គ្នាយើងធ្លាប់អត់ ពេលត្រូវធ្វើអីមួយ បែរជាភ្លេចភ្លាំងរកនឹកថាត្រូវធ្វើអីមិនឃើញសោះ? បញ្ហានេះ អាចកើតឡើងជាប្រចាំ ប៉ុន្តែបើកើតយូរពេក (ឧស្សាហ៍ភ្លេច) នឹងប៉ះពាល់ការងារមិនខាន។ ឧស្សាហ៍ភ្លេច ទាំងខ្លួនមិនទាន់ចាស់ផងនោះ អាចបណ្ដាលមកពីបញ្ហាធំៗខាងក្រោម។ បើចង់ដោះស្រាយ សូមស្វែងយល់ឫសគល់របស់វា និងដំណោះស្រាយដូចខាងក្រោម៖
១- ស្មុគពេក (ស្ត្រេស)
គ្នាយើងភាគច្រើនប្រឈមមិនលស់ទេ ព្រោះការងារ ឬបញ្ហាឈឺក្បាលដោះស្រាយមិនចេញ គិតរឿងច្រើនក្នុងពេលតែមួយ ហើយពេលខ្លះ ថែមទាំងធ្វើឲ្យយើងឧស្សាហ៍ភ្លេច។
បង្ខំចិត្តធ្វើរឿងអីមួយដែលខ្លួនមិនស្រលាញ់ ក៏អាចជាស្ត្រេសដែរ។ ខ្លះទៀត ចេះតែគិតខ្លួនឯងថាមានកំហុស តប់ប្រមល់ មួម៉ៅច្រើន មិនស្រឡះក្នុងខ្លួន។ មិនមែនធម្មតាទេ កត្តាស្មុគស្មាញលើសប្រមាណនេះ អាចជះឥទ្ធិពលអាក្រក់ បំផ្លាញការងារ ឬបង្អាក់ភាពសម្រេចផ្លែផ្កាល្អ និងការងារផ្សេងទៀត។
រោគសញ្ញាបញ្ជាក់ថាយើងកំពុងស្មុគខ្លាំង មាន៖
– សុញគំនិត
– គេងមិនងាយលក់
– ឧស្សាហ៍ឈឺក្បាល ឬចុករួយសាច់ដុំ
– មានអារម្មណ៍ហត់ និងពិបាកប្រមូលអារម្មណ៍ផ្ដោតអីមួយ។
បើគិតថាខ្លួនឯងមានបញ្ហាដូចបញ្ជាក់ខាងលើ ដំណោះស្រាយបន្ទាន់គឺឆ្លៀតហាត់ប្រាណ កាត់បន្ថយជាតិអាល់កុល និងកាហ្វេអុីន ឆាប់ចូលគេង កុំទម្លាប់នៅយប់ជ្រៅពេក។ បើធ្ងន់ធ្ងរ ទៅជួបពេទ្យ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២- បញ្ហាផ្ចង់អារម្មណ៍ (ADHD)
ពេលពិបាកផ្ចង់អារម្មណ៍ ធ្វើឲ្យពិបាកដល់ការសម្រេចចិត្ត ឬបញ្ចប់ការងារតាមការកំណត់។ បញ្ហាធ្ងន់ធ្ងរមានអ្នកជំងឺខ្លះ មិនអាចសូម្បីតែយកចិត្តទុកដាក់សកម្មភាពខ្លួនឯង ឬសកម្មភាពអ្នកជុំវិញខ្លួន ឬហៅថាភ្លឹក។
អាការៈបញ្ហាផ្ចង់អារម្មណ៍ ឬហៅថា ADHD មាន ស្រមើស្រមៃ បែកអារម្មណ៍ ធ្វេសប្រហែស ប្រថុយប្រថាន និងថប់បារម្ភ ឬអន្ទះអន្ទែង។ អ្នកជំងឺត្រូវប្រើថ្នាំតាមវេជ្ជបញ្ជាពីពេទ្យជំនាញ។
៣- ថប់បារម្ភ
ចេះតែគិតរឿងមិនល្អ ព្រោះអាម្មណ៍មិនមូល ចេះតែគិតផ្ដេសផ្ដាស ចេះតែនឹកថាមានរឿងអាក្រក់អាចកើតឡើង បារម្ភពេកពីបញ្ហាគ្រួសារ បញ្ហាលុយកាក់ សុខភាព ការងារប្រចាំថ្ងៃ។ គិតច្រើនបែបនេះ គេងមិនសូវលក់ ហើយចេះតែអស់កម្លាំង មិនរហ័សរហួន ឆាប់ខឹង ឬឈឺសាច់ដុំ។
មធ្យោបាយបន្ធូរបញ្ហាថប់បារម្ភ ព្យាយាមដកដង្ហើមវែងៗយឺតៗឲ្យបាន ១០ ដង ពេលមានអារម្មណ៍ពិបាកក្នុងខ្លួន។ គួរកាត់បន្ថយការគិតមិនល្អ ទាំងដែលមិនទាន់កើត។ ព្យាយាមគិតអីល្អៗ គិតវិជ្ជមាន សម្រាកឲ្យបានច្រើន ចែកពេលហាត់ប្រាណឲ្យបានទៀងទាត់ ហើយញុំាឲ្យទៀងពេល។
៤- ខ្សោយ
បើសិនគេងអត់គ្រប់ (តិចជាង ៦ ម៉ោង) ខួរក្បាលយើងនឹងចុះខ្សោយ ដូច្នេះយើងអាចភ្លេចភ្លាំងកិច្ចការយើងត្រូវ ឬចង់ធ្វើ។ បើមានបញ្ហានេះ គួរគេងឲ្យបានគ្រប់គ្រង ជាការស្រេច។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
៥- បាក់ទឹកចិត្ត
មិនមែនគ្រាន់តែជាអារម្មណ៍ទេ តែវាក៏អាចផ្លាស់ប្តុរសារធាតុគីមីក្នុងខួរក្បាលដែរ។ ពេលបាក់ទឹកចិត្ត យើងអាចមានអារម្មណ៍ខ្ជិល ហើយចង់បោះបង់អីទាំងអស់ ក្រោយមានអារម្មណ៍បរាជ័យ លែងចង់បានជំនួយ ឬលែងមានអ្នកជួយ មានតែអ្នកបង្អាប់ ឬចាំតែចាប់កំហុស។
រឿងមួយដក់ជាប់ក្នុងចិត្តមិនដាច់ គឺមានអារម្មណ៍ថាដូចទូលទុក្ខប៉ុនភ្នំ ធំជាងអ្វីទាំងអស់ដែលកំពុងមាន ឬនៅជុំវិញខ្លួន លែងមានអារម្មណ៍ឃ្លានអី ចាប់ផ្តើមស្រកទម្ងន់ ឬកាន់តែឆេវឆាវឆាប់ខឹង។ អ្នកបាក់ទឹកចិត្ត អាចគិតដល់ការធ្វើអត្តឃាត។