មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា គីសក្រពេញគល់រោម គឺជាប្រភេទគីសដែលកើតឡើងដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម្យ៉ាង ដែលស្ថិតជាប់ជាមួយរោមលើស្បែកនៃរាងកាយខ្លួនយើងជាពិសេស នៅលើខ្នង។ មូលហេតុដែលបណ្ដាលឲ្យកកស្ទះនេះ បង្កឡើងដោយ៖
– មេរោគ
– ក្អែល
– ធូលី
– កម្ទេចកំទីល្អិតផ្សេងៗ ដែលជាប់នៅលើរាងកាយ និងកត្តារួមផ្សំដទៃទៀត ដូចជាស្ត្រេស កម្ដៅព្រះអាទិត្យ ឬការជក់បារីជាដើម។
ចំពោះជំងឺគីសក្រពេញគល់រោម យើងអាចសង្កេតដឹងថា វាកើតឡើងនៅពេលដែលមានសញ្ញាដូចជា កន្ទួលលើស្បែក រឹងពណ៌ស ឬលឿង។ នៅក្នុងដំណាក់កាលដំបូង វាមិនធ្វើឲ្យឈឺចាប់ទេ ប៉ុន្តែបើមិនបានថែទាំ និងព្យាបាលបានត្រឹមត្រូវទេនោះ ដុំគីសនឹងវិវត្តទៅជាកន្ទួលក្រហមធំឡើងៗ និងមានសភាពឈឺចាប់ ហើយករោគ ឬធ្លាយទឹករងៃ អាចមានក្លិនស្អុយចេញមកក្រៅ។