ក្រៅពីមានតួនាទីច្រោះយកកាកសំណល់ចេញពីឈាម តម្រងនោមក៏ជួយគ្រប់គ្រងសម្ពាធឈាម តុល្យភាពអេឡិចត្រូលីត និងផលិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ។ ជាក់ស្ដែង មានកត្តាមួយចំនួនដែលអាចធ្វើឲ្យមុខងារតម្រងនោមចុះខ្សោយ និងនាំឲ្យកើតជំងឺតម្រងនោមរ៉ាំរ៉ៃជាច្រើន។
កត្តាហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃមានដូចជា ជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ជំងឺសរសៃឈាមបេះដូង ជក់បារី ធាត់ជ្រុល តំណពូជ និងអាយុច្រើន។
ជាទូទៅ ជំងឺតម្រងនោមរ៉ាំរ៉ៃមិនបង្ហាញរោគសញ្ញាឡើយ ទាល់តែតម្រងនោមរបស់យើងត្រូវបានខូចខាតធ្ងន់ធ្ងរ។ ប៉ុន្តែ នៅដំណាក់កាលដំបូងនៃជំងឺនេះ គ្នាយើងអាចមានរោគសញ្ញាមួយចំនួនដូចខាងក្រោម។
១. ប្រែប្រួលមុខងារទឹកនោម
ការប្រែប្រួលបរិមាណ និងការនោមញឹកញាប់ក៏អាចជាសញ្ញាបង្ហាញថា តម្រងនោមរបស់យើងកំពុងតែមានបញ្ហា។ ការប្រែប្រួលដទៃទៀនៅក្នុងមុខងារទឹកនោម រួមមាន៖
- ពណ៌ទឹកនោមស្រអាប់ជាងមុន
- មានអារម្មណ៍ឈឺនោម ប៉ុន្តែនោមមិនចេញ
- ភ្ញាក់ពីគេងញឹកញាប់នៅពេលយប់ ដើម្បីនោម
- ទឹកនោមមានពពុះច្រើន ដែលអាចបណ្ដាលមកពីការលេចធ្លាយប្រូតេអ៊ីននៅក្នុងទឹកនោម ហើយវាក៏ជាសញ្ញាបញ្ហាពីការខូចតម្រងនៃតម្រងនោមផងដែរ។
- ប្រែប្រួលក្លិនទឹកនោម
២. ពិបាកនោម ឬឈឺចាប់នៅពេលនោម
បញ្ហាពិបាកនោម ឬឈឺចាប់នៅពេលនោម អាចបណ្ដាលមកពីការឆ្លងមេរោគលើផ្លូវទឹកនោម។ ប៉ុន្តែ ប្រសិនបើ យើងមានអាការៈក្ដៅខ្លាំង និងឈឺខ្នងទៀតនោះ វាអាចបង្ហាញថា ការឆ្លងមេរោគនេះ បានរាលដាលដល់តម្រងនោមរបស់យើងហើយ។
៣. នោមឈាម
ប្រសិនបើយើងនោមមានឈាម ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ពីព្រោះវាអាចជាសញ្ញានៃជំងឺតម្រងនោម។ ជាទូទៅ នោមឈាមអាចបណ្ដាលមកពីការឆ្លងមេរោគលើផ្លូវទឹកនោម ឬក្រួស ដែលសុទ្ធតែអាចបំផ្លាញដល់តម្រងនោមរបស់យើងបាន។ ចំណែកឯរបួសនៅត្រង់តម្រងនៃតម្រងនោម ក៏អាចបណ្ដាលឲ្យយើងនោមឈាមដែរ។
៤. ឈឺចាប់នៅបរិវេណចង្កេះ
តម្រងនោមស្ថិតនៅផ្នែកខាងក្រោយពោះក្រោមឆ្អឹងជំនីរទាំងសងខាង ហើយការឈឺចាប់នៅបរិវេណនេះ អាចបណ្ដាលមកពីក្រួស ឬជំងឺតម្រងនោម។ ប្រសិនបើគ្នាយើងមានអាការៈឈឺចាប់ខ្លាំង និងភ្លាមៗនៅបរិវេណចង្កេះ ព្រមទាំងមានក្អួត និងក្រហាយនៅពេលនោមម្ដងម្កាល ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។
៥. ការហើម
ក្នុងករណីដែលតម្រងនោមរបស់យើងដំណើរការមិនប្រក្រតី កាកសំណល់អាចកកើតឡើងនៅក្នុងរាងកាយ។ ការហើមជើង កជើង និងហើមមុខ ព្រមទាំងតឹងដៃ អាចកើតឡើងនៅពេលដែលតម្រងនោមរបស់យើងមិនអាចបញ្ចេញជាតិទឹក និងអំបិលដែលលើសពីរាងកាយ។
៦. អស់កម្លាំងខ្លាំង និងជំងឺស្លេកស្លាំង
តម្រងនោមផលិតអ័រម៉ូន erythropoietin ដែលជួយដល់កោសិកាឈាមក្រហមក្នុងការបញ្ជូនអុកស៊ីសែន។ ប្រសិនបើមុខងារតម្រងនោមរបស់យើងចុះខ្សោយ កម្រិតនៃអ័រម៉ូននេះនឹងធ្លាក់ចុះខ្លាំង ដែលនាំឲ្យយើងកើតជំងឺស្លេកស្លាំង ក៏ដូចជារាងកាយចុះខ្សោយ ព្រមទាំងអស់កម្លាំងធ្ងន់ធ្ងរ។
[embed-health-tool-bmi]