backup og meta

រោគសញ្ញា កត្ដាបង្ក ការព្យាបាល និងផលលំបាកនៃទឹកនោមផ្អែមប្រភេទ១

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 29, 2023

    រោគសញ្ញា កត្ដាបង្ក ការព្យាបាល និងផលលំបាកនៃទឹកនោមផ្អែមប្រភេទ១

    ទឹកនោមផ្អែមប្រភេទ១ គឺជាប្រភេទជំងឺរ៉ាំរៃ បង្កឡើងដោយសារតែកោសិកាបេតារបស់លំពែង មិនអាចផលិត​អ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬមិនអាចផលិតអាំងស៊ុយលីនបានតែម្ដង។ អាំងស៊ុយលីនគឺជាអ័រម៉ូនមួយប្រភេទ ដែលមានមុខងារសំខាន់បំផុតក្នុងការគ្រប់គ្រង និងដឹកនាំជាតិស្ករក្នុងឈាមទៅកាន់កោសិការក្នុងរាងកាយ ដើម្បី​បង្កើតជាថាមពល។ ក្នុងករណីដែលលំពែង​មិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ នោះជាតិស្ករនឹងកើនឡើងក្នុងសរសៃឈាមច្រើន បណ្ដាលឲ្យកើតទឹកនោមផ្អែមប្រភេទ១ នេះ។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ

    អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ មុនបង្ហាញរោគសញ្ញា កោសិកាបេតាក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំទៅ​ហើយ និង​គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងដំណើរការផលិតអាំងស៊ុយលីនគ្រប់គ្រងជាតិស្ករបាន ដូច្នេះទើបកើតជំងឺទឹកនោមផ្អែមប្រភេទទី១។ អ្នកជំងឺអាចចេញរោគសញ្ញាដូចជា៖

    • អស់កម្លាំង ខ្សោយ ឆាប់ហត់
    • ស្រេកទឹកច្រើន
    • នោមញឺក
    • ឆាប់ខឹង
    • ស្រវាំងភ្នែក
    • ងាយឆ្លងជំងឺ
    • របួសមិនងាយសះស្បើយ
    • ស្រកទម្ងន់គ្មានមូលហេតុ
    • ស្ពឹកចុងដៃ ចុងជើង និងមានអារម្មណ៍ដូចម្ជុលចាក់។

    នៅពេលដែលកូនតូច បង្ហាញរោគសញ្ញាគួរសង្ស័យដូចខាងលើ គ្រូពេទ្យនឹងធ្វើការតេស្ដឈាមរកមើលកម្រិតជាតិស្ករ។ ក្នុងករណីដែលជាតិស្ករក្នុងឈាមឡើងខ្ពស់លើសពី ១២០ មីល្លីក្រាម ក្នុងមួយដេស៊ីលីត្រ​ឈាម នោះគ្រូពេទ្យនឹងធ្វើតេស្ដ HbA1c ម្ដងទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។

    កត្ដាបង្ក

    ជំងឺទឹកនោមផ្អែមប្រភេទ១ បង្កឡើងដោយសារតែកោសិកាបេតារបស់លំពែងដែលមានមុខងារផលិតអាំង​ស៊ុយ​លីន ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារក្នុងរាងកាយ ធ្វើឲ្យខូចខាតមិនអាចបំពេញមុខងារបាន។

    ជាក់ស្ដែង​ណាស់ អាំងស៊ុយលីនជាអ័រម៉ូនដែលផលិតចេញពីលំពែងមានមុខសំខាន់ជួយគ្រប់គ្រង និងដឹកនាំជាតិ​ស្ករបញ្ជូនទៅកាន់កោសិកាទាំងអស់ក្នុងរាងកាយ។ កង្វះអ័រម៉ូនអាំងស៊ុយលីន នឹងបណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើង មិនអាចបំប្លែងយកទៅប្រើប្រាស់បាននោះទេ។

    គ្លុយកូស គឺជាស្ករថាមពលដែលបានមកពីរបបអាហារ និងថ្លើម។ គ្លុយកូស​ដំណើរការក្នុងឈាម ហើយ​គ្រប់កោសិការមិនអាចចាប់យកជាតិស្ករនេះមកប្រើប្រាស់ដោយផ្ទាល់បានទេ ត្រូវមានអាំងស៊ុយលីន ដែលបញ្ចេញពីលំពែង បំបែកជាមុនសិន ទើបកោសិការទាំងនោះអាចចាប់យកទៅប្រើប្រាស់បាន។

    ថ្លើមមានផ្ទុកជាតិស្ករក្នុងទម្រង់ជា glycogen ដូច្នេះនៅពេលដែលកម្រិតស្ករក្នុងឈាមថយចុះ ដូចជានៅពេលយើងមិនបានញ៉ាំអ្វី​ ថ្លើមនឹងបញ្ចេញglycogen ដោយបំប្លែងទៅជាគ្លុយកូសដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម ហើយអាំងស៊ុយលីន គឺជាអ្នកដឹកនាំជាតិស្ករទាំងនោះទៅចែកចាយដល់កោសិកា។

    កត្តាប្រឈម

    អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១ មានកត្ដាប្រឈមដូចជា៖

    កត្តាហ្សែន៖ ហ្សែនមួយចំនួនក៏អាចបង្កឲ្យមានជំងឺនេះដែរ។

    ប្រវត្តិគ្រួសារ៖ សមាជិកគ្រួសារ ប៉ាម៉ាក់ ឬបងប្អូន មានកើតទឹកនោមផ្អែមប្រភេទ ១។

    កត្តាអាយុ៖ អាចកើតមាននៅលើទារកចាប់ពី ៦ខែ ដល់ក្មេងអាយុ១៤ ឆ្នាំ។

    កត្ដាប្រឈមបន្ទាប់បន្សំ

    • កង្វះវីតាមីន D
    • កូនកើតមកមានជំងឺ
    • ញ៉ាំទឹកមានជាតិនីត្រាត
    • ក្មេងឆាប់បៅទឹកដោះគោ
    • ម្តាយមានជំងឺក្រឡាភ្លើង
    • ឆាប់ឲ្យគ្រាប់ធញ្ញជាតិ និងអាហារពពួកស្រូវសាលីទៅកូនពេក (មុន ៤ ខែ) ឬយូរពេក (ក្រោយ ៧ ខែ)។
    • ប៉ះពាល់មេរោគមួយចំនួន ដូចជា Epstein-Barr Virus, Coxsackie Virus, Mumps Virus និង Cytomegalovirus ។

    ការការពារ និងការព្យាបាល

    មកទល់ពេលនេះជំងឺទឹកនោមផ្អែមប្រភេទ១ នៅមិនទាន់មានវិធីការពារ និង ព្យាបាលឲ្យជាសះស្បើនៅឡើយទេ បើទោះបីជាខាងផ្នែកវេជ្ជសាស្ដ្ររកឃើញពីមូលហេតុបង្កក៏ដោយ។ ប៉ុន្ដែបច្ចុប្បន្ន គេអាចព្យាបាលដោយគ្រប់គ្រងស្ថានភាពជំងឹ និងកំណត់ជាតិស្ករឲ្យស្របតាមគោលដៅ ដោយការចាក់អាំងស៊ុយលីនពីខាងក្រៅ និងគ្រប់គ្រង​របបអាហារ បូករួមទាំងផ្លាស់ប្ដូរទម្លាប់រស់នៅ។

    ការចាក់អាំងស៊ុយលីន៖ ដោយសារបច្ចុប្បន្នពុំទាន់មានការព្យាបាលជំងឹទឹកនោមផ្អែមឲ្យជាសះស្បើយនៅឡើយ ហេតុនេះដើម្បីគ្រប់គ្រងជាតិស្ករបានល្អ ត្រូវតែចាក់ អាំងស៊ុយលីនជាប្រចាំ។ យើងអាចចាក់ឲ្យកូននៅផ្ទះដោយខ្លួនឯងតាមចំនួនដង និងបរិមាណដែលគ្រូពេទ្យបានណែនាំ។ នៅពេលមានចម្ងល់ណាមួយទាក់ទងនឹងអាំង​ស៊ុយលីន គប្បីសុំយោបល់ពីគ្រូពេទ្យ ព្រោះថាការប្រើប្រាស់លើសកម្រិតអាចធ្វើឲ្យជាតិស្ករចុះទាប បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត។

    របបអាហារមានជីវជាតិ៖ អាហារល្អសម្រាប់សុខភាពជួយឲ្យកម្រិតជាតិស្ករ ស្ថិតក្នុងស្ថានភាពប្រសើរមួយ ព្រោះជារឿងចាំបាច់បំផុត គឺរក្សាកម្រិតជាតិស្ករឲ្យនៅថេរ។

    ហាត់ប្រាណ៖ គួរជំរុញកូនហាត់ប្រាណឲ្យបានទៀងទាត់។ ម្យ៉ាងវិញទៀត ឲ្យកូនចេះថែទាំ និងពិនិត្យជើង ភ្នែក ឲ្យបានញឹកញាប់ ដើម្បីការពារកុំឲ្យមានស្ថានភាពធ្ងន់ធ្ងរណាមួយកើតឡើង។

    ទឹកនោមផ្អែមប្រភេទ ១

    ផលវិបាកអ្នកកកើតទឹកនោមផ្អែមប្រភេទ១ ប្រសិនមិនបានព្យាបាល​

    អ្នកកើតជំងឺទឹកនោមផ្អែម មិនថាប្រភេទ១ ឬ២នោះទេ ក្នុងករណីដែលមិនបានព្យាបាល ឬព្យាបាលមិនត្រឹមត្រូវ ផលលំបាកមួយចំនួនអាចកើតឡើងដូចជា មានបញ្ហាខ្សោយតម្រងនោម ប៉ះពាល់ខួរក្បាល លើសសម្ពាធឈាមទាំងនៅក្មេង ស្រវាំងភ្នែក បញ្ហាស្បែកស្ងួត ត្រចៀកស្ដាប់មិនសូវឮ វង្វេង ខ្សោយការចងចាំ ឡើងជាតិអាស៊ីតនៅជើង និងបញ្ហាសរសៃឈាមបេះដូងជាដើម។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម