រោគសញ្ញាដែលមិននឹកស្មានថា តម្រងនោមកំពុង​មានបញ្ហា

    រោគសញ្ញាដែលមិននឹកស្មានថា តម្រងនោមកំពុង​មានបញ្ហា

    មុខងារ​ចម្បង​របស់​តម្រង​នោម គឺ​ចម្រោះ​ឈាម ដូចនេះ​តម្រង​នោម​អាច​រង​ផល​ប៉ះពាល់​ដោយសារ​ស្ថាន​ភាព​ឈាម និង​ចំណុះ​របស់​ឈាម ហើយ​ការ​ខូច​តម្រង​នោម​ភាគច្រើន បណ្ដាល​មកពី​ការ​ខូច​សរសៃ​ឈាម នៅ​ក្នុង​តម្រង​នោម។

    វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ការ​ថែរក្សា​តម្រង​នោម​ឲ្យ​ល្អ គឺ​មិន​ពិបាក​ឡើយ តែ​បើ​ឈឺ​ហើយ​ព្យាបាល នោះ​ទើប​ជា​រឿង​សែន​ពិបាក ហើយ​ពេល​ខ្លះ​មិន​អាច​ព្យាបាល​បាន​ថែម​ទៀត​ផង។ ដូចនេះ​បើ​សង្កេត​ឃើញ​រោគ​សញ្ញា​​មួយ​ចំនួន​ដែល​យើង​មិន​អើពើ និង​គិត​ថា​គ្មាន​បញ្ហា តែ​វា​ជា​អាការៈ​តម្រង​នោម​មាន​បញ្ហា​ហើយ ទាមទារ​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    ១- ទឹកនោម​ឡើង​ពពុះ

    បើ​ដល់​ដំណាក់កាល​នោម​មាន​បែក​ពពុះ​ច្រើន​ហើយ​នោះ គឺជា​សញ្ញា​បញ្ជាក់​យ៉ាង​ថា តម្រង​នោម​យើង​កំពុង​ចុះ​ខ្សោយ ដោយ​ប្រញាប់​ស្វែង​រក​ការ​ពិគ្រោះ និង​ព្យាបាល​ទាន់​ពេលវេលា។ មិន​ត្រឹមតែ​ពពុះ​ប៉ុណ្ណោះ​ទេ ទឹកនោម​ក៏​ប្រែជា​មាន​ក្លិន​ឆ្អេះ​ខ្លាំង​ខុស​ពី​ធម្មតា រឹតតែ​មិនគួរ​យឺតយ៉ាវ​ដើម្បី​ដឹង​ពី​សុខភាព​តម្រង​នោម។

    ២- ខ្សោយ​សាច់ដុំ

    អតុល្យភាព​អេឡិចត្រូលីត អាច​បណ្ដួល​មកពី​មុខងារ​តម្រង​នោម​ចុះ​ទន់​ខ្សោយ​ដូច​គ្នា។ ប្រសិនបើ​យើង​មាន​ការ​ឈឺចាប់​សាច់​ដុំ​ពេញ​មួយ​ថ្ងៃ​រយៈពេល​យូរ​មិន​បាត់​សោះ វា​អាច​ជា​សញ្ញា​បញ្ហា​តម្រង​នោម។

    តម្រងនោម

    ៣- ហើម​ភ្នែក

    បើ​តម្រង​នោម​បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ច្រើន​នៅ​ក្នុង​ទឹកនោម នាំឲ្យ​ភ្នែក​របស់​យើង​អាច​មាន​សភាព​ហើម​ខុស​ពី​សព្វ​មួយ​ដង​ទាំង​មិន​បាន​ឈឺ ឬ​យំ​អ្វី​សោះ។ បើ​សង្កេត​ឃើញ​ខ្លួនឯង​ឧស្សាហ៍​ជួប​បញ្ហា​នេះ​គួរតែ​ប្រញាប់​ធ្វើ​តេស្ត​ឈាម ឬ​ពិនិត្យ​សុខភាព​តម្រង​នោម​ឲ្យ​បាន​ច្បាស់​លាស់​ថា​មាន​បញ្ហា ឬ​មាន​អ្វី​មិន​ប្រក្រតី​ក្នុង​រាងកាយ។

    វេជ្ជបណ្ឌិត​រូបនោះ​បញ្ជាក់​ទៀត​ថា បើ​រោគសញ្ញា​នៃ​ការ​ខូច​តម្រង​នោម​ដំណាក់កាល​ចុង​ក្រោយ​វិញ ធ្វើឲ្យ​យើង​វិល​មុខ ក្អួត នោម​តិច មិន​នោម នោម​មិន​ចេញ ហើម​ប្រឡង់​ភ្នែក ឬ​ហើម​កែង​ជើង។ ដូចនេះ​ដើម្បី​ថែទាំ​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ ត្រូវ​ចៀស​ឆ្ងាយ​ពី​បារី បន្ថយ​ញ៉ាំ​ប្រៃ ផឹក​ទឹក​ឲ្យ​បាន​ច្រើន គ្រប់គ្រង និង​តាម​ដាន​ជំងឺ​ទឹកនោមផ្អែម ឬ​លើស​ឈាម ព្រម​ទាំង​ហាត់ប្រាណរក្សា​ទម្ងន់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត