តើវាមានការឈឺចាប់ទេ?
យើងអាចប្រាប់កូនស្រីថា វាមានការឈឺចាប់ខ្លះៗនៅពេលមករដូវ។ ប៉ុន្តែ បញ្ហានេះយើងអាចដោះស្រាយបានដោយការស្អំទឹកក្ដៅ ឬលេបថ្នាំបំបាត់ការឈឺចាប់។ ចំពោះការធ្លាក់ឈាមតិចៗមុនមករដូវដែលមានការឈឺចាប់ខ្លាំង គឺមិនមែនជារឿងធម្មតានោះទេ ដូច្នេះហើយកូនស្រីត្រូវតែប្រាប់ដល់យើងភ្លាមៗ បើសិនជាមានបញ្ហានេះកើតឡើង។
តើពួកគេនឹងបាត់បង់ឈាមប៉ុន្មាន?
ជាមួយគ្នានេះដែរ ម៉ាក់ៗគួរលួងលោមកូនៗ ដោយនិយាយថា ទោះបីជាការធ្លាក់ឈាមមើលទៅដូចជាច្រើនយ៉ាងណាក្តី ប៉ុន្តែជាទូទៅ ពួកគេបាត់បង់ឈាមប្រហែលជា៣ ទៅ៥មិល្លីលីត្រតែប៉ុណ្ណោះ។

តើការមករដូវមានរយៈពេលប៉ុន្មានថ្ងៃ?
ម៉ាក់ៗគួរពន្យល់ប្រាប់កូនថា កត្តានេះគឺអាស្រ័យទៅលើក្មេងស្រីម្នាក់ៗ ប៉ុន្តែវាអាចមានរយៈពេលប្រហែលជា៣ ទៅ៧ថ្ងៃ។
៣. ពន្យល់លម្អិតពាក់ព័ន្ធនឹងការមករដូវ
ក្រោយពីពន្យល់អំពីចំណុចមូលដ្ឋានរួច យើងអាចចាប់ផ្ដើមប្រាប់កូនអំពីរឿងរ៉ាវលម្អិតដែលពាក់ព័ន្ធនឹងការមករដូវដូចជាការតាមដានវដ្ដរដូវ ដែលវដ្តរដូវធម្មតា គឺមានរយៈពេល២៨ថ្ងៃ និងប្រាប់ពួកគេអំពីសញ្ញាមួយចំនួនដែលកើតឡើងមុនពេលមករដូវ ដូចជាហើមពោះ កើតមុន ចុកពោះ ឈឺដើមទ្រូង ហត់នឿយ ឬប្រែប្រួលអារម្មណ៍ជាដើម។
មួយវិញទៀត នៅអំឡុងពេលមករដូវ ក្មេងស្រីជំទង់នៅតែអាចបន្តសកម្មភាពកីឡា ឬលំហាត់ប្រាណរបស់ខ្លួនបានដូចធម្មតា ដោយពុំចាំបាច់ព្រួយបារម្ភឡើយ។ លើសពីនេះ ម៉ាក់ៗគួរប្រាប់កូនឲ្យចៀសវាងប្រើប្រាស់ផលិតផលលាងសម្អាតប្រដាប់ភេទ នៅអំឡុងពេលមករដូវ ពីព្រោះទ្វារមាសរបស់ស្រីៗយើង គឺជាសរីរាង្គដែលសម្អាតដោយខ្លួនឯង ហើយការប្រើប្រាស់ផលិតផលទាំងនោះ ជាពិសេសផលិតផលដែលមានសារធាតុគីមី គឺអាចបង្កគ្រោះថ្នាក់ដល់ស្រីៗយើងថែមទៀតផង។