ម៉ាក់ប៉ាមួយចំនួនច្រើនមានកង្វល់ទាក់ទងនឹងការបន្ទោរបង់របស់កូនតូច ដោយកូនជុះច្រើនពេកក៏ភ័យ កូនមិនជុះក៏ភ័យ ខ្លាចមានបញ្ហាអីមួយមិនប្រក្រតី។ អ៊ីចឹងដើម្បីឲ្យអស់បារម្ភ Hello គ្រូពេទ្យ នឹងលម្អិតពីភាពញឹកញាប់នៃការបន្ទោបង់របស់ទារក។
បើតាមលោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ ទារកបន្ទោបង់តិច ឬច្រើន ញឹកញាប់ ឬមិនសូវញឹកញាប់ អាស្រ័យទៅលើរបបអាហាររបស់កូន ក្នុងនោះកូនតូចដែលម៉ឹមទឹកដោះម្តាយ បន្ទោបង់ញឹកញាប់ជាងកូនដែលបៅទឹកដោះគោ។
ចំពោះមូលហេតុដែលទារកម៉ឹមដោះម្តាយ ជុះញឹកញាប់ជាងទារកបៅទឹកដោះគោនោះ ដោយសារតែទឹកដោះម្តាយជួយចលនាពោះវៀន សម្បូរសារធាតុចិញ្ចឹម វីតាមីន និងអង់ទីករការពារទារកពីជំងឺផ្សេងៗ ហើយក៏ជួយដល់ការវិវត្តក្រពះពោះវៀនទារកឲ្យរឹងមាំល្អ អាចកិនរំលាយអាហារបាន មិនមានប្រតិកម្មជាមួយអ្វីផ្សេងធ្វើឲ្យរាករូស។ ការជួយដល់ចលនាក្រពះពោះវៀននេះហើយ ទើបធ្វើឲ្យក្មេងដែលម៉ឹមទឹកដោះម្តាយ បន្ទោរបង់ញឹកញាប់ និងទៀងពេល មិនសូវមានបញ្ហាបន្ទោបង់។
វេជ្ជបណ្ឌិតដែលធ្លាប់បម្រើការងារនៅមន្ទីរពេទ្យកុមារអង្គររូបនេះបញ្ជាក់ថា ចំនួននៃការជុះរបស់ក្មេងខុសគ្នាពីក្មេងម្នាក់ទៅម្នាក់ តែក្មេងទើបនឹងកើតបន្ទោបង់ញឹកញាប់ខ្លាំងទាំង អាចនោម និងជុះ ៥-១០ដង/ថ្ងៃ ហើយចំនួននៃការបន្ទោបង់កាត់បន្ថយបន្តិចម្តងៗ ទៅតាមវ័យធំធាត់របស់គេ។ ទោះក្មេងជុះច្រើនដង ឬតិចដងខុសធម្មតា តែមិនមានសញ្ញាខុសប្រក្រតី មិនចោទជាបញ្ហាឡើយ។
[embed-health-tool-baby-poop-tool]
ចំពោះសញ្ញាដែលត្រូវបារម្ភខ្លាចកូនមានបញ្ហាសុខភាពដោយសារតែបន្ទោបង់ញឹកញាប់ជ្រុល ឬមិនជុះច្រើនថ្ងៃនោះ រួមមាន កូនមិនព្រមម៉ឹម គិតតែពីគេង ហើមពោះ ក្អួត ក្តៅខ្លួន ហើយ លាមករាវ ឬរឹងជ្រុល ថែមទាំងមានពណ៌ខុសប្រក្រតី គឺលាមកពណ៌ក្រហម លាមកពណ៌ខ្មៅស្អុយខុសធម្មតា ឬលាមកមានពណ៌ស។
អត្ថបទគួរអាន៖