ក្រុមអ្នកវិទ្យាសាស្ត្រ នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Nanchang បានពិនិត្យលើការសិក្សាចំនួន ២៥ លើប្រុសៗ ១៥៤.០០០នាក់។ លទ្ធផល រកឃើញថា អ្នកមានបញ្ហាលិង្គមិនឡើងរឹង ប្រឈមកើតជំងឺបេះដូងរហូតដល់ ៥៩% បើធៀបនឹងអ្នកគ្មានបញ្ហានេះ។ ក្រៅពីជំងឺបេះដូង អ្នកមានបញ្ហានេះ ប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល រហូតដល់ ៣៤% និងឆាប់ស្លាប់ រហូតដល់ ៣៣%។
អ្នកវិទ្យាសាស្ត្រ ថា បញ្ហាលិង្គមិនឡើងរឹង បណ្ដាលមកពីបញ្ហាលំហូរឈាមខ្សោយ នៅក្នុងរាងកាយ។ បញ្ហាលំហូរឈាមខ្សោយនេះ បណ្ដាលមកពីការកកើតកំណ នៅក្នុងសរសៃឈាម។ ជាមួយគ្នានេះ ដោយសារសរសៃឈាមលិង្គ មានទំហំតូចជាងសរសៃឈាមបេះដូង ដូច្នេះបញ្ហាលិង្គមិនឡើងរឹង អាចជាសញ្ញាដំបូង មុនសញ្ញានៃជំងឺបេះដូង លេចឡើង។