អ្នកដែលមានស្បែកស្ងួត ច្បាស់ជាមានការព្រួយបារម្ភខ្លាំងណាស់ចំពោះស្បែកនៅរដូវនេះ ពីព្រោះវាអាចធ្វើឲ្យស្បែកមានបញ្ហាជាច្រើនកើតឡើង។ ពិតណាស់ ការថែទាំស្បែកឲ្យមានសំណើម និងចៀសឆ្ងាយពីបញ្ហាស្បែកស្ងួត ជ្រីវជ្រួញ គឺទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់ នៅពេលដែលយើងមានអារម្មណ៍ថា អាកាសធាតុត្រជាក់ជិតចូលមកដល់។ ហេតុនេះហើយ ដើម្បីការពារស្បែកពីអាកាសធាតុត្រជាក់ និងរក្សាស្បែកឲ្យមានសុខភាពល្អ យើងគួរតែផ្លាស់ប្ដូរទម្លាប់ថែទាំស្បែកខ្លះៗ នៅក្នុងរដូវនេះ។
១. កុំងូតទឹកយូរពេក
ជាធម្មតា ការងូតទឹកក្ដៅនៅក្នុងរដូវនេះ គឺពិតជាផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ព្រមទាំងផាសុខភាពដល់យើងជាក់ជាមិនខាន។ ប៉ុន្តែ វាក៏មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្បែករបស់យើងផងដែរ ពីព្រោះវាស្រូបយកនូវប្រេងធម្មជាតិនៃស្បែករបស់យើង ហើយបណ្ដាលឲ្យស្បែកកាន់តែស្ងួតទ្វេដង។ ដូចនេះ ចូរកំណត់ពេលវេលាងូតទឹកឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយភាពស្ងួតនៃស្បែក។
២. ផ្ដល់សំណើមដល់ស្បែកភ្លាមៗបន្ទាប់ពីងូតទឹករួច
ជាទូទៅ ស្បែករបស់យើងនៅមានភាពសើមតិចតួច បន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ការលាបក្រែមផ្ដល់សំណើមដល់ស្បែកភ្លាមៗ នឹងធ្វើឲ្យស្បែកយើងស្រូបយកជាតិក្រែមបានល្អ ព្រមទាំងអាចរក្សាសំណើមបានយូរថែមទៀតផង។
៣. បង្កើតទម្លាប់ថែទាំស្បែកទៅតាមរដូវកាល
រដូវរងា អាចនាំមកនូវបញ្ហាស្បែកជាច្រើន ដែលទាមទារឲ្យយើងត្រូវស្វែងរកដំណោះស្រាយសមស្របឲ្យបានទាន់ពេលវេលា។ ដូចនេះ យើងគួរតែបង្កើតទម្លាប់ថែទាំស្បែកសម្រាប់រដូវរងានេះ ដែលអាចការពារស្បែកពីបញ្ហាស្បែកស្ងួតគ្រើម និងមិនភ្លឺថ្លា។ ជាមួយគ្នានេះដែរ ការជ្រើសរើស ផលិតផលថែទាំស្បែកដែលមានជាតិសំណើមខ្ពស់ គឺជារឿងចាំបាច់បំផុតដែលយើងមិនគួរមើលរំលងឡើយ។
៤. ពាក់ស្រោមជើងពេលគេង
មនុស្សភាគច្រើន ប្រឈមនឹងបញ្ហាស្ងួតជើង នៅក្នុងអំឡុងពេលរដូវរងានេះ ដែលអាចធ្វើឲ្យមានបញ្ហាប្រេះកែងជើង និងមានភាពឈឺចាប់ជាដើម។ ដូច្នេះហើយ យើងគួរលាបក្រែមផ្តល់សំណើម ឬប្រេងចាហួយ ព្រមទាំងពាក់ស្រោមជើងមុនពេលចូលគេងឲ្យបានខ្ជាប់ខ្ជួន។
ការផ្លាស់ប្ដូរទម្លាប់ថែទាំស្បែកដ៏តិចតួចនេះ នឹងធ្វើឲ្យស្បែកយើងលែងមានបញ្ហាតទៅនេះ នៅគ្រប់រដូវកាល។
[embed-health-tool-vaccination-tool]