ដំណឹងល្អ! អ្នកវិទ្យាសាស្ត្រអូស្ត្រាលី ជោគជ័យលើការបណ្តុះគំរូវីរុសកូរ៉ូណាថ្មី ហើយត្រូវគេជឿថា អាចជួយដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលមេរោគផ្លូវដង្ហើមមួយនេះបាន និងបង្កើតវ៉ាក់សាំងការពារបានឆាប់ៗខាងមុខ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ដំណឹងល្អ! អ្នកវិទ្យាសាស្ត្រអូស្ត្រាលី ជោគជ័យលើការបណ្តុះគំរូវីរុសកូរ៉ូណាថ្មី ហើយត្រូវគេជឿថា អាចជួយដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលមេរោគផ្លូវដង្ហើមមួយនេះបាន និងបង្កើតវ៉ាក់សាំងការពារបានឆាប់ៗខាងមុខ។
វិទ្យាស្ថានស្រាវជ្រាវមេរោគឆ្លង និងប្រព័ន្ធភាពស៊ាំ Peter Doherty ប្រទេសអូស្ត្រាលី មានមូលដ្ឋានក្នុងទីក្រុងមែលប៊ន នៅថ្ងៃពុធនេះ បានទទួលជោគជ័យទាំងស្រុងលើកិច្ចប្រឹងប្រែងបណ្តុះគំរូវីរុសកូរ៉ូណាថ្មីក្នុងមន្ទីរពិសោធន៍របស់ខ្លួន ដោយថែមទាំងអះអាង និងចែករំលែកវីរុសគំរូ ដែលធំលូតលាស់ក្នុងរាងកាយមនុស្ស ទៅកាន់អង្គការសុខភាពពិភពលោក ក៏ដូចជា មន្ទីរពិសោធន៍អន្តរជាតិផ្សេងទៀត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃរីរុសកូរ៉ូណាថ្មីជុំវិញពិភពលោក។
បណ្តាញព័ត៌មាន Australian Broadcasting Corp បានរាយការណ៍ថា មន្ទីរពិសោធន៍មួយក្នុងប្រទេសចិន ក៏ជោគជ័យលើការបណ្តុះវីរុសកូរ៉ូណាថ្មីនេះដូចគ្នា ប៉ុន្តែពួកគេបានចែករំលែកព័ត៌មានទៅកាន់ពិភពលោកពាក់ព័ន្ធជាមួយហ្សែនរបស់វីរុសតែប៉ុណ្ណោះ ដោយមិនបានបង្ហាញវីរុសគំរូជាក់លាក់នោះឡើយ។
ក្នុងសេចក្តីថ្លែងការណ៍របស់វេជ្ជបណ្ឌិត Julian Druce ប្រធានមន្ទីរពិសោធន៍នៃវិទ្យាស្ថាន Peter Doherty បញ្ជាក់ថា ការទទួលបានវីរុសគំរូពិតប្រាកដ មានន័យថាយើងមានសមត្ថភាពវាយតម្លៃ ពិនិត្យទៅលើគ្រប់វិធីសាស្ត្រធ្វើតេស្តវីរុសទាំងអស់ ដើម្បីប្រៀបធៀបទៅបម្រែបម្រួលជាក់លាក់របស់វីរុសកូរ៉ូណាថ្មីនេះ។
អត្ថបទពាក់ព័ន្ធ៖
“វីរុសដែលយើងបណ្តុះបាន នឹងត្រូវប្រើជាធនធានពិសោធសម្រាប់គ្រប់មន្ទីរពិសោធន៍សុខភាពសាធារណៈទាំងអស់ទូទាំងប្រទេស ហើយក៏បញ្ជូនទៅកាន់មន្ទីរពិសោធន៍ផ្សេងទៀត ដែលធ្វើការជិតស្និទ្ធជាមួយ WHO។” នេះជាការបន្ថែមរបស់លោក Julian Druce។
មកទល់នឹងពេលនេះ វីរុសកូរ៉ូណាថ្មីដែលផ្ទុះចេញពីទីក្រុង វូហាន ប្រទេសចិន កាលពីចុងឆ្នាំ២០១៩ បានសម្លាប់មនុស្សជាង ១៣០នាក់ និងជាង ៦០០០នាក់កំពុងឆ្លងជំងឺ ដោយឆ្លងតាមរយៈការក្អក និងកណ្តាស់ចេញពីអ្នកផ្ទុកវីរុសទៅមនុស្សផ្សេងទៀត។
វិទ្យាស្ថាន Doherty អះអាងថា វីរុសដែលបណ្តុះបាន នឹងជួយដល់ការធ្វើតេស្តស្វែងរកវីរុសក្នុងខ្លួនមនុស្ស កាន់តែងាយស្រួល និងច្បាស់លាស់ បើទោះជាអ្នកជំងឺមិនទាន់លេចចេញរោគសញ្ញាក្តី ហើយក៏ជាការត្រួសត្រាយផ្លូវ ឈានដល់បានរកឃើញវ៉ាក់សាំង ការពារវីរុសផ្លូវដង្ហើមនេះទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ