងការពារកុំឲ្យថ្លើមផលិតជាតិស្ករច្រើនពេក ដែលជាហេតុជួយឲ្យលំពែងផលិតអាំងស៊ុយលីនកាន់តែច្រើន។
មុនទទួលបានការឯកភាពពី FDA ថ្នាំនេះ ត្រូវបានពិសោធន៍ រយៈពេល ២៦សប្ដាហ៍។ អ្នកជំងឺ ៧៧% ដែលបានលេបថ្នាំ Rybelsus ក្នុងកម្រិត១៤មិល្លីក្រាមរាល់ថ្ងៃ បានធ្លាក់ចុះកម្រិតអេម៉ូគ្លូបីន A1C (HbA1C) ទាបជាង ៧%។
ប៉ុន្ដែថ្នាំនេះ ក៏មានផលប៉ះពាល់ខ្លាំងផងដែរ ដោយវាបណ្ដាលឲ្យដុំសាច់ក្រពេញទីរ៉ូអ៊ីត វិវត្តកាន់តែខ្លាំង។ ដូច្នេះអ្នកជំងឺមហារីកក្រពេញទីរ៉ូអ៊ីតឬមានបញ្ហាទាក់ទងនឹងក្រពេញនេះ ត្រូវចៀសវាងលេបថ្នាំ Rybelsus។ ចំណែកអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី ១ និងអ្នកជំងឺទឹកនោមផ្អែមដែលកើនឡើងជាតិសេតូននៅក្នុងឈាម (Diabetic ketoacidosis) មិនអាចលេបថ្នាំនេះបានទេ ព្រោះអាចធ្វើឲ្យរលាកលំពែង បាត់បង់ការមើលឃើញ ជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង និងរបួសតម្រងនោម។ រីឯផលរំខានញឹកញាប់របស់ថ្នាំ ដែលអាចកើតឡើងញឹកញាប់ រួមមាន ចង្អោរ ក្អួត រាក បាត់ចំណង់អាហារ មិនរំលាយអាហារ និងទល់លាមក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕