backup og meta

ពេលណាទារកចេះក្រឡាប់? ម៉ាក់ប៉ាគួរជួយកូនបែបណា​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 07, 2022

    ពេលណាទារកចេះក្រឡាប់? ម៉ាក់ប៉ាគួរជួយកូនបែបណា​ខ្លះ?

    ការចេះក្រឡាប់គឺជំហានលូតលាស់ដ៏ធំមួយសម្រាប់ទារកដែលមាន​ន័យ​ថា ទារកអាច​គ្រប់គ្រង​សាច់ដុំនៃរាងកាយដើម្បីធ្វើចលនា។ នៅក្នុង​ដំណាក់កាលដ៏សំខាន់នេះ ម៉ាក់ប៉ាគួរ​ជួយ​ជំរុញឱ្យ​ទារក​ចេះក្រឡាប់ឆាប់ ដើម្បីឱ្យទារកចេះលូន ឬវារ អង្គុយ តោងឈរ និងដើរឆាប់។ ម៉ាក់​ប៉ា​អាចជួយ​ទារកឱ្យចេះក្រឡាប់តាមវិធីណាខ្លះ?

    ជាទូទៅ ទារកនឹងចាប់ផ្តើមចេះក្រឡាប់នៅអាយុ ៤ខែ ហើយមុននឹងទារកចេះក្រឡាប់ ទារក​នឹង​រក​កល់ផ្អៀងទៅម្ខាង។ បើម៉ាក់ប៉ាសង្កេតឃើញអូនតូចមានអាការៈបែបនេះ ម៉ាក់ប៉ាអាចជួយជំរុញឱ្យអូនតូច​ឆាប់​​ចេះ​ក្រឡាប់ដោយអនុវត្ត​តាម​វិធី​មួយ​ចំនួន​បាន។

    ១. ឧស្សាហ៍ឱ្យអូនតូចគេងផ្កាប់

    ពេលអូនតូចភ្ញាក់ ប៉ាម៉ាក់អាចឱ្យអូនតូចគេងផ្កាប់លើពូក ភួយ ឬ​កន្សែង​​​ពីរបីដងក្នុងមួយថ្ងៃ​ដើម្បី​ជួយ​ពង្រឹងសាច់ដុំក ស្មា ដៃ និងពោះរបស់អូនតូចដែលជួយឱ្យចេះ​ក្រឡាប់​ឆាប់។ វេជ្ជបណ្ឌិត​មួយ​ចំនួន​ណែនាំឱ្យម៉ាក់ប៉ារុំកន្សែងជាដុំមូលទ្រវែង រួចកល់ទ្រូងអូនតូច​ដើម្បី​​ជំនួយ​បន្ថែម។

    ម៉ាក់ប៉ាអាចដាក់អូនតូចឱ្យគេងផ្កាប់បែបនេះរយៈ ៣ ទៅ ៥ នាទី រួចដាក់ឱ្យគេងផ្ងារវិញ​ដើម្បី​ឱ្យអូនតូចសម្រាក។ បើម៉ាក់ប៉ាឃើញ​អូន​តូចយំ ឬគេងមិនងើបក្បាល មានន័យថាកូនអាច​អស់​កម្លាំង ឬមិនស្រួលក្នុងខ្លួនពេលគេងផ្កាប់ហើយ ដូច​នេះប៉ាម៉ាក់ត្រូវដាក់អូនតូចឱ្យគេង​ផ្ងារវិញ។

    ២. ឱ្យកូនលេងពេលគេងផ្ងារ

    ការលេងពេលគេងផ្ងារជំរុញឱ្យអូនតូចធាក់ជើងដែលជួយពង្រឹងសាច់ដុំជើង និងធ្វើចលនាដៃដែលនឹងជួយឱ្យអូនតូច​ឆាប់ចេះក្រឡាប់។

    ៣. ដាក់ឱ្យអូនតូចគេងផ្អៀង

    ការ​គេង​ផ្អៀងមិនត្រឹមតែអាចជួយឱ្យអូនតូចឆាប់ចេះក្រឡាប់ទេ ថែមទាំងអាចជួយអូនតូចលេង ​និង​ឈោង​យករបស់លេងកាន់តែស្រួល។

    ពេលអូនតូចភ្ញាក់ ម៉ាក់ប៉ាអាចដាក់ឱ្យគេងផ្អៀងដោយយកដៃម្ខាងជួយទប់ខ្នង ឬដាក់ខ្នើយ​កល់។ ដៃទាំងសងខាងរបស់អូនតូចគួរ​តែនៅខាងមុខ ហើយត្រគាក និងជង្គង់គួរកោងបន្តិច​​។

    ម៉ាក់ប៉ាត្រូវប្តូរឱ្យអូនតូចគេងផ្អៀងទៅម្ខាងទៀត ដើម្បីជួយពង្រឹងសាច់​ដុំសងខាងរាងកាយ​របស់​អូន​ក្នុង​ពេល​ដំណាល់គ្នា។

    គេងផ្អៀង

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. ទាញចំណាប់អារម្មណ៍កូន

    នៅពេលម៉ាក់ប៉ាដាក់អូនតូចឱ្យគេងផ្កាប់ ផ្ងារ ឬផ្អៀង​គួរទាញចំណាប់​អារម្មណ៍​អូនតូចឱ្យ​ប្រឹង​ងើបក្បាល កម្រើកខ្លួន ដោយមើលមុខ និយាយជាមួយ សើចដាក់ ឬច្រៀងឱ្យស្តាប់។ប៉ាម៉ាក់ក៏អាចដាក់ប្រដាប់ប្រដាលេងនៅពីមុខអូនតូច ដើម្បីឱ្យកូនងើបក្បាលមើល ឈោង​ចាប់ និងធាក់ជើងជាដើម។

    ម្យ៉ាងទៀត​ ម៉ាក់ប៉ាក៏អាចគេងក្បែរ រួចមើលមុខ និយាយជាមួយ សើចដាក់ ឬច្រៀងឱ្យអូនតូចស្តាប់​ដែរ​ដើម្បីឱ្យអូនតូចផ្អៀងទៅរកម៉ាក់ប៉ា។

    ៥. ជួយលើកជើង​កូនផ្អៀងទៅម្ខាង

    ការជួយលើកជើងអូនតូចផ្អៀងទៅម្ខាងអាចជួយបង្រៀនឲ្យ​កូនចេះលើក​ជើង និងផ្អៀងត្រគាក​ដើម្បី​ក្រឡាប់។ ម៉ាក់ប៉ាអាចដាក់​អូនតូច​ឱ្យគេង​ផ្ងារ រួចជួយលើកជើងអូនតូចមួយចំហៀង ហើយយកដៃម្ខាងទៀត​ទប់ជើងម្ខាងទៀត។

    បន្ទាប់មកជួយលើកជើងឱ្យអូនតូចក្រឡាប់ដោយយឺតៗ។ បន្ទាប់​​ពី ៣ ទៅ ៥នាទី ម៉ាក់ប៉ាអាចដាក់អូនតូចឱ្យគេងផ្ងារវិញដើម្បីសម្រាក។

    បន្ទាប់ពីសម្រាករួច ម៉ាក់ប៉ាត្រូវជួយលើកជើងម្ខាងទៀតដើម្បី​ឱ្យ​អូនតូចក្រឡាប់ទៅម្ខាងទៀត។ ពេលអូនតូចគេងផ្កាប់ ម៉ាក់ប៉ាត្រូវ​ប្រាកដ​ថា ខ្លួនមិនសង្កត់ដៃកូន។

    ទារកអាចចាប់ផ្តើមចេះក្រឡាប់នៅអាយុ ៤ ខែទៅ ៦ ខែទៅតាមសុខភាពទារក។ ជាពិសេស​ទារក​កើតមិនគ្រប់ខែអាចក្រចេះក្រឡាប់ ព្រោះ​មានសុខភាពខ្សោយ។ ប្រសិនបើដល់អាយុ ៧ ខែ​ហើយ អូនតូចនៅមិនទាន់ចេះក្រឡាប់ទៀត ម៉ាក់ប៉ាគួរនាំអូនតូចទៅជួយពេទ្យ។

    អត្ថបទគួរអាន៖

    ចំំណុចសំខាន់៖

    បើម៉ាក់ប៉ាសង្កេតឃើញអូនតូចរកកល់ផ្អៀងខ្លួន អាចជួយជំរុញឱ្យអូនតូច​ឆាប់​ចេះ​ក្រឡាប់ដោយ៖
    • ឧស្សាហ៍ឱ្យអូនតូចគេងផ្កាប់ដើម្បី​ជួយ​ពង្រឹងសាច់ដុំក ស្មា ដៃ និងពោះ
    • ដាក់ឱ្យអូនតូចគេងផ្អៀងទាំងសងដើម្បីជួយពង្រឹងសាច់ដុំសងខាងរាងកាយ​ពេល​ដំណាលគ្នា
    • ឱ្យអូនតូចលេងពេលគេងផ្ងារអាចជួយជំរុញឱ្យកូន​ធាក់ជើងដែលអាច​ជួយពង្រឹងសាច់ដុំជើង
    • ទាញចំណាប់អារម្មណ៍អូនតូចឱ្យ​ព្រឹង​ងើបក្បាល កម្រើកខ្លួនដោយលេង និយាយ មើលមុខ គេងក្បែរជាដើម
    • ជួយលើកជើងអូនតូចផ្អៀងទៅម្ខាងអាចជួយបង្រៀនឱ្យអូនតូចលើកជើង និងផ្អៀងត្រគាក​ដើម្បី​ក្រឡាប់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម