និយមន័យ
១- អ្វីជាជំងឺទឹកនោមផ្អែមប្រភេទទី ១?
ទឹកនោមផ្អែម ជាប្រភេទជំងឺ មេតាប៉ូលីស មិនប្រក្រតី ធ្វើឲ្យមានជាតិស្ករកើនឡើងខ្ពស់ក្នុងឈាម។ ជាជំងឺរ៉ាំរ៉ៃ ខុសពីប្រភេទជំងឺដទៃទៀត ដោយអ្នកជំងឺត្រូវចាក់អាំងស៊ុយលីន ព្រោះមានសារៈសំខាន់សម្របសម្រួលជាតិស្ករក្នុងឈាម ដោយសារអ្នកជំងឺប្រភេទទី ១ មានជាតិស្ករក្នុងឈាមច្រើន អាចបណ្តាលឲ្យមានផលប៉ះពាល់សរីរាង្គសំខាន់ៗ ដូចជា បេះដូង ភ្នែក តម្រងនោម ប្រព័ន្ធប្រសាទ អញ្ចាញ និងធ្មេញ។ ទឹកនោមផ្អែមប្រភេទនេះច្រើនឃើញកើតមានចំពោះកូនក្មេង និងមនុស្សវ័យជំទង់។
២- កើតឡើងញឹកញាប់ប៉ុណ្ណា?
ជំងឺទឹកនោមផ្អែមប្រភេទទី ១ មិនជាសូវសម្បូរដូចប្រភទទី ២ ទេ ហើយភាគច្រើនកើតលើក្មេងប្រុស ច្រើនក្មេង ជាងក្មេងស្រី ពិសេសកើតលើក្មេងៗមានបញ្ហាលំពែង និងសមាជិកគ្រួសារកើតជំងឺនេះ។ ក្មេងកើតជំងឺនេះ ភាគច្រើនមានអាយុពី ៤-៧ ឆ្នាំ និង ១០-១៤ ឆ្នាំ។ អត្រាជំងឺទឹកនោមផ្អែមប្រភេទទី១ លើក្មេងជំទង់ គឺភាគច្រើមានវ័យក្រោម ១៤ ឆ្នាំ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញារួមមាន៖
– បត់ជើងតូចញឹក
– ងាយឆ្លងជំងឺ
– ឆាប់ហត់
– របួសមិនងាយសះស្បើយ
– ស្រកទម្ងន់គ្មានមូលហេតុ
– ឃ្លាន និងស្រេកទឹកជាងមុន
- ស្ពឹកចុងដៃ ចុងជើង និងមានអារម្មណ៍ដូចម្ជុលចាក់។
អាចនឹងមានរោគសញ្ញាផ្សេងទៀត ដែលមិនបានរៀបរាប់ខាងលើ ដូចនេះបើមានប្រទះអ្វីប្លែកឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
ប្រសិនបើប្រទះឃើញក្មេងមានរោគសញ្ញាដូចលើកឡើង ឬមានចម្ងល់អ្វី សូមឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។ មនុស្សម្នាក់ៗមានលក្ខណៈខុសគ្នា ជួបពិភាក្សាជាមួយគ្រូពេទ្យជារឿងល្អបំផុត។
អត្ថទពាក់ព័ន្ធ៖
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
ទឹកនោមផ្អែមប្រភេទទី ១ កើតឡើងដោយសារប្រតិកម្មប្រឆាំងខ្លូនឯងនៃកោសិកា បេតា (Beta cells) របស់លំពែង ធ្វើឲ្យកោសិកាលំពែងខូចខាត មិនអាចផលិត អាំងស៊ុយលីន បានគ្រប់គ្រាន់ បែបនេះហើយបានជាគ្មានអ្វីដឹកនាំជាតិស្ករចូលក្នុងកោសិកាបំប្លែងជាថាមពល នាំឲ្យកំណើនជាតិស្ករខ្ពស់ខ្លាំងក្នុងឈាម។
ករណីកម្រមួយចំនួន បង្កឡើងដោយជំងឺផ្សេងៗ ដូចជា ដុំគីសក្នុងលំពែង ការវះកាត់យកលំពែងចេញ ឬរលាកលំពែងធ្ងន់ធ្ងរ។
[embed-health-tool-bmi]
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
- កត្តាហ្សែន៖ ហ្សែនមួយចំនួនក៏អាចបង្កឲ្យមានជំងឺនេះដែរ។
– ប្រវត្តិគ្រួសារ៖ សមាជិកគ្រួសារ ប៉ាម៉ាក់ ឬបងប្អូន មានកើតទឹកនោមផ្អែមប្រភេទទី ១។
– កត្តាអាយុ៖ ភាគច្រើនកើតមាននៅក្មេងអាយុចន្លោះ ៤-៧ ឆ្នាំ និង ១០-១៤ ឆ្នាំ។
ទោះពុំទាន់មានភស្តុតាងច្បាស់លាស់ក៏ពិតមែន ប៉ុន្តែនៅមានកត្តាប្រឈមមួយចំនួនទៀត អាចនាំឲ្យកើតជំងឺនេះដូចជា៖
- កូនកើតមកមានជំងឺ
– ញ៉ាំទឹកមានជាតិនីត្រាត
– ក្មេងឆាប់បៅទឹកដោះគោ
– ម្តាយមានអការៈក្រឡាភ្លើង (ឡើងសម្ពាធឈាមខ្លាំង) ពេលពពោះ
– ឆាប់ឲ្យគ្រាប់ធញ្ញជាតិ និងអាហារពពួកស្រូវសាលីទៅកូនពេក (មុន ៤ ខែ) ឬយូរពេក (ក្រោយ ៧ ខែ)។
– ប៉ះពាល់មេរោគមួយចំនួន ដូចជា Epstein-Barr Virus, Coxsackie Virus, Mumps Virus និង Cytomegalovirus ។
រោគវិនិច្ឆ័យ និងការព្យាបាល
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
យើងអាចធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទនេះតាមរយៈការធ្វើតេស្ត ដូចជា៖
– តេស្តជាតិស្ករមុនញ៉ាំអាហារ
– ធ្វើតេស្តជាតិស្ករក្រោយញ៉ាំអាហារ ២ម៉ោង
– តេស្ត អេម៉ូក្លូប៊ីន (A1C) ឬតេស្ត HbA1c។
ប្រសិនរកឃើញថាក្មេងពិតជាមានជំងឺនេះ យើងគួរតែទៅជួបគ្រូពេទ្យដើម្បីដឹងពីវិធីសាស្ត្រតាមដានមួយចំនួនដូចជា៖
– វាស់សម្ពាធឈាម
– មើលផ្នែកខាងក្រោយភ្នែក ដោយប្រើពិលពិសេស
– ធ្វើតេស្ត HbA1c រៀងរាល់ ៦ខែម្តង ដើម្បីគ្រប់គ្រងជាតិស្ករបានល្អ
– របៀបពិនិត្យមើលស្បែក ឆ្អឹង ជើង និងមានស្ពឹកជើង ឬអត់ ហើយត្រូវតាមដានរៀងរាល់ថ្ងៃ។
ការធ្វើតេស្ត និងពិនិត្យខាងលើអាចជួយកូនយើងចៀសផុតផលវិបាកធ្ងន់ធ្ងរបង្កពីជំងឺនេះ។ លើសពីនេះ ១ ឆ្នាំម្តង ក្មេងគួរធ្វើតេស្តពិនិត្យដូចខាងក្រោម៖
– ធ្វើតេស្តមើលកម្រិត Cholesterol និង Triglyceride
– ពិនិត្យតម្រងនោមឲ្យបាន ១ ឆ្នាំម្តង និងតេស្តសេរ៉ូម Creatinine
– ជួបពេទ្យធ្មេញរាល់ ៦ ខែម្តង ដើម្បីសម្អាត ប៉ុន្តែត្រូវប្រាប់គ្រូពេទ្យក្មេងមានជំងឺទឹកនោមផ្អែម។
៨- ព្យាបាលដោយវិធីណា?
ដោយសារតែជំងឺនេះកើតឡើងឆាប់រហ័ស និងមានរោគសញ្ញាធ្ងន់ធ្ងរ ដូចនេះក្មេងអាចត្រូវសម្រាកក្នុងមន្ទីរពេទ្យ ដើម្បីគ្រូពេទ្យធ្វើការពិនិត្យរៀងរាល់សប្តាហ៍ រហូតដល់ក្មេងអាចគ្រប់គ្រងជាតិស្ករបាន។
វិធីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ១ មានដូចជា៖
– អាំងស៊ុយលីន៖ ដោយសារបច្ចុប្បន្នពុំទាន់មានការព្យាបាលជំងឹទឹកនោមផ្អែមឲ្យសះស្បើយនៅឡើយ ហេតុនេះដើម្បីគ្រប់គ្រងជាតិស្ករបានល្អ ត្រូវតែចាក់ អាំងស៊ុយលីន។ យើងអាចចាក់ឲ្យកូននៅផ្ទះដោយខ្លួនឯង ២-៣ ដងក្នុង ១ ថ្ងៃ។ គប្បីសុំយោបល់ពេទ្យពីបរិមាណ អាំងស៊ុយលីន ត្រូវប្រើឲ្យបានច្បាស់ ព្រោះប្រើប្រាស់លើសកម្រិតអាចធ្វើឲ្យជាតិស្ករចុះទាប បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត។
- របបអាហារមានជីវជាតិ៖ អាហារល្អសម្រាប់សុខភាពជួយឲ្យកម្រិតជាតិស្ករ ស្ថិតក្នុងស្ថានភាពប្រសើរមួយ ព្រោះជារឿងចាំបាច់បំផុត គឺរក្សាកម្រិតជាតិស្ករឲ្យនៅថេរ។
- ហាត់ប្រាណ៖ គួរធ្វើជំរុញកូនហាត់ប្រាណឲ្យបានទៀងទាត់។ ម្យ៉ាងវិញទៀត ឲ្យគេចេញថែទាំ និងពិនិត្យជើង ភ្នែក ឲ្យបានញឹកញាប់ ដើម្បីការពារកុំឲ្យមានស្ថានភាពធ្ងន់ធ្ងរណាមួយកើតឡើង។
- ប្រើថ្នាំ៖ Pramlintide(Symlin) ជាប្រភេទថ្នាំចាក់ពពួក Amylin ហើយថ្មីនេះៗ ត្រូវបានទទួលស្គាល់ដោយរដ្ឋបាលចំណីអាហារ និងថ្នាំសង្កូវ នៅអាមេរិក (FDA) សម្រាប់ឲ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ១ និងទី ២ ប្រើ។ ថ្នាំនេះជួយពន្យឺតចលនាអាហារពីក្រពះទៅពោះវៀន ជួយបន្ថយការកើនឡើងជាតិស្ករក្រោយញ៉ាំអាហារ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ហាត់ប្រាណ និងគេងឲ្យបានគ្រប់គ្រាន់។
– ញ៉ាំរបបអាហារពិសេសសម្រាប់អ្នកកើតទឹកនោមផ្អែមឲ្យបានទៀងពេល រៀងរាល់ថ្ងៃ។
- ឧស្សាហ៍ពិនិត្យមើលជាតិស្ករក្នុងឈាម (ចន្លោះ ៤-៨ ដងក្នុងមួយថ្ងៃ) និងពិគ្រោះជាមួយគ្រូពេទ្យបើកូនយើងមានអាការៈ ចង់ក្អួត មិនអាចលេបអាហារបាន។
ក្នុងករណីជាតិស្ករឡើងចុះខ្លាំង ប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ ឬទៅមន្ទីរពេទ្យភ្លាម បើក្មេងមានអាការៈវិលមុខ ក្រោកពីគេងមិនរួច ឬសន្លប់។ តាមដានសញ្ញាខុសធម្មតានៅជើងឲ្យបានរាល់ថ្ងៃ ធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានជាប់លាប់។