១. ល្ហុង
កំពូលអាហារមួយមុខនេះសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនA, C, E និងK ព្រមទាំងជាតិរ៉ែ ដែលអាចជួយជំរុញភាពយឺតនៃស្បែក ព្រមទាំងកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព។ ផ្លែល្ហុងក៏មានផ្ទុកអង់ស៊ីម ដែលជាសមាសធាតុប្រឆាំងនឹងការរលាក និងផ្ដល់អត្ថប្រយោជន៍ប្រឆាំងនឹងភាពចាស់។ ដូច្នេះហើយ ស្រីៗយើងគប្បីបញ្ចូលផ្លែឈើដែលមានសារធាតុចិញ្ចឹមនេះនៅក្នុងអាហារពេលព្រឹក ដើម្បីសម្រស់ស្រស់ថ្លា និងក្មេងជាងវ័យ។
២. ផ្លែប័រ
ផ្លែប័រគឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងប្រភពនៃខ្លាញ់ល្អ។ បន្ថែមពីនេះ វាក៏មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារធ្វើឲ្យយើងឆាប់ចាស់មុនវ័យ។ ផ្លែប័រក៏មានផ្ទុកវីតាមីនA, C,E និងK ព្រមទាំងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត។ វីតាមីនA ដែលមាននៅក្នុងផ្លែប័រជួយកម្ចាត់កោសិកាស្បែកងាប់ និងជួយធ្វើឲ្យស្បែកភ្លឺរលោង។
៣. ការ៉ុត
ការ៉ុតគឺជាប្រភពនៃវីតាមីនCដ៏ល្អ ដែលជួយបង្កើនការផលិតជាតិខូឡាជែននៅក្នុងរាងកាយ ជំរុញភាពយឺតនៃស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងស័ក្ដិសិទ្ធិ។ ជាងនេះទៅទៀត ការ៉ុតក៏មានជាតិសរសៃខ្ពស់ និងទឹកផងដែរ។ ប៉ុន្តែ ការញ៉ាំការ៉ុតនៅក្នុងបរិមាណច្រើន មិនមែនជាជម្រើសដ៏ល្អឡើយ។
៤. តែបៃតង
ជាមួយគ្នានេះដែរ តែបៃតងមានផ្ទុកសារជាតិCatechins ដែលអាចប្រឆាំងនឹងស្នាមជ្រីវជ្រួញ មុន និងបញ្ហាស្បែកជាច្រើនទៀត។ ដើម្បីទទួលបានស្បែកភ្លឺរលោង និងមានសុខភាពល្អ ស្រីៗយើងគប្បីញ៉ាំតែបៃតងជំនួសភេសជ្ជៈប៉ូវកម្លាំង ឬកាហ្វេ។

៥. សូកូឡាខ្មៅ
សូកូឡាពណ៌ខ្មៅមានសារជាតិflavonols ដែលមានតួនាទីប្រឆាំងនឹងការរលាក។ លើសពីនេះ វាក៏ជាប្រភពនៃវីតាមីនC និងE ដែលអាចជួយប្រឆាំងនឹងភាពចាស់បានផងដែរ ហើយបរិមាណកាកាវនៅក្នុងសូកូឡាពណ៌ខ្មៅកាន់តែច្រើន វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មកាន់តែខ្លាំង។