backup og meta

អ្វីជាជំងឺស្វាយ ឆ្លងតាមណា រោគសញ្ញាម៉េច ធ្ងន់ធ្ងរប៉ុនណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 27, 2021

    អ្វីជាជំងឺស្វាយ ឆ្លងតាមណា រោគសញ្ញាម៉េច ធ្ងន់ធ្ងរប៉ុនណា?

    ជំងឺស្វាយ នរណាក៏ធ្លាប់​ឮ​ដែរ គ្រាន់តែ​ថា​មិនដឹង​ជំងឺស្វាយហ្នឹងម៉េចខ្លះ ឆ្លងតាម​ណា រោគសញ្ញាម៉េច ព្យាបាលតាមណា? បើ​ទុកចោល អាច​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា? “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ជំងឺ​ស្វាយ​ឲ្យប្រុសៗ​ក្បាល​ខូច​បាន​ដឹង ក្រែង​លោ​ចេះ​ការពារ​ខ្លះ។

    ១- អ្វី​ទៅ​ជា​ជំងឺ​ស្វាយ?

    ជំងឺ​ស្វាយ បង្ក​ដោយ​បាក់​តេរី Treponema Pallidum បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ អាច​បណ្តាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ជា​ច្រើន​ទៅ​ថ្ងៃ​ក្រោយ ដូច​ជា​ រលាក​សន្លាក់ ប៉ះ​ពាល់​ខួរ​ក្បាល ឬ​ខ្វាក់​ភ្នែក។

    ២- មូលហេតុ​ឆ្លង​ជំងឺស្វាយ មាន​អី​ខ្ល?

    ករណី​ចម្បង​នាំ​ឲ្យ​ឆ្លង​ជំងឺ​ស្វាយ គឺ​ដោយ​សារ​ប៉ះ​ពាល់​ដំបៅ​អ្នក​​មាន​ជំងឺ​នេះ។ ដំបៅ​ទាំង​នោះ​មាន​នៅ​ផ្នែក​ខាង​ក្រៅ​លិង្គ ទ្វារ​មាស និង​រន្ធ​គូទ។ ពេល​ខ្លះ ដំបៅ​អាច​មាន​លើ​បបូរមាត់ និង​ក្នុង​មាត់​តែ​ម្តង ហើយ​ករណី​ឆ្លង​ភាគ​ច្រើន គឺ​តាមរយៈ​ការ​រួម​ភេទ​គ្រប់​ទម្រង់។

    ៣- រោគ​សញ្ញា​ជំងឺ​ស្វាយ

    រោគ​សញ្ញា​ជំងឺ​ស្វាយ ត្រូវ​បែង​ចែក​ជា​ដំណាក់​កាល៖

    – ដំណាក់​កាល​ទី១៖ ក្រោយ​ឆ្លង​មេរោគ ២-៤ សប្តាហ៍ នឹង​មាន​លេច​ឡើង​ដំបៅ​តូច​មួយ​នៅ​លើ​ប្រដាប់​ភេទ ឬ​កន្លែង​ណា​មួយ​ដែល​ឆ្លង​មេរោគ ហើយ​រោគ​សញ្ញា​នឹង​បាត់ទៅ​វិញដោយយ​ឯក​ឯង។

    – ដំណាក់​កាល​ទី២៖ ក្រោយ​ឆ្លង​មេរោគ ៦-១២ សប្តាហ៍ រោគ​សញ្ញា​នឹង​លេច​ឡើង​ ដូច​ជា គ្រុន​ក្តៅ ឈឺក្បាល ឈឺ​សន្លាក់ បាត់​បង់​ចំណង់​អាហារ ឡើង​កន្ទួល​រមាស់ មាន​លើ​លិង្គ ទ្វារមាស មាត់ បាត​ដៃ និង​បាត​ជើង។ ករណី​ខ្លះ អាច​មាន​ឈឺ​ក ហើម​ក្រពេញ​ទឹក​រងៃ (ពិសេស​នៅ​ក្លៀក​ ក្រលៀន និង​ក) និង​អស់​កម្លាំង​ខ្លាំង។ រោគសញ្ញា​ទាំង​នេះ អាច​នឹង​មាន​ប្រមាណ​ជា​ ១ ​ឆ្នាំ ហើយ​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង។

    – ដំណាក់​កាល​ទី៣៖ រោគ​សញ្ញា​នឹង​លេច​ឡើង​មក​វិញ ចន្លោះ​ពី ១០-៤០ ឆ្នាំ​ក្រោយ​ឆ្លង​មេរោគ ដោយ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ប៉ះពាល់​ខួរ​ក្បាល បេះដូង មាន​បញ្ហា​ចងចាំ ពិការ និង​រាងកាយ​គ្មាន​លំនឹង។

    ជំងឺស្វាយ

    ៤- ប៉ះពាល់​ធម្មតា ឆ្លង​ជំងឺស្វាយអត់?

    ដោយ​សារ​មេ​រោគ​ស្វាយ មិន​ធន់​នឹង​បរិយា​កាស​ខាង​ក្រៅ ហេតុ​នេះ​ករណី​ប្រើ​បង្គន់​រួម អាង​ត្រាំ​ទឹក អាង​ហែល​ទឹក ស្លៀកពាក់​ ឬ​ប្រើ​ប្រាស់​របស់​របរ​រួម​គ្នា មិន​ឆ្លង​នោះ​ទេ។

    ៥- អាច​ឆ្លង​ជំងឺស្វាយទៅ​កូន​ក្នុង​ផ្ទៃ​ដែរ​អត់?

    ស្រីៗ​កំពុង​ពពោះ​ អាច​ចម្លង​ជំងឺ​នេះ​ទៅ​កាន់​កូន​ក្នុងផ្ទៃ​បាន ហេតុនេះ​ទើប​គ្រូ​ពេទ្យ​ត្រូវ​ការ​ពិនិត្យ​រក​ជំងឺ​នេះ ​មុន​សម្រាល​លើក​ដំបូង។ ការ​ពិនិត្យ​អាច​ធ្វើ​ឡើង​នៅ​ត្រី​មាស​ទី៣ និង​មុន​ពេល​សម្រាល។ គភ៌​អាច​ប្រឈម​ហានិភ័យ​ស្លាប់​ក្នុង​ពោះ និង​ស្លាប់​អំឡុង​ឆ្នាំ​ដំបូង​ក្រោយ​សម្រាល​ បើ​ម៉ាក់ៗ​មាន​ជំងឺ​នេះ។ ក្នុង​ករណីកូន​នៅ​រស់ និង​លូត​លាស់​ធម្មតា​ក្តី នៅ​តែ​ទាមទារ​ការ​ព្យាបាល​ជា​ចាំបាច់ ចៀស​វាង​ផល​លំបាក​ទៅ​ថ្ងៃ​ក្រោយ។

    អត្ថបទពាក់ព័ន្ធ៖

    ៦- វិធីសាស្ត្រ​ការពារជំងឺស្វាយ

    យើង​អាច​ការពារ​ខ្លួន ដោយ​មិន​ត្រូវ​រួម​ភេទ​ជា​មួយ​ដៃ​គូ​មានជំងឺ​នេះ​ជា​ដាច់​ខាត ហើយ​បើ​សង្ស័យ​ គួរ​ការពារ​តាមរយៈ​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជានិច្ច។

    យ៉ាង​ណា​ កន្លែង​ស្រោម​អនាម័យ​មិន​អាច​ការពារ​បាន នៅ​តែ​អាច​មាន​ហានិភ័យ​ឆ្លង​ដដែល។ បែប​នេះ គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ខណៈ​វិធី​ការ​ពារ​មាន​ប្រសិទ្ធភាព​បំផុត ត្រូវ​ចៀស​វាង​ការ​រួម​ភេទ​ជា​មួយ​ដៃ​គូ​មាន​ជំងឺ​នេះ​ និង​មាន​ដៃ​គូ​រួមភេទ​មួយ​ទល់​នឹង​មួយ​ដែល​មិន​មាន​ផ្ទុក​មេរោគ។

    ៧- វិធី​ព្យាបាលជំងឺស្វាយ

    ជំងឺ​ស្វាយ អាច​ជា​សះស្បើយ ​បើ​សិន​ជា​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេល​វេលា។ សម្រាប់អ្នក​កើតជំងឺ​នេះ ក្រោម​មួយ​ឆ្នាំ​ ត្រូវ​លេប​ថ្នាំ Penicillin មួយ​គ្រាប់​ជា​ការ​ស្រេច តែបើ​សិន​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​នេះ​ អាច​ប្រើ​ថ្នាំ​ផ្សេង​ជំនួស​បាន ដូច​ជា Tetracycline ថ្នាំ Doxycycline ឬ​ថ្នាំ​ផ្សះ​ផ្សេង​ទៀត។

    បើ​មិន​រួស​រាន់​ព្យាបាល ច្បាស់ជា​ត្រូវ​លេប​ថ្នាំ​កាន់​តែ​ច្រើន ខណៈ​អំឡុង​ពេល​កំពុង​ព្យាបាល មិន​ត្រូវ​រួម​ភេទ​ជា​ដាច់​ខាត។ បើ​កើត​ស្វាយ​ គួរ​នាំ​ដៃ​គូ​ទៅ​ពិនិត្យ​ និង​ព្យាបាល​រួម​គ្នា​តែ​ម្តង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Feb 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម