តាមទិន្នន័យពីរដ្ឋាភិបាលចិន ករណីស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីនេះកើនឡើងដល់៩ករណីហើយ និង៤៤០ករណីកំពុងតែផ្ទុកជំងឺផ្លូវដង្ហើមថ្មីនេះ។ មន្ត្រីគណៈកម្មការសុខភាពជាតិប្រទេសចិនបានទទួលស្គាល់ថា នៅក្នុងពេលនេះ ប្រទេសចិនកំពុងស្ថិតនៅក្នុង ដំណាក់កាលដ៏តឹងតែងបំផុត ដើម្បីគ្រប់គ្រងនិងការពារប្រជាជនពីជំងឺផ្លូវដង្ហើមថ្មីនេះ។
ដូចដែលបានរាយការណ៍ កាលពីថ្ងៃអង្គារម្សិលមិញនេះ អាជ្ញាធរបានបញ្ជាក់ហើយថាជំងឺផ្លូវដង្ហើមថ្មីនេះគឺអាចឆ្លងពីមនុស្សទៅមនុស្សនៅកន្លែងដែលផ្ទុះជំងឺ ប៉ុន្តែរដ្ឋាភិបាលចិន នៅតែមិនអាចបញ្ជាក់ច្បាស់ពីប្រភពរបស់វីរុសនោះនៅឡើយទេ។
នៅថ្ងៃពុធនេះ លោកអនុរដ្ឋមន្ត្រីគណៈកម្មការសុខភាពជាតិប្រទេសចិន លី ពីន បានលើកឡើងក្នុងសន្និសីទកាសែតថា ទោះបីជាសកម្មភាពនៃការឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ នៅមិនទាន់យល់ច្បាស់ជាក់លាក់ក៏ពិតមែន ប៉ុន្តែវីរុសបង្កជំងឺផ្លូវដង្ហើមថ្មីនេះអាចទៅរួចក្នុងការបម្លែងប្រែប្រួលរូបរាង (Mutate) និងរាលដាលកាន់តែខ្លាំងឡើងបាន។