៣. គ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងម្ដងម្កាលទំនងជាមិនប៉ះពាល់ដល់ការបង្កកំណើតរបស់ប្រុសៗនោះទេ ប៉ុន្តែការផឹកគ្រឿងស្រវឹងច្រើនអាចកាត់បន្ថយគុណភាពមេជីវិត។ ការណ៍នេះធ្វើឲ្យការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនធាក់ចុះ នាំឲ្យលិង្គពិបាកឡើងរឹង។ មួយវិញទៀត គ្រឿងស្រវឹងអាចធ្វើឲ្យខូចថ្លើម នាំឲ្យប៉ះពាល់សុខភាពទូទៅរបស់ប្រុសៗ និងសុខភាពបន្តពូជ។ ការផឹកគ្រឿងស្រវឹងមិនទាន់មានការបញ្ជាក់ថាកម្រិតណាធ្ងន់ធ្ងរប៉ះពាល់ដល់ការបង្កកំណើតនោះទេ តែប្រុសៗគួរផឹកក្នុងកម្រិតសមល្មមដើម្បីសុខភាពល្អ។ ជាការណែនាំ បើប្រុសៗយើងកំពុងព្យាយាមយកកូន គួរឈប់ផឹកគ្រឿងស្រវឹងយ៉ាងតិចបីខែមុនពេលចាប់ផ្ដើមយកកូន។
៤. អាយុ
ខុសពីស្រ្តី ប្រុសៗមានមេជីវិតពេញមួយជីវិតតែម្ដង។ ប៉ុន្តែពេលយើងវ័យកាន់តែចាស់ គុណភាពមេជីវិតក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ ទោះបីជានៅអាចបង្កកំណើតបានក៏ដោយ។ បុរសមានវ័យចាប់ពី៤៥ឆ្នាំ ឬលើសពីនេះ នឹងត្រូវការពេលច្រើនដើម្បីធ្វើឲ្យដៃគូមានផ្ទៃពោះ ហើយក៏ប្រឈមនឹងកូនងាយរលូតផងដែរ។
ទោះបីជារឿងកម្រ តែកូនកើតពីឪពុកវ័យចំណាស់អាចជួបបញ្ហាការលូតលាស់ ឬមានជំងឺអូទីស្សឹមខ្ពស់ដែរ។ ដូចគ្នាដែរ កូនកើតមកក៏អាចមានហានិភ័យខ្ពស់ក្នុងការមានបញ្ហាក្រូម៉ូសូម ឬហ្សែន។ អ្វីទាំងនេះ ជាបញ្ហាដែលយើងមិនអាចគ្រប់គ្រងបាន ដូចនេះ បើចង់ក្លាយជាប៉ាៗគេ គួរតែយកកូនក្នុងវ័យក្មេងជាងនេះ។