backup og meta

ជំងឺទឹកនោមផ្អែម៖ សញ្ញាព្រមានអាច​កើតមាន​លើស្បែក​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 03, 2022

    ជំងឺទឹកនោមផ្អែម៖ សញ្ញាព្រមានអាច​កើតមាន​លើស្បែក​

    ជំងឺ​ទឹក​នោមផ្អែម អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ច្រើន​កន្លែង​លើ​រាង​កាយ​របស់​យើង រួម​ទាំង​ស្បែក​ផង​ដែរ​។ ពេល​ជំងឺ​ទឹក​នោម​ផ្អែម​បង្ក​ផល​ប៉ះពាល់​លើ​ស្បែក វា​ជា​សញ្ញា​បង្ហាញ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ការណ៍​នេះ​មាន​ន័យ​ថា​​យើង​អាច​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​បើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់ ការ​ថែទាំ​របស់​យើង​មិន​បាន​ត្រឹម​ត្រូវ​ល្អ​។

    បើ​សិន​ជា​គ្នា​យើង​មាន​ឃើញ​សញ្ញា​ទាំង​នេះ​នៅ​លើ​ស្បែក​ ជាពេល​ដែល​យើង​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ហើយ​។

    ១. ស្នាម​ក្រហម លឿង ឬ​ត្នោត នៅ​លើ​ស្បែក​

    ស្ថានភាព​ស្បែក​ប្រភេទ​នេះ ច្រើន​ចាប់​ផ្ដើម​ឡើង​ពី​ស្នាម​ពក​តូចៗ​ដូច​ជាមុន​អ៊ីចឹង។ ស្នាម​ពក​តូច​ៗ​ក៏​ចាប់​ផ្ដើម​វិវត្ត​ទៅជា​បន្ទះហើម និង​រឹង​នៅ​លើ​ស្បែក​។ ស្នាម​បន្ទះ​ៗ​នេះ​អាច​មាន​ពណ៌​លឿង ក្រហម ឬ​ត្នោត​។

    ក្រៅ​ពី​នេះ​យើង​អាច​មើល​ឃើញ​សរសៃឈាម ស្បែក​រមាស់ និង​ឈឺ​ចាប់ ហើយ​ក៏​អាច​មាន​ជំងឺ​ស្បែក​កើត​ឡើង​ញឹក​ញាប់​​ផង​ដែរ​។

    បើ​ចេញ​សញ្ញា​បែប​នេះ យើង​គួរ​ទៅ​ធ្វើ​តេស្ត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​បើ​យើង​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​គ្រប់​គ្រង​ជំងឺ​បាន​ល្អ​។

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២. ស្នាម​ខ្មៅ​នៅ​តំបន់​ណាមួយ​លើ​ស្បែក

    ស្នាម​ខ្មៅ​នៅ​លើ​ស្បែក អាច​មាន​សមភាព​គ្រើម​ដូច​កំណាត់សំពត់​ មាន​កើត​នៅ​ត្រង់​ក​ផ្នែក​ខាង​ក្រោយ ក្លៀក ឬ​ក្រលៀន ឬ​អាច​កន្លែង​ផ្សេង​ទៀត ដែល​នេះ​អាច​មាន​ន័យ​ថា​មាន​កម្រិត​អាំងស៊ុយលីន​ខ្ពស់​ក្នុង​ឈាម។ សញ្ញា​នេះ ច្រើន​ជា​សញ្ញា​បញ្ជាក់​ថា​យើង​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ បើ​ឃើញ​មាន​សញ្ញា​នេះ គ្នា​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ធ្វើ​តេស្ត​ជំងឺ​ទឹកនោមផ្អែម។

    រមាស់ស្បែក

    ​៣. ស្បែក​ឡើង​ក្រាស់ និង​រឹង​

    ពេល​ស្បែក​នៅ​ម្រាមដៃ ម្រាមជើង ឬ​ទាំង​ពី​វិវត្ត​ទៅ​ជា​សភាព​បែប​នេះ​ គេ​ហៅ​ជា​ភាសា​បច្ចេកទេស​ថាdigital sclerosis ។ ក្រៅពី​ស្បែក​ឡើង​រឹង និង​ក្រាស់ ម្រាម​ដៃ​របស់​យើង​ក៏​អាច​ពិបាក​ធ្វើ​ចលនា​ផង​ដែរ​។ បើសិនជា​អ្ន​ក​ជំងឺ​ទឹក​នោម​ផ្អែម​ គ្រប់​គ្រង​ជំងឺ​មិន​បាន​ល្អ​អស់​រយៈពេល​រាប់​ឆ្នាំ នោះ​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​មាន​គ្រាប់​ថ្ម​តូចៗ​(pebbles)នៅ​ក្នុង​ម្រាម​ដៃ​ដូច្នោះ​ដែរ​។

    ស្បែក​ឡើង​ក្រាស់ ​រឹង ពេល​ខ្លះ​ក៏​អាច​រាល​ដាល​ទៅ​ដល់​មុខ ស្មា និង​ចង្កា​ផង​ដែរ​។ ករណី​កម្រ​ខ្លះ ស្បែក​នៅ​ជង្គង់ កែង​ដៃ និង​កែង​ជើង ក៏​អាច​ឡើង​រឹង​បែប​នេះ​ដែរ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​លាត​ជើង ឬ​បត់​ដៃ​ចុះឡើង​។ កន្លែង​ដែល​មាន​ស្បែក​ឡើង​រឹង និង​ក្រាស់​បែប​នេះ ច្រើន​មាន​សណ្ឋាន​ដូច​ទៅ​នឹង​សម្បក​ក្រូច​ដែរ​។

    អត្ថទ​ពាក់ព័ន្ធ​៖

    បញ្ហា​ស្បែក​ប្រភេទ​នេះ ច្រើន​កើត​មាន​លើ​អ្នក​មាន​ផល​វិបាក​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ពិបាក​គ្រប់​គ្រង​។ បើ​មាន​ចេញ​សញ្ញា​នេះ​នៅ​លើ​ស្បែក អ្នកជំងឺ​ទឹក​នោម​ផ្អែម​ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​វិធី​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​កាន់​តែ​ប្រសើរ​។

    ពងថ្លាលើស្បែក៤. ពង​ថ្លាៗ​លើ​ស្បែក​

    វា​ជា​ករណី​កម្រ ប៉ុន្តែ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​ឃើញ​ពង​ថ្លាៗ​នេះ​កើត​ឡើង​ភ្លាម​នៅ​លើ​ស្បែក​​។ អ្នកជំងឺ​អាច​ឃើញ​ពង​ថ្លាធំ ឬ​ក៏​មាន​ជា​ចង្កោម ឬ​ទាំង​ពី​រ​ប្រភេទ។ ពង​ថ្លា​ៗ​ទាំង​នេះ ច្រើន​កើត​មាន​នៅ​លើ​ដៃ ជើង ប្រអប់ជើង ឬ​កំភួន​ដៃ ដែល​មើល​ទៅ​ពង​នេះ​ដូច​កើត​ឡើង​ដោយ​សារ​ការ​រលាក​អ៊ីចឹង​ដែរ​។ ខុស​ពី​ពង​ថ្លាៗ​កើត​ឡើង​ពី​ការ​រលាក​ដែល​ការ​ឈឺចាប់​ ពង​ថ្លាៗ​នេះ​មិន​មានការ​ឈឺ​ចាប់​នោះ​ទេ​។

    បើ​មាន​បញ្ហា​ទាំង​នេះ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ការ​ពិនិត្យ ព្យាបាល​ត្រឹមត្រូវ​បង្ការ​ការ​ឆ្លង​រោគ និង​បាន​ដឹង​ពី​វិធី​គ្រប់គ្រង​កុំឲ្យ​មាន​ពង​បែប​នេះ​កើត​ឡើង​ទៀត​។

    ៥. ឆ្លង​រោគ​នៅ​ស្បែក

    អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​ប្រឈម​នឹង​រោគ​ឆ្លង​លើ​ស្បែក​។ បើ​សិន​ជា​មាន​បញ្ហា​រោគ​ឆ្លង​លើ​ស្បែក អ្នក​ជំងឺ​អាច​នឹង​សង្កេត​ឃើញ​មាន​ អាការៈ​រលាក ហើម លើ​ស្បែក និង​ឈឺចាប់។ ក្រៅពី​នោះ​ក៏​អាច​ចេញ​រមាស់ ហើយ​ពេល​ខ្លះ​អាច​មាន​ពង​ថ្លា​តូច​ៗ និង​ស្បែក​អាច​ស្ងួត​បែក​ស្រកា​ផង។

    រោគ​ឆ្លង​នេះ អាច​កើត​មាន​នៅ​គ្រប់​កន្លែង​នៃ​រាង​កាយ រួម​ទាំង​ចន្លោះ​ម្រាមជើង នៅ​ក្រចក និង​ស្បែក​ក្បាល​។ បើ​បញ្ហា​នេះ​កើត​មាន​ជា​យូរ​ឆ្នាំ នោះ​អាច​ដែរ​ថា​យើង​បាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​កំពុង​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម

    សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​មាន​បញ្ហា​នេះ និង​ធ្វើ​អាច​ធ្វើ​តេស្ត​ជំងឺ​ទឹកនោមផ្អែម។ ការ​ដឹង​ថា​មាន​​ជំងឺ​ទឹក​នោម​ផ្អែម អាច​ជួយ​ឲ្យ​យើង​គ្រប់​គ្រង​ជំងឺ​នេះ​បាន​ល្អ​ និង​ចៀស​ផុត​ពី​ផលវិបាក​ផ្សេងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម