backup og meta

ធ្វើបែបណាទើបអាចដឹងច្បាស់ថា ខ្លួនពិតជាមានជំងឺទឹកនោមផ្អែមមែន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 19, 2023

    ធ្វើបែបណាទើបអាចដឹងច្បាស់ថា ខ្លួនពិតជាមានជំងឺទឹកនោមផ្អែមមែន?

    ការបង្ហាញរោគសញ្ញាមួយចំនួនដូចជា ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ឃ្លានអាហារខុសពីធម្មតា នោះគ្រាន់តែស្ថិតក្នុងការសង្ស័យកើតជំងឺទឹកនោមផ្អែម ឬ បម្រុងនឹងកើតជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ។ យើង​អាចជួសមើលបរិមាណ នៃកម្រិតជាតិស្ករក្នុងឈាម ឬដើម្បីកាន់តែច្បាស់ទៀតនោះ គ្រូពេទ្យនឹងធ្វើតេស្ដ HbA1c ដើម្បីវិនិច្ឆ័យរោគសញ្ញាទាំងនោះ។

    HbA1c គឺជាតេស្ដអេម៉ូក្លូប៊ីនដើម្បីតាមដានកម្រិតជាតិស្ករក្នុងឈាម រយៈពេល៣ខែចុងក្រោយ ដើម្បីដឹងច្បាស់ថា មនុស្សម្នាក់ពិតជាកើតជំងឺទឹកនោមផ្អែមប្រាកដមែន។ តេស្តនេះពិតជាមានសារៈខាន់ព្រោះអាចឲ្យយើង​រកឃើញទាំងជំងឺទឹកនោមផ្អែមប្រភេទ១ និង ប្រភេទ២ ហើយអាចអនុវត្ដបានទាំងមនុស្សចាស់ និង ពេញវ័យ លើសពីនេះទៅទៀត វាក៏អាចបញ្ជាក់ច្បាស់លាស់ពីកម្រិតជាតិស្ករ និង ការវិវត្ដរបស់អ្នកជំងឺផងដែរ។

    ជាលទ្ធផលប្រសិនបើរយៈពេល៣ខែ នៃការធ្វើតេស្ដលទ្ធផលបង្ហាញថា HbA1c ក្រោម ៥,៧% នោះកម្រិតជាតិស្ករ​គឺធម្មតាមិនមានជំងឺទឹកនោមផ្អែម ប្រសិនបើនៅចន្លោះពី ៥,៧% ទៅ ៦,៤% បង្ហាញថាត្រៀមកើតជំងឺទឹក​នោមផ្អែម ប៉ុន្ដែបើ HbA1c ឡើងខ្ពស់ជាង ៦,៥% មានន័យថា បានកើតជំងឺទឹកនោមផ្អែមហើយ។ ប៉ុន្ដែយ៉ាង​ណាក៏​ដោយ​ លទ្ធផលរបស់យើងម្នាក់ៗអាចមានន័យខុសគ្នាផងដែរ ដូច្នេះប្រសិនមានសំណួរអំពីលទ្ធផលគួរពិភាក្សា​​ជាមួយគ្រូពេទ្យផ្ទាល់។

    ហេតុអ្វីត្រូវធ្វើតេស្ដអេម៉ូក្លូប៊ីន?

    មូលហេតុដែលត្រូវតេស្ដអេម៉ូក្លូប៊ីនពីព្រោះថា អេម៉ូក្លូប៊ីនគឺជាផ្នែកមួយនៃកោសិកាឈាមក្រហម ដែលដឹកនាំអុកស៊ីសែនពីសួតទៅសរីរាង្គផ្សេងទៀត។ ការធ្វើតេស្ត HbA1c បង្ហាញពីចំនួនកំហាប់ជាតិស្ករដែលភ្ជាប់ជាមួយអេម៉ូក្លូប៊ីនក្នុងរយៈពេល៣ខែចុងក្រោយ។ គេគិតជាមធ្យម ៣ ខែពីព្រោះ វាជារយៈពេលទូទៅមួយដែល​កោសិកាឈាមក្រហមរស់នៅបាន។

    អត្ថបទគួរអាន៖

    ការធ្វើតេស្ដ HbA1c មិនត្រឹមតែអាចបង្ហាញលទ្ធផលច្បាស់លាស់នៃការកើតជំងឺផ្អែមប៉ុណ្ណោះទេ ប៉ុន្ដែក៏អាចឲ្យយើងអាចតាមដានដឹងពីកំហាប់ជាតិស្ករក្នុងឈាមបានត្រឹមត្រូវផងដែរ។ ព្រោះការប្រែប្រួលកំហាប់ជាតិស្ករ​កើនឡើង ខ្លាំងអាចធ្វើឲ្យអ្នកជំងឺប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានជំងឺបេះដូង ជំងឺតម្រងនោម និង ការខូចខាតសរសៃប្រសាទជាដើម។

    ជំងឺទឹកនោមផ្អែម

    តើ​មាន​អ្វី​ផ្សេង​ទៀតត្រូវ​ដឹង​អំពី​តេស្ត​ HbA1c ដែរ​ឬ​ទេ?

    ការ​ធ្វើ​តេស្ត HbA1c មិន​​ប្រើ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ ​ឬ​សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹកនោមផ្អែមលើ​​កុមារទេ​។ ដូច​គ្នា​ដែរ បើ​យើង​មាន​ជំងឺ​ស្លេក​ស្លាំង ឬ ជំងឺ​ឈាម​ផ្សេង​ទៀត ការ​ធ្វើ​តេស្ត ​HbA1c អាច​មិន​មាន​ភាព​ត្រឹម​ត្រូវ​១០០​ភាគ​រយ​នោះទេ​។ បើ​សិន​ជា​យើង​មាន​ជំងឺ​ទាំងនេះ និង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែមទៀត គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ធ្វើ​តេស្ត​ផ្សេង​ទៀត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម