៣- ការប្រើ Probiotics បង្ការអាការៈរាកលើក្មេងៗដោយសារថ្នាំផ្សះ?
ក្នុងករណីជាច្រើន អាការៈរាកដោយសារថ្នាំផ្សះ គឺត្រូវបានចាត់ទុកថាជាបញ្ហាសុខភាពកម្រិតស្រាល មិនចាំបាច់ព្យាបាលឡើយ ដោយសារវានឹងបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេល ២-៣ ថ្ងៃប៉ុណ្ណោះ ក៏ប៉ុន្តែវាអាចធ្វើឲ្យមិនស្រួលខ្លួន។ យោងតាមការវិភាគមួយលើការសិក្សាចំនួន ២៣រួមគ្នា បង្ហាញថា អាការៈរាកដោយសារថ្នាំផ្សះ ឬ AAD អាចចៀសវាង បានដោយការប្រើពពួកសារធាតុ Probiotics តាមរយៈការស្តារឡើងវិញ ពពួកបាក់តេរីល្អក្នុងពោះវៀន។
ក្មេងៗប្រមាណជាង ៣.៩០០នាក់ បានព្យាបាលដោយដោយថ្នាំផ្សះ (Antibiotics) នៅអាយុចន្លោះពី ២សប្តាហ៍ ទៅ ១៧ឆ្នាំ ត្រូវគេប្រើពពួក Probiotics ដើម្បីការពារបញ្ហារាកដោយសារថ្នាំផ្សះនេះឯង។ ជាក់ស្តែង គេចែកជាក្រុមតូចៗទៀត ដូចជា ប្រើ Probiotics ដូចជា Lactobacilli spp., Bifidobacterium spp., Streptococcus spp., ឬ Saccharomyces boulardii តែឯង ឬរួមជាមួយគ្នា ប្រើពពួកថ្នាំផ្លាសេបូ (ថ្នាំគ្មានប្រសិទ្ធភាព) និងការព្យាបាលផ្សេងៗ ដូចជា Diosmectite ឬម្សៅទឹកដោះគោ ឬមិនព្យាបាលតែម្តង។ រយៈពេលនៃការសិក្សា មានចន្លោះពី ១-១២ សប្តាហ៍។
ជាលទ្ធផល អ្នកស្រាវជ្រាវរកឃើញថា ក្មេងស្ថិតក្នុងក្រុមប្រើថ្នាំផ្លាសេបូ មានកត្តាប្រឈមនឹងការកើតបញ្ហា AAD ពី ១១,៩-២៨,៥ ភាគរយ ប្រៀបធៀបទៅនឹងក្រុមប្រើសារធាតុ Probiotics ពិតប្រាកដ។ ការសិក្សានេះ បានចង្អុលបង្ហាញថែមទៀត ក្រុមក្មេងប្រើថ្នាំផ្លាសេបូ (ថ្នាំគ្មានប្រសិទ្ធភាព) ឬសារធាតុផ្សេងៗ ឬមិនប្រើអ្វីទាំងអស់ មានផលប៉ះពាល់ច្រើនជាង និងធ្ងន់ធ្ងរជាង ដូចជា ឡើងកន្ទួលក្រហម ក្អួត ទល់លាមក បាត់បង់រសជាតិអាហារ ក៏ដូចជា ឈឺពោះ និងទ្រូង។