រួមភេទ ជាទូទៅសំដៅលើការដាក់ស៊កបញ្ចូលលិង្គរបស់ប្រុសៗទៅក្នុងទ្វារមាសស្រីៗ។ ចុះបើការរួមភេទដែលប្រុសៗមិនបានស៊កបញ្ចូលលិង្គ និងបាញ់ទឹកកាមចូលទ្វារមាសទេ តើស្រីៗអាចមានផ្ទៃពោះដែរទេ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រួមភេទ ជាទូទៅសំដៅលើការដាក់ស៊កបញ្ចូលលិង្គរបស់ប្រុសៗទៅក្នុងទ្វារមាសស្រីៗ។ ចុះបើការរួមភេទដែលប្រុសៗមិនបានស៊កបញ្ចូលលិង្គ និងបាញ់ទឹកកាមចូលទ្វារមាសទេ តើស្រីៗអាចមានផ្ទៃពោះដែរទេ?
ចម្លើយ គឺអាចមានផ្ទៃពោះ តែក្នុងកម្រិតទាប។ សូមអានការបកស្រាយខាងក្រោម៖
ការមានផ្ទៃពោះ កើតឡើងនៅពេលដែលមេជីវិតឈ្មោលជួបជាមួយមេជីវិតញីនៅពេលដែលស្រ្តីមានការធ្លាក់មេជីវិតជារៀងរាល់ខែ ដែលនេះក៏អាចកើតឡើងដែរ ទោះយើងមិនបានរួមភេទដោយមានលិង្គស៊កចូល ហើយបាញ់ទឹកកាមចូលក្នុងទ្វារមាសក៏ដោយ។
អំឡុងពេលរួមភេទ ទឹកកាមបុរសនឹងបញ្ចេញចូលទៅក្នុងទ្វារមាសរបស់ស្ត្រី។ ទឹកកាមមានមេជីវិតឈ្មោលរាប់លាន។ រាល់ការបាញ់បញ្ចេញទឹកកាមមួយលើក អាចមានមេជីវិតឈ្មោលច្រើនជាង ៣០០ លានក្បាលឯណោះ។
នៅពេលដែលលិង្គឡើងរឹង មុនពេលទឹកកាមត្រូវបាញ់បញ្ចេញមែនទែន លិង្គមានចេញនូវទឹករម្អិល ដែលគេហៅថា pre-ejaculate។ ទឹករម្អិលនេះ អាចមានផ្ទុកមេជីវិតឈ្មោលក្នុងនោះរាប់ពាន់ក្បាល។ ឯបុរសវិញ មិនអាចគ្រប់គ្រងលើការផលិតទឹករម្អិលនេះបានទេ គឺហៀរចេញសើមៗដោយឯកឯងពេលកំពុងត្រេកត្រអាល។
អូវែស្ត្រី ជាទូទៅតែងបញ្ចេញពងមេជីវិតញីមួយ ឬច្រើន នៅចន្លោះ ១២-១៦ ថ្ងៃមុនពេលស្រីៗមករដូវបន្ទាប់។
មេជីវិតឈ្មោល ចូលក្នុងរាងកាយស្ត្រីតាមរយៈទ្វារមាសនៅពេលមានការរួមភេទ រួចធ្វើដំណើរឆ្លងកាត់ចូលមាត់ស្បូន និងទៅដល់ស្បូន ដែលជាកន្លែងស៊ុតបង្កកំណើត។ ស៊ុតអាចបង្កកំណើតដោយសារមេជីវិតឈ្មោល និងមេជីវិតញីជួបគ្នាដែលមាននៅក្នុងទឹកកាម ឬទឹករម្អិលដែលមានលើលិង្គអំឡុងរួមភេទ។ ដូច្នេះ ទោះប្រុសៗចាក់ទឹកក្រៅពាងក៏ដោយ (បាញ់ទឹកកាមក្រៅខ្លួនស្រីៗ) ក៏ស្រីៗនៅអាចមានផ្ទៃពោះដដែល។
អត្ថបទពាក់ព័ន្ធ៖
ស្រីៗអាចមានផ្ទៃពោះ ទោះមិនបានរួមភេទក៏ដោយ តាមលក្ខខណ្ឌខាងក្រោមនេះ៖
– មេជីវិតឈ្មោលហូរចូលក្នុងទ្វារមាស ប្រសិនបើខាងប្រុស ឬខាងស្រី មានទឹកកាម ឬទឹករម្អិលរបស់បុរសនៅជាប់នឹងម្រាមដៃ ហើយយកម្រាមដៃនោះទៅប៉ះមាត់ទ្វារមាស ឬលូកចូលក្នុងទ្វារមាស
– ការបាញ់ទឹកកាមបង្ហៀរក្បែរមាត់ទ្វារមាស
– ការយកលិង្គដែលកំពុងឡើងរឹង (មានចេញទឹករំអិល) មកត្រដុសសសៀរៗក្បែរមាត់ទ្វារមាស។
លក្ខខណ្ឌខាងលើ អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះ តែក្នុងកម្រិតទាបប៉ុណ្ណោះ ដោយសារមេជីវិតអាចមានរស់នៅបរិយាកាសខាងក្រៅបានរយៈពេលខ្លី។ បើសិនយើងមិនទាន់មានគម្រោងយកកូនទេ គួរប្រើវិធីការពារដោយប្រើស្រោមអនាម័យ ឬវិធីពន្យារកំណើតផ្សេងៗ ដូចជាលេបថ្នាំ ចាក់ថ្នាំ កងដាក់ក្រោមដៃ ឬកងដាក់ក្នុងស្បូន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕