backup og meta

ម៉ាក់​ៗ​គួរ​ដឹង​ មូលហេតុ​ទាំង​៥​នេះ​ ធ្វើ​ឲ្យ​អា​អូន​មិន​គេង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    ម៉ាក់​ៗ​គួរ​ដឹង​ មូលហេតុ​ទាំង​៥​នេះ​ ធ្វើ​ឲ្យ​អា​អូន​មិន​គេង​

    ​​​ម៉ាក់​ៗ​ប្រហែល​ជា​សម្គាល់​ឃើញ​ថា​ កូន​តូច​​មិន​គេង​​​ពេញ​មួយ​យប់​​ដូច​យើង​​នោះ​ទេ​​ ហើយ​បញ្ហា​នេះ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ពី​ព្រោះ​អា​អូន​មិន​ទាន់​ស៊ាំ​ទៅ​នឹង​ការ​គេង​៨​​ម៉ោង​ជាប់​​នៅ​​ឡើយ​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​បង្ហាត់​ឲ្យ​កូន​គេង​ ដោយ​មិន​មាន​ការ​រំខាន​ សូម្បី​តែ​រយៈពេល​ខ្លី​ ក៏​មិន​មែន​​ជា​រឿង​ងាយ​ស្រួល​ដែរ​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​អា​អូន​​​អស់​កម្លាំង​ខ្លាំង​ តែ​មិន​ព្រម​គេង​ទាល់​តែ​សោះ​ គឺ​​អាច​បណ្ដាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ​។

    . នាឡិកា​ខាងក្នុង​​ខ្លួន​​​អា​អូន​​មិន​ត្រូវ​គ្នា​នឹង​កាលវិភាគ​២៤​ម៉ោង​

    ​​​ពិត​ណាស់​ ទារក​កំពុង​តែ​អភិវឌ្ឍ​​​ចង្វាក់​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​​ដោយ​ខ្លួន​ឯង​។​ ខណៈ​ពេល​ដែល​អា​អូន​​ត្រូវ​ការ​រយៈពេល​១២​សប្ដាហ៍​ ដើម្បី​​ស្គាល់​ពី​ភាព​ខុស​គ្នា​រវាង​ថ្ងៃ​ ​និង​យប់​ ម៉ាក់ៗ​អាច​​បង្កើន​​ពេល​វេលា​ដែល​អា​អូន​ភ្ញាក់​នៅ​ពេល​ថ្ងៃ​ឲ្យ​បាន​យូរ​បន្តិច​ ដើម្បី​ធានា​ថា​ពួកគេ​គេង​បាន​យូរ​ជាង​មុន​នៅ​ពេល​យប់​។​ ម្យ៉ាង​វិញ​ទៀត​ ម៉ាក់​ៗ​ក៏​អាច​​​នាំ​អា​អូន​ចេញ​ទៅ​ខាង​ក្រៅ​ ដើម្បី​ឲ្យ​ពួក​គេ​​ត្រូវ​ពន្លឺ​ធម្មជាតិ​ ដូច្នេះ​ ពួកគេ​នឹង​អាច​កំណត់​វដ្ដ​នៃ​ការ​គេង​ឡើង​វិញ​។​

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    . ឃ្លាន

    ​​​​​​​ដោយ​សារ​តែ​ទារក​​មិន​អាច​ប្រាប់​​យើង​​​ដោយ​ផ្ទាល់​​​ ប៉ុន្តែ​ម៉ាក់ៗ​អាច​ធ្វើ​ការ​សង្កេត​នៅ​ពេល​ពួក​គេ​យំ​ ឬ​ក៏​មិន​ព្រម​គេង​ជាដើម​​ ថា​ពួកគេ​ប្រហែល​ជា​​ចង់​បាន​អ្វី​មួយ​​មិន​ខាន​។​ ប្រសិន​បើ​​ទារក​មិន​ព្រម​គេង​ទាល់​តែ​សោះ​ ​ពួក​គេ​អាច​នឹង​ឃ្លាន​ ឬ​ស្រេក​ទឹក​។​ ទោះ​បី​ជា​​ម៉ាក់​ៗ​បាន​​​​​បំបៅ​អា​អូន​មួយ​ម៉ោង​ ឬ​ពីរ​ម៉ោង​មុន​ក៏​ពិត​មែន​ ​ពួក​គេ​អាច​​នឹង​ឃ្លាន​ទៀត​ក៏​ថា​បាន​។​

    . ​អស់​កម្លាំង

    ​​​​ទារក​អាច​នឹង​មួម៉ៅ ឬ​រញ៉ាំ​រញ៉ូវ​ ​ប្រសិនបើ​ពួកគេ​ហត់​នឿយ​​ខ្លាំង​ នៅ​ពេល​ថ្ងៃ​ ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ក្នុង​ការ​គេង​ ឬ​ក៏​ភ្ញាក់​ញឹកញាប់​នៅ​ពេល​យប់​។​ ដូច្នេះ​ ម៉ាក់​ៗ​គួរ​កត់​សម្គាល់​មើល​​ពី​សញ្ញា​ដែល​ទារក​ងងុយ​គេង​ ដូចជា​ញី​ភ្នែក​ ទាញ​ត្រចៀក​ ​សក់​ ឬ​ស្ងាប​ជាដើម​ ដោយ​​ប្រញាប់​​ដាក់​ឲ្យ​ពួក​គេ​គេង​ភ្លាម​ៗ​ ព្រម​ទាំង​រុំ​ខ្លួន​​ពួក​គេ​ឲ្យ​ណែន​ជា​មុន​បន្តិច​ ដើម្បី​​ឲ្យ​អា​អូន​មាន​អារម្មណ៍​កក់​ក្ដៅ​​ និង​គេង​លក់​ស្កប់ស្កល់​។

    ទារកមិនគេង២

    . មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ខ្លួន​

    ​​ជាមួយ​គ្នា​នេះ​ដែរ​ ​នៅ​ពេល​ដែល​អា​អូន​មិន​គេង​​សោះ​ ម៉ាក់​ៗ​ក៏​អាច​រក​មើល​សញ្ញា​ដែល​​ធ្វើ​ឲ្យ​អា​អូន​ពិបាក​ក្នុង​ការ​គេង​ ដូចជា​សីតុណ្ហភាព​​ក្ដៅ​ ឬ​ត្រជាក់​ពេក​ ខោ​ទឹក​នោម​តឹង​ ឬ​​សើម​ពេក​ ឬ​អា​​អូន​បន្ទោបង់​ជាដើម​។​

    អត្ថបទគួរអាន៖

    . អា​អូន​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​ម៉ាក់​ៗ

    ​​ពេល​ខ្លះ​ កូន​តូច​ត្រូវការ​​ការ​លួងលោម​ និង​បបោសអង្អែល​​ពី​ម៉ាក់ៗ​ផង​ដែរ​។​ ​ដើម្បី​ឲ្យ​អា​អូន​អាច​គេង​លក់​បាន​ ម៉ាក់​ៗ​គួរ​បី​ត្រកង​​ដោយ​ដាក់​អា​អូន​ផ្អឹប​ទៅ​នឹង​ដើម​ទ្រូង​ ឬ​ក៏​​គេង​ឱប​អា​អូន​​។ល។​ ធ្វើ​ដូច​នេះ​ ពួក​គេ​​នឹង​មាន​អារម្មណ៍​​សុវត្ថិភាព​​ ព្រម​ទាំង​អាច​គេង​លក់​ស្រួល​មិន​ខាន​។

    ចំណុចសំខាន់

    ប្រសិនបើ​អា​អូន​​​អស់​កម្លាំង​ខ្លាំង​ តែ​មិន​ព្រម​គេង​ទាល់​តែ​សោះ​ គឺ​​អាច​បណ្ដាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ​៖
    ១. នាឡិកាខាងក្នុងខ្លួន​អា​អូន​មិន​ត្រូវ​គ្នា​​នឹង​កាលវិភាគ​២៤​ម៉ោង
    ២. ឃ្លាន
    ៣. អស់​កម្លាំង
    ៤. មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ខ្លួន​
    ៥. អា​អូន​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​ម៉ាក់​ៗ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម