backup og meta

ខានរួមភេទយូរ អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 25

    ខានរួមភេទយូរ អាចប្រឈមនឹងផលប៉ះពាល់ទាំង ៥ យ៉ាងនេះ

    ការ​រួម​ភេទ​ ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ថែទាំ​សុខុមាលភាព​ទូទៅ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឈប់​រួម​ភេទ ឬ​ខាន​រួម​ភេទ​រយៈពេល​​យូរ នោះ​អាច​ធ្វើ​ឲ្យ​រាងកាយ​ និង​ផ្លូវ​ចិត្ត ជា​ពិសេស​គឺ​សុខភាព​ផ្លូវ​ភេទ​​​តែ​ម្តង និង​ការ​​​ប្រឈម​នឹង​ផល​ប៉ះពាល់​មួយ​ចំនួន។

    តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឈប់​រួម​ភេទ?

    ជាក់ស្តែង មាន​ផល​ប៉ះពាល់​ចំនួន​៥ ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​បាន​រួម​ភេទ​រយៈពេល​យូរ។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន​៖

    ១. ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ

    ការ​រួម​ភេទ​​ជា​ទៀងទាត់ អាច​ជួយ​រក្សា​ចំណង់​ផ្លូវ​ភេទ​របស់​យើង​បាន​ល្អ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​យើង​ខាន​រួម​ភេទ​រយៈពេល​យូរ នោះ​ចំណង់​ផ្លូវ​ភេទ​ក៏​ធ្លាក់​ចុះ ព្រម​ទាំង​​ធ្វើ​ឲ្យ​យើង​ពិបាក​​ដាស់​អារម្មណ៍ ​ឬ​ពិបាក​​ទទួល​អារម្មណ៍​ស្រើបស្រាល។

    ២. លិង្គ​មិន​ឡើង​រឹង និង​មាន​អាការៈ​ថប់​បារម្ភ​អំឡុង​ពេល​ប្រតិបត្តិការ​លើ​គ្រែ

    ចំពោះ​បុរស នៅ​ពេល​ដែល​អសកម្មភាព​ផ្លូវ​ភេទ​រយៈពេល​យូរ គឺ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង។ កង្វះ​ការ​រំញោច​ផ្លូវ​ភេទ​ជា​ទៀងទាត់ អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​ទៅ​កាន់​លិង្គ​ និង​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​បាន​យូរ។ បន្ថែម​ពី​នេះ ប្រុស​ៗ​ក៏​អាច​មាន​បញ្ហា​ថប់​បារម្ភ​អំឡុង​ពេល​ប្រតិបត្តិការ​ផង​ដែរ។

    ៣. ស្ងួត​ទ្វារ​មាស និង​ឈឺចាប់​នៅ​ពេល​រួម​ភេទ

    ចំណែក​ស្រី​ៗ​វិញ អាច​ជួប​ប្រទះ​នូវ​បញ្ហា​ស្ងួត​ទ្វារ​មាស​​នៅ​ពេល​ដែល​ខាន​រួម​ភេទ​យូរ។ ពិត​ណាស់​ ការ​រួម​ភេទ​ជា​ប្រចាំ អាច​ជួយ​បង្កើត​ការ​ផលិត​ជាតិ​រម្អិល​ធម្មជាតិ​ ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់បន្ថយ​អារម្មណ៍​ឈឺចាប់​នៅ​ពេល​ស៊ក​បញ្ចូល និង​ជួយ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​សុខ​ស្រួល។

    ៤. សាច់ដុំ​អាង​ត្រគាក​ចុះ​ខ្សោយ

    ទន្ទឹម​នឹង​នេះ​ដែរ ការ​​រួម​ភេទ​ជា​ទៀងទាត់​ ​អាច​ជួយ​ពង្រឹង​សាច់ដុំ​អាង​ត្រគាក​បាន​ល្អ។ សាច់​ដុំ​ទាំង​នេះ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ការ​គ្រប់គ្រង​ប្លោក​នោម​ ទ្រទ្រង់​សរីរាង្គ​អាង​ត្រគាក និង​បង្កើន​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​រួម​ភេទ។ ប៉ុន្តែ ប្រសិនបើ​យើង​ខាន​រួម​ភេទ​យូរ​ពេក​ នោះ​សាច់ដុំ​អាង​ត្រគាក​ក៏​ចុះ​ខ្សោយ​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ការ​លេច​នោម​​ដោយ​មិន​ដឹង​ខ្លួន

    ខានរួមភេទ

    ៥. បញ្ហា​ផ្លូវ​អារម្មណ៍ និង​ទំនាក់ទំនង

    ភាព​ស្និទ្ធស្នាល​នៃ​​ការ​រួម​ភេទ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ផ្លូវ​អារម្មណ៍ និង​មនោសញ្ចេតនា​រវាង​គូស្នេហ៍។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​ខាន​រួម​ភេទ​យូរ នោះ​អាច​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត ឬ​អន់​ចិត្ត​ចំពោះ​ដៃគូ​ជាក់លាក់​មិន​ខាន។ ជាង​នេះ​ទៅ​ទៀត ​អសកម្មភាព​ផ្លូវ​ភេទ​ក៏​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​បង្ក​ជា​ជម្លោះ​រវាង​ដៃគូ​ថែម​ទៀត​ផង។​

    ចំណុចសំខាន់

    មាន​ផល​ប៉ះពាល់​ចំនួន​៥ ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​បាន​រួម​ភេទ​រយៈពេល​យូរ។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន​៖
    • ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ
    • លិង្គ​មិន​ឡើង​រឹង និង​មាន​អាការៈ​ថប់​បារម្ភ​អំឡុង​ពេល​ប្រតិបត្តិការ​លើ​គ្រែ
    • ស្ងួត​ទ្វារ​មាស និង​ឈឺចាប់​នៅ​ពេល​រួម​ភេទ
    • សាច់​ដុំ​អាង​ត្រគាក​ចុះ​ខ្សោយ
    • បញ្ហា​ផ្លូវ​អារម្មណ៍ និង​ទំនាក់​ទំនង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 25

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម