ពេលជួបបញ្ហារលូតកូន អារម្មណ៍ម៉ាក់ប៉ាច្បាស់ជាមិនល្អប៉ុន្មានទេ ហើយក្រោយរឿងនោះមួយរយៈកន្លងទៅ អ្នកទាំងពីរអាចចាប់ផ្ដើមជាវិតថ្មីម្ដងទៀត។ Helloគ្រូពេទ្យ តែងទទួលបានសំណួរនេះជារឿយៗ ពីម៉ាក់ប៉ាថា ពេលណាអ្នកទាំងពីរអាចគេងជាមួយគ្នាបានឡើងវិញ? ហើយពេលណាអាចយកកូនមួយទៀត។
ចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បកស្រាយថា បន្ទាប់ពីរលូតកូនភ្លាម ម៉ាក់ប៉ាក៏មិនគួររួមភេទភ្លាមៗទេ ព្រោះសុខភាពរាងកាយម៉ាក់ៗនៅខ្សោយ ហើយស្បូនក៏មិនទាន់រឹងមាំឡើងវិញដែរ។ ចំពោះរយៈពេលយ៉ាងហោចណាស់ក៏ ២-៣ សប្ដាហ៍ក្រោយរលូតកូន ទើបអាចរួមភេទបាន ឬដល់អាការៈនៃការធ្លាក់ឈាមបាត់ទៅវិញអស់សិនទើបជាការល្អ។
លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ប្រសិនបើដៃគូទាំងពីរចង់បានកូនភ្លាម ក៏មិនជាអ្វីដែរ ឲ្យតែរដូវត្រឡប់មកធម្មតាវិញ នោះអត្រាមានកូនគឺនៅដដែល។ តែមិនគួរបង្ខំទាំងម៉ាក់ៗមិនទាន់មានកម្លាំងកំហែង ឬផ្លូវចិត្តមិនទាន់នឹងនឡើងវិញ ហើយជាពិសេសក្នុងអំឡុងពេលធ្លាក់ឈាមមិនទាន់អស់ ព្រោះអាចបណ្ដាលឲ្យឆ្លងរោគបាន។
“ប្រសិនបើចង់បានកូនម្ដងទៀត កុំតែពន្យារកំណើតទៅបានហើយ ប៉ុន្តែស្រីៗត្រូវប្រាកដចិត្តថា សុខភាពយើងប្រសើរ ឬត្រឡប់មកសភាពដើម។ កុំឲ្យតែមានបញ្ហាអ្វីនៅមានបញ្ហាឈឺចុកចាប់ស្បូន ឬទ្វារមាស”។
ជាចុងក្រោយលោកគ្រូពេទ្យក៏ណែនាំដល់ស្ត្រីដែលទើបជួបបញ្ហារលូតកូនថ្មីៗ ត្រូវថែរក្សាសុខភាពឲ្យបានប្រសើរជាមុនសិន ចាំយកសម្រេចចិត្តយកកូនម្ដងទៀត ព្រោះថាកាលណាយើងរឹងមាំហើយ គភ៌ក៏រឹងមាំល្អ មិនសូវប្រឈមនឹងការរលូតម្ដងទៀត។