៤.២- តើការព្យាបាលជំងឺរលាកបំពង់កដូចម្ដេច?
ភាគច្រើននៃជំងឺរលាកបំពង់កនឹងជាទៅវិញដោយខ្លួនឯងក្នុងអំឡុងពេលមួយសប្ដាហ៍ ហើយថ្នាំផ្សះមិនអាចព្យាបាលជំងឺរលាកបំពង់កបណ្ដាលមកពីវីរុសបានឡើយ។
លើសពីនេះទៀត ក្នុងករណីរលាកបំពង់កដោយសារបាក់តេរី គឺអាចប្រើថ្នាំផ្សះបាន ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាពរបស់ថ្នាំនេះ ហើយថែមទាំងអាចបណ្ដាលឲ្យមានផលរំខានរបស់ថ្នាំផ្សះកើតឡើងថែមទៀតផង។
ដើម្បីធ្វើការសម្រេចចិត្ដថាអ្នកជំងឺចាំបាច់ត្រូវការប្រើថ្នាំផ្សះឬអត់ គ្រូពេទ្យនឹងពិនិត្យរកមើលសញ្ញាមួយចំនួនដូចខាងក្រោម៖
- ឈឺ ឬឡើងតឹងតាមក្រពេញនៅជុំវិញក
- មានខ្ទុះនៅក្នុងថុងស៊ីល
- អ្នកជំងឺមិនមានបញ្ហាក្អក
- មានក្ដៅខ្លួន
ដើម្បីព្យាបាលករណីនេះ គេប្រើវិធីងាយៗនៅផ្ទះមួយចំនួនដូចជា៖
- ផឹកទឹកឲ្យបានច្រើន ដើម្បីផ្ដល់ជាតិទឹកគ្រប់គ្រាន់ និងកុំឲ្យស្ងួតបំពង់ក ដែលអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។
- ផឹកថ្នាំបំបាត់ឈឺចាប់ ដូចជា paracetamol ឬ ibuprofen ដើម្បីគ្រប់គ្រងការឈឺចាប់ ឈឺក្បាល និងក្ដៅខ្លួន
- បៀមស្ករបំបាត់ឈឺក
៤.៣- តើជំងឺរលាកបំពង់កស្រួចស្រាលពិតជាមានគ្រោះថ្នាក់មែនឬយ៉ាងណា?
ជាទូទៅជំងឺរលាកបំពង់ក មិនបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ ហើយជំងឺនេះនឹងជាទៅវិញដោយមិនបន្សល់បញ្ហាអ្វីទាំងអស់។ ប៉ុន្តែក្នុងករណីកម្រខ្លះ ក៏អាចវិវត្ដ និងបណ្ដាលឲ្យមានផលវិបាក ដូចជាការចម្លងមេរោគរាលដាលពីក្នុងបំពង់ក ចេញទៅតំបន់ជិតៗ (ដូចជារលាកត្រចៀក រលាកស៊ីនុស ឬរលាកសួត)។ ប្រសិនបើរោគសញ្ញាមិនបាត់ទៅវិញ ឬមើលទៅមានសភាពធ្ងន់ធ្ងរ អ្នកជំងឺគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
៥- ការព្យាបាលតាមរយៈការប្ដូររបៀបនៃការរស់នៅ និងប្រើថ្នាំនៅផ្ទះ
តើការផ្លាស់ប្ដូររបៀបរស់នៅ ឬវិធីព្យាបាលនៅផ្ទះបែបណាខ្លះដែលអាចជួយការពារពីជំងឺរលាកបំពង់កបាន?
ដោយសារតែជំងឺមួយនេះងាយឆ្លងទៅអ្នកដទៃ ដូចនេះវិធីមួយចំនួនខាងក្រោមអាចជួយការពារអ្នកជំងឺចម្លងមេរោគទៅអ្នកផ្សេងបាន៖
- វិធីទីមួយ មិនត្រូវប្រើប្រាស់របស់របរ អាហារ ឬភេស្ជៈចូលគ្នាឡើយ
- វិធីទីពីរ មិនត្រូវប៉ះពាល់ជាមួយអ្នកកើតជំងឺនេះ
- វិធីទីបី និងជាវិធីសំខាន់ជាងគេ ត្រូវលាងដៃឲ្យស្អាត និងញឹកញាប់ ជាពិសេសបន្ទាប់ពី ក្អក កណ្ដាស់ ឬមុន និងក្រោយពេលញ៉ាំអាហារ។
អត្ថបទពាក់ព័ន្ធ៖