ទឹកនោមផ្អែមប្រភេទ១ គឺជាប្រភេទជំងឺរ៉ាំរៃ បង្កឡើងដោយសារតែកោសិកាបេតារបស់លំពែង មិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬមិនអាចផលិតអាំងស៊ុយលីនបានតែម្ដង។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទ ដែលមានមុខងារសំខាន់បំផុតក្នុងការគ្រប់គ្រង និងដឹកនាំជាតិស្ករក្នុងឈាមទៅកាន់កោសិការក្នុងរាងកាយ ដើម្បីបង្កើតជាថាមពល។ ក្នុងករណីដែលលំពែងមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ នោះជាតិស្ករនឹងកើនឡើងក្នុងសរសៃឈាមច្រើន បណ្ដាលឲ្យកើតទឹកនោមផ្អែមប្រភេទ១ នេះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ
អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ មុនបង្ហាញរោគសញ្ញា កោសិកាបេតាក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំទៅហើយ និងគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងដំណើរការផលិតអាំងស៊ុយលីនគ្រប់គ្រងជាតិស្ករបាន ដូច្នេះទើបកើតជំងឺទឹកនោមផ្អែមប្រភេទទី១។ អ្នកជំងឺអាចចេញរោគសញ្ញាដូចជា៖
- អស់កម្លាំង ខ្សោយ ឆាប់ហត់
- ស្រេកទឹកច្រើន
- នោមញឺក
- ឆាប់ខឹង
- ស្រវាំងភ្នែក
- ងាយឆ្លងជំងឺ
- របួសមិនងាយសះស្បើយ
- ស្រកទម្ងន់គ្មានមូលហេតុ
- ស្ពឹកចុងដៃ ចុងជើង និងមានអារម្មណ៍ដូចម្ជុលចាក់។
នៅពេលដែលកូនតូច បង្ហាញរោគសញ្ញាគួរសង្ស័យដូចខាងលើ គ្រូពេទ្យនឹងធ្វើការតេស្ដឈាមរកមើលកម្រិតជាតិស្ករ។ ក្នុងករណីដែលជាតិស្ករក្នុងឈាមឡើងខ្ពស់លើសពី ១២០ មីល្លីក្រាម ក្នុងមួយដេស៊ីលីត្រឈាម នោះគ្រូពេទ្យនឹងធ្វើតេស្ដ HbA1c ម្ដងទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។
[embed-health-tool-bmr]
កត្ដាបង្ក
ជំងឺទឹកនោមផ្អែមប្រភេទ១ បង្កឡើងដោយសារតែកោសិកាបេតារបស់លំពែងដែលមានមុខងារផលិតអាំងស៊ុយលីន ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារក្នុងរាងកាយ ធ្វើឲ្យខូចខាតមិនអាចបំពេញមុខងារបាន។
ជាក់ស្ដែងណាស់ អាំងស៊ុយលីនជាអ័រម៉ូនដែលផលិតចេញពីលំពែងមានមុខសំខាន់ជួយគ្រប់គ្រង និងដឹកនាំជាតិស្ករបញ្ជូនទៅកាន់កោសិកាទាំងអស់ក្នុងរាងកាយ។ កង្វះអ័រម៉ូនអាំងស៊ុយលីន នឹងបណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើង មិនអាចបំប្លែងយកទៅប្រើប្រាស់បាននោះទេ។
គ្លុយកូស គឺជាស្ករថាមពលដែលបានមកពីរបបអាហារ និងថ្លើម។ គ្លុយកូសដំណើរការក្នុងឈាម ហើយគ្រប់កោសិការមិនអាចចាប់យកជាតិស្ករនេះមកប្រើប្រាស់ដោយផ្ទាល់បានទេ ត្រូវមានអាំងស៊ុយលីន ដែលបញ្ចេញពីលំពែង បំបែកជាមុនសិន ទើបកោសិការទាំងនោះអាចចាប់យកទៅប្រើប្រាស់បាន។
ថ្លើមមានផ្ទុកជាតិស្ករក្នុងទម្រង់ជា glycogen ដូច្នេះនៅពេលដែលកម្រិតស្ករក្នុងឈាមថយចុះ ដូចជានៅពេលយើងមិនបានញ៉ាំអ្វី ថ្លើមនឹងបញ្ចេញglycogen ដោយបំប្លែងទៅជាគ្លុយកូសដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម ហើយអាំងស៊ុយលីន គឺជាអ្នកដឹកនាំជាតិស្ករទាំងនោះទៅចែកចាយដល់កោសិកា។
កត្តាប្រឈម
អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១ មានកត្ដាប្រឈមដូចជា៖
កត្តាហ្សែន៖ ហ្សែនមួយចំនួនក៏អាចបង្កឲ្យមានជំងឺនេះដែរ។
ប្រវត្តិគ្រួសារ៖ សមាជិកគ្រួសារ ប៉ាម៉ាក់ ឬបងប្អូន មានកើតទឹកនោមផ្អែមប្រភេទ ១។
កត្តាអាយុ៖ អាចកើតមាននៅលើទារកចាប់ពី ៦ខែ ដល់ក្មេងអាយុ១៤ ឆ្នាំ។
កត្ដាប្រឈមបន្ទាប់បន្សំ
- កង្វះវីតាមីន D
- កូនកើតមកមានជំងឺ
- ញ៉ាំទឹកមានជាតិនីត្រាត
- ក្មេងឆាប់បៅទឹកដោះគោ
- ម្តាយមានជំងឺក្រឡាភ្លើង
- ឆាប់ឲ្យគ្រាប់ធញ្ញជាតិ និងអាហារពពួកស្រូវសាលីទៅកូនពេក (មុន ៤ ខែ) ឬយូរពេក (ក្រោយ ៧ ខែ)។
- ប៉ះពាល់មេរោគមួយចំនួន ដូចជា Epstein-Barr Virus, Coxsackie Virus, Mumps Virus និង Cytomegalovirus ។
ការការពារ និងការព្យាបាល
មកទល់ពេលនេះជំងឺទឹកនោមផ្អែមប្រភេទ១ នៅមិនទាន់មានវិធីការពារ និង ព្យាបាលឲ្យជាសះស្បើនៅឡើយទេ បើទោះបីជាខាងផ្នែកវេជ្ជសាស្ដ្ររកឃើញពីមូលហេតុបង្កក៏ដោយ។ ប៉ុន្ដែបច្ចុប្បន្ន គេអាចព្យាបាលដោយគ្រប់គ្រងស្ថានភាពជំងឹ និងកំណត់ជាតិស្ករឲ្យស្របតាមគោលដៅ ដោយការចាក់អាំងស៊ុយលីនពីខាងក្រៅ និងគ្រប់គ្រងរបបអាហារ បូករួមទាំងផ្លាស់ប្ដូរទម្លាប់រស់នៅ។
ការចាក់អាំងស៊ុយលីន៖ ដោយសារបច្ចុប្បន្នពុំទាន់មានការព្យាបាលជំងឹទឹកនោមផ្អែមឲ្យជាសះស្បើយនៅឡើយ ហេតុនេះដើម្បីគ្រប់គ្រងជាតិស្ករបានល្អ ត្រូវតែចាក់ អាំងស៊ុយលីនជាប្រចាំ។ យើងអាចចាក់ឲ្យកូននៅផ្ទះដោយខ្លួនឯងតាមចំនួនដង និងបរិមាណដែលគ្រូពេទ្យបានណែនាំ។ នៅពេលមានចម្ងល់ណាមួយទាក់ទងនឹងអាំងស៊ុយលីន គប្បីសុំយោបល់ពីគ្រូពេទ្យ ព្រោះថាការប្រើប្រាស់លើសកម្រិតអាចធ្វើឲ្យជាតិស្ករចុះទាប បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត។
របបអាហារមានជីវជាតិ៖ អាហារល្អសម្រាប់សុខភាពជួយឲ្យកម្រិតជាតិស្ករ ស្ថិតក្នុងស្ថានភាពប្រសើរមួយ ព្រោះជារឿងចាំបាច់បំផុត គឺរក្សាកម្រិតជាតិស្ករឲ្យនៅថេរ។
ហាត់ប្រាណ៖ គួរជំរុញកូនហាត់ប្រាណឲ្យបានទៀងទាត់។ ម្យ៉ាងវិញទៀត ឲ្យកូនចេះថែទាំ និងពិនិត្យជើង ភ្នែក ឲ្យបានញឹកញាប់ ដើម្បីការពារកុំឲ្យមានស្ថានភាពធ្ងន់ធ្ងរណាមួយកើតឡើង។
ផលវិបាកអ្នកកកើតទឹកនោមផ្អែមប្រភេទ១ ប្រសិនមិនបានព្យាបាល
អ្នកកើតជំងឺទឹកនោមផ្អែម មិនថាប្រភេទ១ ឬ២នោះទេ ក្នុងករណីដែលមិនបានព្យាបាល ឬព្យាបាលមិនត្រឹមត្រូវ ផលលំបាកមួយចំនួនអាចកើតឡើងដូចជា មានបញ្ហាខ្សោយតម្រងនោម ប៉ះពាល់ខួរក្បាល លើសសម្ពាធឈាមទាំងនៅក្មេង ស្រវាំងភ្នែក បញ្ហាស្បែកស្ងួត ត្រចៀកស្ដាប់មិនសូវឮ វង្វេង ខ្សោយការចងចាំ ឡើងជាតិអាស៊ីតនៅជើង និងបញ្ហាសរសៃឈាមបេះដូងជាដើម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង