backup og meta

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជ. ទ្រី លីធាង · ជំងឺកុមារ · មន្ទីរពេទ្យកុមារជាតិ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 25, 2023

    កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

    កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ?

    លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖

    អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក

    របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ

    ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប

    ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង

    ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាតដុះសាច់ក្នុងពោះវៀន

    ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក

    ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ

    លោកវេជ្ជបណ្ឌិត ទ្រី លីធាង
    លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ១. ការធ្វើរោគវិនិច្ឆ័យ

    បើម៉ាក់ប៉ាសង្កេតឃើញកូនមាន​អាការៈស្លេកស្លាំង ម៉ាក់ប៉ាអាចនាំកូនមកពិគ្រោះជាមួយគ្រូពេទ្យ។ គ្រូពេទ្យនឹងធ្វើការពិនិត្យគ្រាប់ឈាមបន្ថែមដោយពិនិត្យលើចំណុចដូចខាងក្រោម​៖

    • កម្រិតហេម៉ូក្លូប៊ីនក្នុងឈាម៖ ថយចុះ
    • ទំហំគ្រាប់ឈាមក្រហម (MCV) ៖ តូចជាងធម្មតា
    • ពណ៌របស់គ្រាប់ឈាមក្រហម (MCHC) ៖ ស្លេកជាងធម្មតា
    • កម្រិតជាតិដែកក្នុងឈាម (Serum Iron) ៖ ថយចុះ
    • ជាតិដែកស្តុកទុក (Ferritin) ៖ ថយចុះ
    • និងអាចធ្វើតេស្ត TIBC ឬ transferrin បន្ថែម ៖ កើនឡើង

    ២. វិធីព្យាបាល

    ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារអាចព្យាបាលតាមរយៈ៖

    ក. កែប្រែរបបអាហារ

    បើកុមារមានអាយុលើសពី ៦ ខែ ម៉ាក់ប៉ាត្រូវឱ្យកុមារញុំាបបរខាប់គ្រប់គ្រឿង ហើយបើចង់ឱ្យកូន​ញុំា​ទឹកដោះគោក្រដាស ទាល់តែកូនអាយុ​លើស ១ ខួប ហើយក្នុងមួយថ្ងៃមិនត្រូវឱ្យកូនញុំាលើសពី ៣០០ មិល្លីលីត្រទេ។

    ម្យ៉ាងទៀត ចំណីអាហារកូនត្រូវតែមានជាតិដែក​ដែលសម្បូរនៅក្នុង​សាច់​​ក្រហម ថ្លើម បន្លែបៃតង សណ្តែក ទំពាំងបាយជូរក្រៀមជាដើម។ បើម្តាយបំបៅដោះ ម្តាយត្រូវញុំាចំណីអាហារដែលមានជាតិដែកគ្រប់គ្រាន់។

    ខ. ញុំាថ្នាំជាតិដែក

    គ្រូពេទ្យអាចឱ្យកុមារញុំាថ្នាំជាតិដែកទៅតាមគីឡូកុមារក្នុងរយៈពេល ៣ ទៅ ៥ ខែ ហើយម៉ាក់ប៉ា​ត្រូវ​ព្យាយាម​ឱ្យកូនញុំាថ្នាំឱ្យបានចូល និងទៀងទាត់ព្រោះថ្នាំជាតិដែកអាចពិបាកញុំា អាចក្រពុល​ដែលអាចធ្វើឱ្យកុមារក្អួតមកវិញ។

    គ. ចាក់ថ្នាំជាតិដែកចូលតាមសរសៃ

    បើកុមារញុំាថ្នាំជាតិដែកមិនបាន ដាក់ទៅចេះតែក្អួត ឬមានបញ្ហាពោះវៀន​ដែលពិបាកស្រូប​សារធាតុ​ចិញ្ចឹម គ្រូពេទ្យអាចចាក់ថ្នាំជាតិដែកចូលតាមសរសៃវិញក្នុងមួយសប្តាហ៍ម្តងរយៈពេល ៤ សប្តាហ៍។

    ឃ. បញ្ចូលឈាម

    បើកុមារស្លេកស្លាំងដោយសារខ្វះជាតិដែកធ្ងន់ធ្ងរ ហើយគ្រាប់ឈាមក្រហមធ្លាក់ក្រោម ៤​ គ្រូពេទ្យ​នឹង​បញ្ចូលឈាមភ្លាមៗឱ្យកុមារដើម្បីស្តារមុខងារបេះដូង ឬជួយឱ្យកុមារលូតលាស់បានល្អមកវិញ។

    លោកវេជ្ជបណ្ឌិតបានបន្ថែមថា ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារអាចព្យាបាលជា តែ​ត្រូវ​មានការសហការពីអាណាព្យាបាលដោយ​កែប្រែរបបអាហាររបស់កុមារ បូករួមនឹងការប្រើថ្នាំ​ឱ្យ​បាន​ទៀតទាត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជ. ទ្រី លីធាង

    ជំងឺកុមារ · មន្ទីរពេទ្យកុមារជាតិ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ May 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម