backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

នេះជាមូលហេតុបណ្តាលឱ្យរមាស់ស្បែកក្បាល និងវិធីដោះស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 22, 2022

នេះជាមូលហេតុបណ្តាលឱ្យរមាស់ស្បែកក្បាល និងវិធីដោះស្រាយ

ការរមាស់ស្បែកក្បាលមិនត្រឹមតែធ្វើឱ្យយើងពិបាកទ្រាំ រំខានដល់ការងារ ឬជីវភាពរស់នៅប្រចាំថ្ងៃ​ទេ ថែមទាំងអាចធ្វើឱ្យយើងខ្មាសគេទៀតផង។ ហេតុអ្វីបានជាយើងរមាស់ស្បែកក្បាល? ហើយគួរដោះស្រាយបែបណា?

ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអាចបណ្តាលឱ្យយើងរមាស់ស្បែកក្បាល និងវិធី​ដោះ​ស្រាយ៖

១.  ប្រតិកម្មនឹងផលិតផលថែសក់

ស្បែកក្បាលយើងមានសភាពស្តើងជាងស្បែកនៅកន្លែងផ្សេងៗទៀតនៃរាងកាយ។ ថ្នាំលាបសក់ សាប៊ូកក់សក់ ក្រែមបន្ទន់ និងផលិតផលថែសក់​មួយ​ចំនួន​អាចមានផ្ទុកសារធាតុគីមី ក្លិនក្រអូប​សិប្បនិម្មិត ឬជាតិកាត់​ខ្លាំង​ដែលធ្វើឱ្យស្បែកក្បាល​យើង​ប្រតិកម្ម ហើយបង្កទៅជារលាក និង​រមាស់។

យើងគួរសាកល្បងឈប់ប្រើផលិតផលថែសក់ដែលយើងសង្ស័យថា បង្ក​ឱ្យ​ស្បែកក្បាល​មានប្រតិកម្មមួយអាទិត្យ ឬមួយរយៈពេលសិន​ដើម្បីមើលថាអាការៈរមាស់ស្បែក​ក្បាល​យើង​មានធូរស្បើយឬទេ?

លាបថ្នាំសក់

២. រលាកឫសសក់

ឫសសក់យើងអាចរលាកដោយសារឆ្លងបាក់តេរី ហើយអាចរាលដាលទៅឫសសក់ផ្សេងទៀត​ដែល​បណ្តាលឱ្យឡើងដុំពកពណ៌ក្រហមដូចមុន​លើ​ស្បែកក្បាល និងធ្វើឱ្យយើងរមាស់ និងឈឺ។

ការរលាកឫសសក់ស្រាលអាចជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃដោយខ្លួនឯង តែបើក្នុងករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យសើស្បែកអាចចេញវេជ្ជបញ្ជាថ្នាំផ្សះឱ្យយើង។

៣. មានអង្គែ

អង្គែធ្វើឱ្យស្បែកក្បាលមាស់ និងរបកស្បែកជ្រុះលើសក់ ឬអាវ ប្រសិន​បើយើងអេះក្បាល។ ដូច្នេះ​បើយើងសង្ស័យថា រមាស់ស្បែកក្បាលដោយ​អង្គែ គួររកមើលបន្ទះពណ៌សតូចៗនៅលើសក់ ឬអាវ។

ភាគច្រើន យើង​អាច​ព្យាបាលអង្គែដោយប្រើសាប៊ូកក់សក់សម្រាប់ព្យាបាល​​អង្គែ តែត្រូវអនុវត្ត​តាមការណែនាំ​របស់​ផលិតផលដោយប្រុងប្រយ័ត្ន។

អង្គែ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៤. ខានកក់សក់យូរ

នៅពេលយើងមិនបានកក់សក់ញឹកញាប់ សក់ ស្បែកក្បាល និងឫសសក់នឹងឡើងប្រេង ឬក្អែលដែលបណ្តាលឱ្យមាស់។ បើមានបញ្ហាដូច្នេះ យើងគួរកក់សក់មួយថ្ងៃរំលងមួយថ្ងៃ។

៥. បែកញើសច្រើន

លើសពីនេះទៅទៀត ស្បែកក្បាលអាចរមាស់ដោយសារការបែក​ញើស​ច្រើន ព្រោះញើសផ្សំ​ឡើង​ពីទឹក ជាតិខ្លាញ់ និងអំបិល។ នៅពេល​ញើស​ស្ងួត សារធាតុទាំងនេះ​នឹងជាប់នៅលើ​ស្បែក​ក្បាល​យើងដែលធ្វើឱ្យរមាស់។ ដូច្នេះបន្ទាប់ពីបែកញើសច្រើន យើងគួរកក់សក់។

៦. កើតស្រែង

ស្បែកក្បាលយើងអាចកើតស្រែងដោយសារឆ្លងមេរោគផ្សិតដែលបណ្តាល​ឱ្យ​រមាស់ និងឡើង​កន្ទួលក្រហម​រាងដូចរង្វង់។ បើយើងមានអាការៈ​​​បែបនេះ អាចលាបថ្នាំព្យាបាលស្រែង។

៧. កើតចៃ

ចៃអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបើសិនយើងគេងនៅជិតគ្នា ឬប្រើកន្សែងជូតសក់ ក្រាស់ ឬខ្នើយរួមគ្នា។ ចៃ​ពង​នៅ​គល់​សក់ ហើយកើន​ចំនួនយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ចៃខំាស្បែកក្បាលយើងដើម្បី​បឺតឈាមដែលជាហេតុធ្វើឱ្យរមាស់​ស្បែកក្បាល។

បើសង្ស័យថាមានចៃ យើងអាចពឹងឱ្យអ្នកផ្ទះជួយរកមើលថា មាន​ពង​ចៃនៅលើសក់ឬទេ? បើឃើញ​យើងអាចប្រើសាប៊ូកម្ចាត់ចៃ ប្រើស្និតសិត​ចៃ និងពឹងឱ្យអ្នកផ្ទះជួយបូតពងចៃដើម្បីឱ្យឆាប់អស់។

បើយើងរមាស់ស្បែកក្បាល គួរពឹងឱ្យអ្នកផ្ទះជួយមើលស្បែកក្បាល ទើបដឹងថាមកពីមូលហេតុ​អ្វីឱ្យប្រាកដ។ ហើយបើយើងរមាស់ស្បែកក្បាល​លើសពី ២សប្តាហ៍ឡើង រួមទាំងមានអាការៈដូចជា មាន​ដុំពក ឬ​ឈឺ​ចាប់​ជាដើម យើងគួរទៅជួបគ្រូពេទ្យសើស្បែក។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអាចបណ្តាលឱ្យយើងរមាស់ស្បែកក្បាល និងវិធី​ដោះ​ស្រាយ៖
  • អង្គែ៖ ប្រើសាប៊ូកក់សក់សម្រាប់ព្យាបាលអង្គែ
  • រលាកឫសសក់៖ អាចជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃដោយខ្លួនឯង តែបើ​ធ្ងន់ធ្ងរគ្រូពេទ្យ​សើ​ស្បែក​​អាចចេញថ្នាំផ្សះឱ្យយើងប្រើ
  • ខានកក់សក់យូរ៖ កក់សក់មួយថ្ងៃរំលងមួយថ្ងៃ
  • បែកញើសច្រើន៖ កក់សក់បន្ទាប់ពីបែកញើសច្រើន
  • កើតស្រែង៖ យើងអាចលាបថ្នាំព្យាបាលស្រែង
  • កើតចៃ៖ ប្រើសាប៊ូកម្ចាត់ចៃ ប្រើស្និតសិតចៃ និងពឹងឱ្យអ្នកផ្ទះជួយបូតពងចៃដើម្បីឱ្យឆាប់អស់

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម