ជំងឺស្លេកស្លាំងអាចកើតលើកុមារដែលបណ្ដាលមកពីខ្វះជាតិដែកហើយបណ្តាលឱ្យកុមារស្លេកស្លាំង។ ម៉េចបានជាខ្វះជាតិដែកបង្កឱ្យកុមារស្លេកស្លាំង? ហើយជំងឺនេះបង្កផលវិបាកសុខភាពអ្វីខ្លះដល់កុមារ? ម៉ាក់ប៉ាគួរការពារកូនពីការខ្វះជាតិដែកដោយរបៀបណា?
លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា ជាតិដែកជាសារធាតុរ៉ែដែលមានមុខងារក្នុងការចូលរួមសំយោគ DNA នៅក្នុងកោសិកា និងជាសារធាតុផ្សំមួយយ៉ាងសំខាន់របស់ហ៊ីម (Heme) ដែលមាននៅក្នុងម៉ូលេគុលហេម៉ូក្លូប៊ីន (Hemoglobin) របស់គ្រាប់ឈាមក្រហម។
ដូច្នេះហើយនៅពេលខ្វះជាតិដែក ការផលិតហ៊ីមនៅក្នុងគ្រាប់ឈាមក្រហមមិនបានល្អ ទើបបង្កឱ្យទៅជាខ្វះគ្រាប់ឈាមក្រហម ហើយស្តែងជាភាពស្លេកស្លាំង។
១. រោគសញ្ញាស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ
កុមារដែលស្លេកស្លាំងដោយសារខ្វះជាតិដែកអាចមានរោគសញ្ញាដូចជា៖
- ស្លេកស្លាំងជាងក្មេងធម្មតា
- ចង្វាក់បេះដូងដើរញាប់ (ដកដង្ហើមញាប់)
- ឆាប់អស់កម្លាំង ឬខ្សោយ
- មិនសូវលូតលាស់
- ក្រចកស្តើង និងងាយរបក
- ឬអាចរើសញុំាចំណីប្លែកៗដូចជា ដី ធ្យូង ក្បឿង។ល។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ផលប៉ះពាល់នៃជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារ
ក. លូតលាស់យឺត
គ្រាប់ឈាមក្រហមមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅគ្រប់កោសិកា។ បើកុមារខ្វះជាតិដែក ការផលិតគ្រាប់ឈាមក្រហមក៏ថយចុះ។ ដូច្នេះការដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅគ្រប់កោសិកាក៏អត់ល្អដែលជាហេតុធ្វើឱ្យកុមារខ្វះសារធាតុចិញ្ចឹម និងលូតលាស់យឺត។
ខ. ខ្សោយបេះដូង
បេះដូងមាននាទីច្រចាច់ឈាមដើម្បីនាំយកសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅឱ្យកោសិកា។ នៅពេលកុមារស្លេកស្លាំងខ្លាំងដោយសារខ្វះជាតិដែក មានន័យថាការផលិតគ្រាប់ឈាមមានការថយចុះ។ ពេលនោះបេះដូងត្រូវខំធ្វើការច្របាច់ឈាមជាងធម្មតា ហើយយូរៗទៅសាច់ដុំបេះដូងដែលខំប្រឹងច្របាច់ឈាមបន្ថែមនឹងចុះខ្សោយ។
គ. បាក់ទឹកចិត្ត
ខួរក្បាលត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដូប៉ាមីន( dopamine) ដែលធ្វើឱ្យយើងរីករាយ។ កាលណារាងកាយកូនខ្វះជាតិដែក ខួរក្បាលផលិតអ័រម៉ូនដូប៉ាមីនតិច ឬមិនផលិតដែលបណ្តាលឱ្យកូនមានបញ្ហាផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬថប់បារម្ភដែលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងប្រាជ្ញាសា្មរតី។
[embed-health-tool-vaccination-tool]
៣. វិធីការពារ
ម៉ាក់ប៉ាអាចការពារ ឬកាត់បន្ថយកុំឱ្យកូនកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកដោយ៖
– ម៉ាក់ៗពពោះ៖ ម៉ាក់ៗត្រូវការពារកូនពីការខ្វះជាតិដែកតាំងពីពេលម៉ាក់ៗពពោះម្ល៉េះ ព្រោះឈាមរបស់ម៉ាក់ៗក៏ដឹកនាំចូលទៅឈាមកូនដែរដើម្បីចិញ្ចឹមកូនឱ្យលូតលាស់។ ដូច្នេះ ម៉ាក់ៗត្រូវញុំាថ្នាំជាតិដែកឱ្យបានគ្រប់ចំនួនដើម្បីចៀសវាងឱ្យជាតិដែករបស់កូនក្នុងផ្ទៃមានគ្រប់គ្រាន់។
– ម៉ាក់ៗបំបៅដោះ៖ ម៉ាក់ៗត្រូវញុំាំចំណីអាហារដែលមានសារធាតុចិញ្ចឹម និងមានជាតិដែកគ្រប់គ្រាន់ដូចជា សាច់ក្រហម ថ្លើម បន្លែបៃតង សណ្តែក ទំពាំងបាយជូរក្រៀមជាដើមដើម្បីផ្តល់ជាតិដែកដល់កូនបានគ្រប់គ្រាន់តាមរយៈទឹកដោះ។
– កូនអាយុចាប់ពី ៦ ខែឡើង៖ ម៉ាក់ៗត្រូវឱ្យកូនញុំាបបរខាប់គ្រប់គ្រឿងដែលមានអង្ករ បន្លែបៃតង សាច់ ស៊ុត ល្ពៅជាដើមបន្ថែមពីលើការបំបៅដោះ ឬទឹកដោះគោម្សៅដើម្បីឱ្យកូនទទួលបានសារធាតុចិញ្ចឹម និងជាតិដែកគ្រប់គ្រាន់។
ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារងាយការពារទេ ម៉ាក់ប៉ាគួរអនុវត្តតាមការណែនាំរបស់លោកវេជ្ជបណ្ឌិតដើម្បីការពារកូនពីការលូតលាស់រាងកាយ និងបញ្ញាស្មារតីយឺត។
អត្ថបទគួរអានៈ
- ជាតិដែករាងកាយកូនត្រូវការទៅតាមវ័យ ម៉ាក់ៗគួរដឹង
- ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ
- ទឹកដោះគោស្រស់ល្អចំពោះកូន តែខ្វះជាតិរ៉ែនេះមួយ អាចបង្កជាជំងឺដល់អាអូនវិញ
- កង្វះជាតិដែក អាចបណ្ដាលឲ្យក្មេងគេងមិនលក់?
- អ្នកខ្វះគ្រាប់ឈាមក្រហម អាចសាកល្បងអាហារទាំង ៣ប្រភេទនេះ
- ហានិភ័យ និងផលប៉ះពាល់គភ៌ក្នុងផ្ទៃ បើម៉ាក់ៗស្លេកស្លាំងពេលពពោះ
ចំណុចសំខាន់
- លូតលាស់យឺត
- ខ្សោយបេះដូង
- បាក់ទឹកចិត្ត
- ម៉ាក់ៗពពោះត្រូវញុំាថ្នាំជាតិដែកឱ្យបានគ្រប់ចំនួន
- ម៉ាក់ៗបំបៅដោះត្រូវញុំាំអាហារសម្បូរជាតិដែកដូចជា សាច់ក្រហម ថ្លើម បន្លែបៃតង សណ្តែក ទំពាំងបាយជូរក្រៀមជាដើម
- កូនអាយុចាប់ពី ៦ ខែឡើងញុំាបបរខាប់គ្រប់គ្រឿង