បើតាមការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះថា ទោះយើងរកឃើញជំងឺនេះមែន តែមិនតម្រូវឲ្យមនុស្សទូទាំងប្រទេសប្រើម៉ាស់នោះទេ។ លោកជំទាវថា តាមការណែនាំរបស់អង្គការសុខភាពពិភពលោក រឿងចាំបាច់បំផុតដើម្បីបង្ការខ្លួនពីវីរ៉ុសកូរ៉ូណា យើងត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ និងទឹកស្អាត ជាពិសេសនៅពេលប៉ះពាល់ជាមួយអ្នកជំងឺ សត្វ ឬវត្ថុអ្វីមួយ ដែលយើងមិនដឹងពីប្រវត្តិច្បាស់លាស់។
លោកជំទាវបានបន្ថែមថា ការប្រើម៉ាស់ អនុវត្តសម្រាប់តែករណីមានអ្នកជំងឺក្អក ឬកណ្តាស់
ហើយយើងត្រូវនៅឲ្យឆ្ងាយពីអ្នកក្អក កណ្តាស់ ឲ្យលើសពី១ម៉ែត្រឡើងលើ ទើបអាចរួចផុតពីការចម្លងបាន។ ការពាក់ម៉ាស់ គឺដើម្បីការពារតំណក់ទឹកមាត់តូចៗចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ ទៅប៉ះមនុស្សដែលនៅជុំវិញខ្លួន។