ម្ចាស់សត្វឆ្កែទាំងអស់ កុំភ្លេចយកសត្វចិញ្ចឹមរបស់ខ្លួនទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ នៅទីតាំងចំនួន៣ធំៗ គឺជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ចាប់ពីថ្ងែទី២០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។
ការខាំដោយសត្វឆ្កែដែលមានជំងឺឆ្កែឆ្កួត គឺជាមូលហេតុចម្បងនៃការស្លាប់បង្កដោយជំងឺឆ្កែឆ្កួត ហើយត្រូវបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៤០០,០០០ នាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា។
[embed-health-tool-vaccination-tool]
កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ត្រូវបានគេបញ្ជាក់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។
យុទ្ធនាការប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដជាតិដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយនឹងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ Worldwide Veterinary Service (WVS) ដែលជាអង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិ តាមរយៈគម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត (Mission Rabies)។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់អំពីសារៈសំខាន់ដល់ម្ចាស់សត្វឆ្កែចិញ្ចឹមគ្រប់រូបទាំងអស់ និងត្រូវតែយកសត្វឆ្កែរបស់ពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅក្នុងអំឡុងពេលយុទ្ធនាការនេះ។
អគ្គនាយកដ្ឋានបានបញ្ជាក់ថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វឆ្កែចិញ្ចឹមទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រនូវបេសកកម្មសង្រ្គោះមួយជីវិតនេះ ព្រោះថាយើងទាំងអស់កំពុងធ្វើការរួមគ្នាដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាគ្មានជំងឺឆ្កែឆ្កួតនៅឆ្នាំ ២០៣០។ សត្វឆ្កែ គឺជាប្រភពចម្បងនៃការចម្លងជំងឺឆ្កែឆ្កួតទៅកាន់មនុស្ស យើងអាចសង្គ្រោះជីវិតមនុស្សបាន តាមរយៈការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វឆ្កែ»។
អគ្គនាយកដ្ឋានបានបញ្ជាក់ថា៖ «យើងខ្ញុំសូមជំរុញលើកទឹកចិត្ត ដល់ម្ចាស់សត្វឆ្កែទាំងអស់ សុំយកចិត្តទុកដាក់ពិនិត្យមើលកាលវិភាគដែលក្រុមការងារយើងនឹងចុះទៅចាក់វ៉ាក់សំាងការពារជំងឺនេះ ដល់តំបន់របស់លោកអ្នក។ ដូច្នេះសូមលោកអ្នកនាំយកសត្វឆ្កែរបស់លោកអ្នកមកជួបក្រុមការងារយើងខ្ញុំ ដើម្បីទទួលការចាក់ថ្នាំបង្ការនេះដោយឥតគិតថ្លៃ។ ទន្ទឹមនេះដែរ សូមលោកអ្នកសហការជួយចាប់សត្វឆ្កែរបស់លោកអ្នកបង្ខាំង ឬចងរក្សាទុកល្អ និងគ្រប់គ្រងពួកគេបានល្អ ដើម្បីរក្សាសុវត្ថិភាពដល់ក្រុមការងារយើងខ្ញុំ មុនពេលយុទ្ធនាការនេះចាប់ផ្ដើម។ នេះគឺជារឿងសំខាន់ណាស់ បើចំនួនសត្វឆ្កែជាច្រើនបានទទួលវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នោះពិតជាប្រាកដណាស់ថា សហគមន៍របស់យើងនឹងមានសុវត្ថិភាពពីជំងឺដ៏សាហាវនេះ»។
[embed-health-tool-bmi]
ក្រុមការងារនៃយុទ្ធនាការនេះនឹងចូលរួមដោយនិស្សិតពេទ្យសត្វកម្ពុជា និងអ្នកស្ម័គ្រចិត្តអន្តរជាតិ ដើម្បីបង្កើតក្រុមអ្នកចាក់វ៉ាក់សាំងចំនួន ១៣៦ ក្រុមដែលនឹងប្រតិបត្តិការងារពីផ្ទះមួយទៅផ្ទះមួយនៅតាមសហគមន៍។
នៅក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ ២០២៤ សត្វឆ្កែចំនួន ២២៩,៤៨៨ ក្បាលត្រូវបានចាក់ថ្នាំបង្ការនៅក្នុងរយៈពេលតែ ២ សប្ដាហ៍ប៉ុណ្ណោះ ដែលនេះក្លាយជាការជំរុញការចាក់វ៉ាក់សំាងការពារជំងឺឆ្កែឆ្កួតដ៏ធំបំផុតរបស់តំបន់អាស៊ីរហូតមកដល់បច្ចុប្បន្ន។
បណ្ឌិត Amy Lewis អ្នកគ្រប់គ្រងគម្រោងអន្តរជាតិនៃ អង្គការ Worldwide Veterinary Service (WVS) បានរៀបរាប់ថា៖ «ជំងឺឆ្កែឆ្កួត គឺជាជំងឺដ៏គួរឱ្យរន្ធត់ ស្ទើរតែតែងតែបណ្ដាលឱ្យមនុស្សស្លាប់បាននៅពេលដែលរោគសញ្ញាវិវត្តន៍ទៅមុខ ប៉ុន្តែវាក៏អាចការពារបានទាំងស្រុងផងដែរតាមរយៈសកម្មភាពចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ យើងខ្ញុំជំរុញលើកទឹកចិត្តម្ចាស់សត្វឆ្កែទាំងអស់ នាំសត្វរបស់គាត់មកទទួលវ៉ាក់សាំងដើម្បីនំាមកនូវសុវត្ថិភាពដល់សហគមន៍ពីជំងឺឆ្កែឆ្កួត»។
អ្នកស្រីបានបន្ថែមទៀតថា៖ «យើងខ្ញុំនឹងត្រឡប់ទៅតំបន់ដដែល ដែលបានអនុវត្តយុទ្ទនាការជារៀងរាល់ឆ្នាំ ដើម្បីធានាបានថាយ៉ាងហោចណាស់ ៧០% នៃចំនួនសត្វឆ្កែត្រូវបានចាក់វ៉ាក់សាំងបង្ការ ហើយនេះគឺជាការគ្របដណ្ដប់ដែលចាំបាច់ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតពីក្នុងចំណោមសត្វឆ្កែ និងការពារជីវិតមនុស្ស និងសត្វទាំងអស់»។
សញ្ញានៃជំងឺឆ្កែឆ្កួតនៅក្នុងសត្វឆ្កែ រួមមានសភាពកាច សំឡេងព្រុសប្រែប្រួល ការខាំ ការដើរទ្រេតទ្រោត ការស្រក់ទឹកមាត់ និងការស្លាប់ដោយមិនបានដឹងមុន។ សាធារណជនអាចទូរស័ព្ទទៅក្រុមការងារឃ្លាំមើលជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃតាមរយៈលេខ ១១៥ ដើម្បីរាយការណ៍អំពីសត្វឆ្កែមានសញ្ញាសង្ស័យ និងទទួលបានការណែនាំអំពីសុខភាពមនុស្សទាក់ទងនឹងជំងឺឆ្កែឆ្កួត។
អំឡុងពេលយុទ្ធនាការ សេវាគ្រៀវ នឹងមានផ្តល់ជូនដោយឥតគិតថ្លៃ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈភាពជាដៃគូជាមួយអង្គការ Worldwide Veterinary Service (WVS) ប្រចាំប្រទេសកម្ពុជា សម្រាប់សត្វឆ្កែនៅខណ្ឌដង្កោ នៃរាជធានីភ្នំពេញ។
កាលវិភាគចាក់វ៉ាក់សំាងបង្ការ និងព័ត៌មានបន្ថែមអាចទស្សនានៅ cambodia.missionrabies.com។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីគម្រោងយុទ្ធនាការ អ្នកអាចតាមដានតាមរយៈឆានែលតេឡេក្រាមរបស់ គម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួតប្រចាំប្រទេសកម្ពុជា៖ https://t.me/missionrabiescambodia៕
ចំណុចសំខាន់
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។
កាលវិភាគចាក់វ៉ាក់សំាងបង្ការ និងព័ត៌មានបន្ថែមអាចទស្សនានៅ cambodia.missionrabies.com។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីគម្រោងយុទ្ធនាការ អ្នកអាចតាមដានតាមរយៈឆានែលតេឡេក្រាមរបស់ គម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួតប្រចាំប្រទេសកម្ពុជា៖ https://t.me/missionrabiescambodia៕
អត្ថបទគួរអាន៖
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- មានរោគសញ្ញាទាំង ១០ នេះ កុំអែរអង់ឆាប់ទៅរកគ្រូពេទ្យភ្លាម!