ការរាប់អានមិត្តភ័ក្ដិថ្មីៗ និងបង្កើតទំនាក់ទំនងថ្មីៗជាមួយអ្នកដទៃ គឺមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ហើយចំណែកក្មេងៗវិញ អាចនឹងមានអារម្មណ៍ថា នោះជារឿងដ៏លំបាកមួយ។ អ៊ីចឹងហើយ ដើម្បីជួយបង្កើនជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន ប៉ាម៉ាក់គួរចាប់ផ្តើមបង្រៀនកូនតាំងពីនៅវ័យក្មេង ទើបជាការប្រសើរ។
ទាំងនេះ គឺជាគន្លឹះមួយចំនួន ដែលអាចជួយអភិវឌ្ឍន៍ជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន
១. លើកទឹកចិត្តឲ្យកូនចេះសម្លឹងមើលភ្នែកដៃគូ
វិធីសាស្ត្រដ៏សាមញ្ញមួយនេះ អាចជួយបង្កើនជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន ពីព្រោះវាបង្ហាញថា យើងកំពុងតែស្តាប់ការសន្ទនា ហើយក៏កំពុងចូលរួមនៅក្នុងបរិយាកាសសង្គមដូចគ្នា។
មួយវិញទៀត ការធ្វើបែបនេះ អាចបង្ហាញពីទំនុកចិត្តចំពោះខ្លួនឯង ក៏ដូចជាការឲ្យតម្លៃដល់ដៃគូម្ខាងទៀតផងដែរ។
២. រៀនសួរសំណួរ
អំឡុងពេលសន្ទនា ការសួរសំណួរ អាចជួយឲ្យកូនភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ។ បន្ថែមពីនេះ ប៉ាម៉ាក់គួរបង្រៀនកូនឲ្យចេះសួរសំណួរបើក ជាជាងសួរសំណួរដែលមានតែចម្លើយបាទ ឬចាស។
៣. ស្គាល់ពីដែនកំណត់របស់កូន
ចំពោះកុមារដែលចូលចិត្តភាពស្ងប់ស្ងាត់ អាចនឹងឆាប់មានអារម្មណ៍នឿយណាយ នៅពេលដែលស្ថិតនៅកន្លែងអ៊ូអរ និងមានមនុស្សច្រើន។ ដូច្នេះហើយ ប៉ាម៉ាក់មិនគួរបង្ខំកូនឲ្យព្យាយាមសម្របខ្លួនទៅក្នុងបរិយាកាសសង្គមដែលកូនមិនពេញចិត្តឡើយ ដោយគួរទុកឱកាស និងពេលវេលាឲ្យកូនអាចចាប់ផ្តើមបន្តិចម្តងៗ ទៅតាមសមត្ថភាពផ្ទាល់ខ្លួន។
[embed-health-tool-child-growth-chart]
៤. លើកទឹកចិត្តឲ្យកូនត្រៀមខ្លួនសម្រាប់ជំនាញសង្គមកម្រិតខ្ពស់
ជំនាញសង្គមកម្រិតខ្ពស់ ដូចជាការចរចា ដំណោះស្រាយជម្លោះ និងការនិយាយជាសាធារណៈ នឹងមានសារៈសំខាន់នៅពេលដែលកូនកាន់តែធំ ដូច្នេះហើយ ប៉ាម៉ាក់គួរចាប់ផ្តើមបង្ហាត់បង្រៀនកូនតាំងពីវ័យក្មេងទៅ តាមរយៈការលើកទឹកចិត្តឲ្យកូននិយាយរឿង និងនិយាយក្នុងចំណោមក្រុមមិត្តភ័ក្ដិ ឬសាច់ញាតិ ព្រមទាំងបញ្ចេញភាសាកាយវិការនៅពេលធ្វើការទំនាក់ទំនង។
៥. ធ្វើជាគំរូល្អដល់កូន
ជាមួយគ្នានេះដែរ ដើម្បីពង្រឹងជំនាញទំនាក់ទំនងក្នុងសង្គមដល់កូន ប៉ាម៉ាក់ក៏ចាំបាច់ត្រូវធ្វើជាគំរូដ៏ល្អ ផងដែរ ដូចជាការមានទំនួលខុសត្រូវ យកចិត្តទុកដាក់ក្នុងការស្តាប់ បង្ហាញពីជំនាញទំនាក់ទំនងល្អ និងចេះគោរព ក៏ដូចជាឲ្យតម្លៃដល់ដៃគូ។
បន្ថែមពីនេះ យើងត្រូវពន្យល់កូនឲ្យចេះសម្លឹងភ្នែកដៃគូ សូមអភ័យទោស នៅពេលដែលប្រព្រឹត្តកំហុសឆ្គង និងចេះយល់ពីអារម្មណ៍ដៃគូ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?