brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។

ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម

ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។

សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម

ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។

ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង ក្នុងករណី​យើង​បញ្ចេញ​សកម្មភាពផ្សេងៗ ឬ​មាន​ភាព​តាន​តឹង​។

ប្រសិន​បើ​​ការ​ឈឺក្បាល​របស់​អ្នក​កើតឡើង​ញឹកញាប់ ឬមិនមាន​មូល​ហេតុ សូម​ពិនិត្យ​សម្ពាធឈាម​របស់​អ្នក​។ ប៉ុន្តែ ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​អ្នក អ្នក​មិន​ចាំ​បាច់​ការ​ចាត់​វិធាន​ការ​តឹងរ៉ឹង​ឡើយ គ្រាន់​តែ​​អនុ​វត្តន៍​របៀប​របប​រស់​នៅ​ដែល​សម​ស្រប​មួយ​ចំនួន​ប៉ុណ្ណោះ​។

ហេតុអ្វី​ការ​ដឹង​ពី​សម្ពាធឈាម​របស់​អ្នក​មាន​​សារ​សំខាន់?

សម្ពាធឈាម​របស់​អ្នក មិនមែន​ជា​ស្ថិតិ​ដែល​អ្នក​ដឹង​ក្នុង​ពេល​ការ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​ឡើយ ប៉ុន្តែ​វា​ជា​បង្អួច​មួយក្នុង​ការដឹង​ថា តើ​បេះដូង​របស់​អ្នក​កំពុង​តែ​ធ្វើ​បាក​លំបាកកម្រិត​ណា ដើម្បី​ធ្វើ​ឱ្យ​អ្នក​នៅ​មាន​ជីវិត​។ ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ពេក នាំ​ឱ្យ​មាន​ការ​ស្ទះ​ត្រង់​សរសៃឈាម បេះដូង និង​សរីរាង្គ​របស់​អ្នក ហើយ​ជា​រឿយ​ៗ មិនមាន​សញ្ញា​ព្រមាន​អំពី​ការ​ឡើង​សម្ពាធ​ឈាមឡើយ​។

ការអានលេខពី​ការវាស់​សម្ពាធឈាម

លេខបង្ហាញពី​សម្ពាធឈាម ឬការអានសម្ពាធឈាម មាន​២​លេខ​ ដោយ​ទី​១ គេហៅ​ថា ស៊ីស្តូលិក (លេខខាងលើ) និងឌីអាស្តូលិក (លេខខាងក្រោម)។ កម្រិត​សម្ពាធ​ ឈាម​ដែល​អាច​ទទួក​បាន​ ស្ថិតក្នុងកម្រិត 120/80 mmHg (លេខ​ខាងលើ 120 ហើយ​លេខ​ខាងក្រោម 80)​។

ការពិនិត្យឈាម

ប្រសិន​បើ​​កម្រិត​សម្ពាធឈាម​របស់​អ្នក បង្ហាញពី​លេខ​ខ្ពស់​ជាង​នេះ អាច​ជា​សញ្ញា​នៃ​បម្រុង​​ឡើង​​សម្ពាធឈាម ឬ​លើស​ឈាម​ហើយ ដែល​ជា​លក្ខខណ្ឌ​​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​​ជំ​ងឺ​បេះដូង និង​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល​។

តើការ​ឡើង​សម្ពាធឈាមជា​ជំ​ងឺ​រ៉ាំរៃឬ?

ពិត​ណាស់ ជំ​ងឺ​ឡើង​សម្ពាធឈាម ទទួលបាន​រហស្ស​នាម​ថា «ឃាត​ករលាក់មុខ»​។ អ្នក​ជំ​ងឺ​ភាគ​ច្រើន មិន​ទទួល​បាន​អារម្មណ៍​​ប្លែក​ឡើយ សូម្បី​តែ​ការ​​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ពាល់​សុខភាព​រយៈ​ពេល​នៅ​តែ​បន្ត​កើត​ឡើង​ក៏ដោយ​។ អ្នក​ជំ​ងឺ​អាច​នឹង​​វិវឌ្ឍន៍​ទៅ​ជា​មាន​បញ្ហា​បេះដូង តម្រងនោម និង​ភ្នែក ដោយ​មិន​​បង្ហាញពី​អាការ​នៃ​​ការ​ឡើង​សម្ពាធ​ឈាម​ជាក់​លាក់​ឡើយ​។ ហេតុនេះហើយ ជិត​១ភាគ៣ អ្នក​​ដែល​មាន​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម នៅ​ចក្រភព​អង់គ្លេស មិន​បាន​ដឹង​ថា ខ្លួន​មាន​ជំ​ងឺ​នេះ​ឡើយ​។ ក្នុង​ប្រទេស​ថៃ តួលេខ​កាន់​តែ​ខ្ពស់ ពោល​គឺ​ប្រមាណ​ជា​៥០%​នៃ​អ្នក​ជំ​ងឺ​ឡើង​សម្ពាធឈាម មិន​បាន​ដឹង​ថា ខ្លួន​កើត​ជំ​ងឺ​លើស​ឈាម​ឡើយ។

ការ​ពិនិត្យ​សម្ពាធឈាម​ជា​ទៀង​ទាត់ អាច​សង្គ្រោះ​ជីវិត​បាន

ការ​បង្ការ​ដ៏ល្អ​បំផុត គឺ​ការ​ពិនិត្យ​ជា​ទៀង​ទាត់​។ ការ​ពិនិត្យ​រហ័ស និង​គ្មាន​ការ​ឈឺ​ចាប់​នៅផ្ទះ ឬ​នៅ​ឃ្លីនិក​ក្បែរ​ផ្ទះ អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ជាពិសេស​។ ការ​ស្រាវជ្រាវ​ដោយ​មូលនិធិបេះ​ដូង​ចក្រភព​អង់គ្លេស រក​ឃើញ​ថា ការ​ពិនិត្យ​ជា​ទៀត​ទាត់ អាច​បង្ការ​មនុស្ស​ច្រើន​ជាង​ ១០០ ០០០នាក់ កុំ​ឱ្យ​កើត​ជំ​ងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល នៅ​ចក្រភព​អង់គ្លេស ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​។

កត្តា​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ការ​ឡើង​សម្ពាធឈាម

ការ​យល់​ច្បាស់​ពី​ដើម​ហេតុ​នៃ​ការ​កើត​ជំ​ងឺ​លើស​ឈាម អាច​ជួយ​ឱ្យ​អ្នក​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​ដើម្បី​ព្យា​បាល​ការ​ឡើង​សម្ពាធឈាម​។

ប្រវត្តិគ្រួសារ

ប្រសិន​បើ​​មានឪពុកម្តាយ ឬ​បង​ប្អូន កើត​ជំ​ងឺ​លើស​ឈាម អ្នក​អាច​ប្រឈម​នឹង​ការ​កើត​៣៨%​។ ប៉ុន្តែ ការមាន​ហ្សែន​អ្នក​កើត​ជំ​ងឺ​លើស​ឈាម មិនមែន​មានន័យ​ថា មិន​អាច​ជៀស​ឱ្យ​ផុត​ឡើយ​។ ជា​ឧទាហរណ៍ នៅ​សិង្ហ​បុរី ការ​ផ្លាស់​ប្តូរ​របៀប​របប​រស់​នៅ​ បាន​ជួយ​ឱ្យ​អត្រា​អ្នក​កើត​ជំ​ងឺ​លើស​ឈាម ថយ​ចុះ​១០% ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​។

ការ​អង្គុយ​យូរ​ពេក

របៀប​របប​រស់​នៅ​តាម​បែប​សម័យ​ទំនើប មិន​បាន​ជួយ​អ្វី​ដល់​សុខភាព​បេះ​ដូង​​យើង​ឡើយ​។ ការ​អង្គុយ​ច្រើន​ម៉ោង ធ្វើ​ឱ្យ​មានការប្រឈម​កាន់​តែ​ខ្ពស់​។ ប៉ុន្តែ ការផ្លាស់​ប្តូរ​​តែ​បន្តិច ក៏​ជួយ​ដល់​អ្នកបាន​ផង​ដែរ​។ ការផ្លាស់​ប្តូរ​ការ​អង្គុយ​រាល់​៣០​នាទី​ម្តង ជាមួយនឹង​ការ​ធ្វើ​ចល​នា​ស្រាលៗ អាច​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាមស៊ីស្តូលិក បានចន្លោះពី 2 ទៅ 3 mmHg។

កត្តា​ចំណីអាហារ

របប​អាហារ គឺ​ជា​កត្តា​ដ៏សំខាន់​មួយ​។ ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ប្រៃ​ច្រើន​ជាង​១​ស្លាប​ព្រា​បាយ ឬ​ប្រហែល​ជា​៥​ក្រាម ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យ​ប្រឈម​នឹង​ការ​ឡើង​សម្ពាធ​ឈាម​កាន់​តែ​ខ្ពស់​។ ផ្ទុយ​ទៅ​វិញ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​ផ្លែឈើ បន្លែ ប្រូតេអ៊ីន និង​គ្រាប់ធញ្ញ​ជាតិ អាច​បង្ការអ្នក​មិន​ឱ្យ​កើត​ជំ​ងឺ​បេះដូង និង​ជួយ​កាត់​បន្ថយ​ការ​លើស​ឈាម​បាន។

ការញ៉ាំអាហារប្រៃ

ភាព​តាន​តឹង គ្រឿង​ស្រវឹង និង​កត្តា​ផ្សេង​ទៀត

ការ​ពិសា​គ្រឿង​ស្រវឹង​ច្រើន អាច​បង្កើនការ​ឡើង​​សម្ពាធ​ឈាម​បាន និង​ធ្វើ​ឱ្យ​ថ្នាំ​មាន​ប្រសិទ្ធ​ភាព​តិច​តួច​។ ការ​មាន​ស្ត្រេស ឬ​ភាព​តាន​តឹង​ជា​ញឹក​ញាប់ ក៏​ផ្តល់​ការ​ប៉ះ​ពាល់​ផង​ដែរ ព្រោះ​វា​ធ្វើ​ឱ្យ​អ័រ​មូន​ស្ត្រេស​ក្នុង​រាង​កាយ​របស់​អ្នក មាន​ដំណើរ​ការ​ជានិច្ច ដែល​នាំ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ការ​ស្ត្រេស​នឹង​ការ​ងារ ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​ជំ​ងឺ​លើស​ឈាម​ដល់​ទៅ​៤៥% ក្នុង​ចំណោម​​អ្នក​ធ្វើ​ការក្រុង​។

សរុបមក ការ​បង្ការ​ការ​លើស​ឈាម ទាក់​ទង​នឹង​របប​អាហារ​ដែល​ផ្តល់​សុខភាព ការ​រក្សា​ទម្ងន់​ដែលផ្តល់​សុខភាព កា​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ការកាត់​បន្ថយ​ការ​ពិសា​គ្រឿង​ស្រវឹង និង​ជៀស​វាង​ការ​ជក់​បារី​។

ការ​ឡើង​សម្ពាធឈាម​ខ្ពស់ ប្រហែល​ជា​មិន​បង្ហាញពី​សញ្ញា​ជាក់​លាក់​ឡើយ ប៉ុន្តែ យើង​មិន​អាច​ព្រងើយ​កន្តើយ​បានឡើយ​។ ការ​យល់​ច្បាស់​ពី​ហានិភ័យ​របស់​អ្នក និង​ផ្លាស់​ប្តូរ​របៀប​របប​រស់​នៅ​របស់​អ្នក អាច​ជួយ​ដល់​សុខភាព​បេះដូង និង​សុខភាព​របស់​អ្នក​បាន​ក្នុង​រយៈពេល​វែង​។

សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ថ្ងៃនេះ ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​ថា អ្នក​ឧស្សាហ៍​ឈឺក្បាល ព្រិល​ភ្នែក ធីង​ធោង ឬបេះដូង​លោតខុស​ពី​ធម្មតា​។ រាង​កាយ​របស់​អ្នក​អាច​នឹង​ឱ្យ​សញ្ញា​មួយ​ដែល​អ្នក​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ​៕

ចំណុចសំខាន់

សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម
ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។
ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង ក្នុងករណី​យើង​បញ្ចេញ​សកម្មភាពផ្សេងៗ ឬ​មាន​ភាព​តាន​តឹង​។
ការ​បង្ការ​ការ​លើស​ឈាម ទាក់​ទង​នឹង​របប​អាហារ​ដែល​ផ្តល់​សុខភាព ការ​រក្សា​ទម្ងន់​ដែលផ្តល់​សុខភាព កា​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ការកាត់​បន្ថយ​ការ​ពិសា​គ្រឿង​ស្រវឹង និង​ជៀស​វាង​ការ​ជក់​បារី​។
ការ​ឡើង​សម្ពាធឈាម​ខ្ពស់ ប្រហែល​ជា​មិន​បង្ហាញពី​សញ្ញា​ជាក់​លាក់​ឡើយ ប៉ុន្តែ យើង​មិន​អាច​ព្រងើយ​កន្តើយ​បានឡើយ​។ ការ​យល់​ច្បាស់​ពី​ហានិភ័យ​របស់​អ្នក និង​ផ្លាស់​ប្តូរ​របៀប​របប​រស់​នៅ​របស់​អ្នក អាច​ជួយ​ដល់​សុខភាព​បេះដូង និង​សុខភាព​របស់​អ្នក​បាន​ក្នុង​រយៈពេល​វែង​។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Sopheng In · កែ 12/06/2025