backup og meta

អ្នកជំងឺទឹកនោមផ្អែម បើមានអាការៈអស់កម្លាំង គួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 24, 2023

    អ្នកជំងឺទឹកនោមផ្អែម  បើមានអាការៈអស់កម្លាំង គួរដោះស្រាយបែបណា?

    ក្ដីបារម្ភខ្លាំងបំផុតចំពោះអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ គឺការគ្រប់គ្រងជាតិស្ករតែម្ដង មិនអាចខ្ពស់ពេក ហើយក៏មិនអាចទាបពេកនោះដែរ។ កម្រិតជាតិស្ករល្អសម្រាប់អ្នកជំងឺគឺចន្លោះពី ៨០ ទៅ ១២០មិល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ ករណីដែលអ្នកជំងឺមិនអាចរក្សាលំនឹងជាតិស្ករបានក្នុងចន្លោះនេះ​ទេ នឹងបង្កផលវិបាកដល់សុខភាព និង​អាច​ធ្វើ​ឲ្យ​អ្នកជំងឺមានអាការៈអស់កម្លាំងជាដើម។

    យោងតាមការបកស្រាយវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា ការអស់កម្លាំង ជាបញ្ហាដែលអ្នកជំងឺទឹកនោមផ្អែមភាគច្រើនតែងជួបប្រទះ។ ប្រសិន​បើអ្នកជំងឺជួបអាការៈបែបនេះ ជំហានដំបូងបំផុត អ្នកជំងឺត្រូវជួសឈាមមើលកម្រិតជាតិស្ករជាមុនសិនដើម្បីឲ្យដឹងច្បាស់ថាជាតិស្ករអាចចុះទាបជ្រុលក្រោម៧០មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាមឬ​យ៉ាងណា​។ បើ​កម្រិត​ជា​ស្ករ​ចុះ​ទាប​បែបនេះអ្នកជំងឺអាចរកអាហារ​ញ៉ាំភ្លាម ដើម្បីបង្កើន​កម្រិតជាតិស្ករមកដល់គោលដៅវិញ​។

    ជួនកាលជាតិស្ករឡើងជ្រុលមិន​ចុះ​វិញ អ្នកជំងឺអាច​មានអាការៈនោមច្រើន នាំ​ឲ្យ​ខ្សោះជាតិទឹកអាចធ្វើឲ្យអស់កម្លាំងដែរ ករណី​នេះ​អ្នក​ជំងឺ​ត្រូវជួបគ្រូពេទ្យដើម្បីប្ដូរថ្នាំ ឬក៏អាចប្រើអាំងស៊ុយលីនមួយរយៈសិន។ ម្យ៉ាងទៀតអ្នក​ជំងឺ​ត្រូវ​ញ៉ាំ​ទឹកឲ្យ​ច្រើនដើម្បីរក្សាលំនឹងជាតិទឹកដែលចុះតាមទឹកនោម។ ដើម្បីការពារ និងរក្សាលំនឹងជាតិស្ករឲ្យបានល្អ អ្នកជំងឺអាចអនុវត្ដបានតាមរយៈរបបអាហារ ការហាត់ប្រាណ និង កុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងពេល មិនថាមួយពេល ឬពីរពេលក៏ដោយ។

    តើគួរដោះស្រាយបែបណាប្រសិនជាជាតិស្ករទាប?

    ការចុះទាបនៃកម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺទឹកនោមផ្អែម ត្រូវបានកំណត់ជាពីរដំណាក់កាលសំខាន់គឺដំណាក់កាលធ្ងន់ និង ដំណាក់កាលស្រាល។

    ដំណាក់កាលធ្ងន់

    ដំណាក់កាលធ្ងន់ កម្រិតជាតិស្ករអ្នកជំងឺអាចចុះរហូតដល់ទាបជាង៥៥ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម អ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ មិនអាច​អូស​បន្លាយពេលវេលាទៀតនោះទេ។ ដូច្នេះអ្នកជំងឺត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យា​បាល​ពីគ្រូពេទ្យ។ ពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមករណីនេះច្រើនជាង នៅពេលដែលអ្នកជំងឺប្រើប្រាស់អាំងស៊ុយលីនលើសដូស ដែល​បណ្ដាលឲ្យជាតិស្ករក្នុងឈាមចុះខ្លាំង។

    ដំណាក់កាលស្រាល

    ក្នុងដំណាក់កាលស្រាល កម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺស្ថិតនៅចន្លោះពី ៥៦-៦៩មិល្លីក្រាមក្នុងមួយដេស៊ីលីត្រ​ឈាម។ ក្នុងដំណាក់កាលនេះអ្នកជំងឺអាចញ៉ាំអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់បាន មានពពួកផ្លែឈើកដូចជា ក្រូច ម្នាស់ ល្ហុង ប៉ោម ឪឡឹក ស្វាយទុំ និងពពួកអាហារកាបូនអ៊ីដ្រាត ដើម្បីប៉ូវជាតិស្ករឡើងមកវិញ។

    ក្រោយពេលញ៉ាំអាហារអស់១៥នាទី អ្នកជំងឺត្រូវជួសឈាមមើលកម្រិតជាតិស្ករម្ដងទៀត ដើម្បីធានាបានថា ជាតិស្ករកើនឡើងមកដល់កម្រិតគោលដៅហើយឬនៅ។

    ស្វាយ

    អត្ថទ​ពាក់ព័ន្ធ​៖

    កត្ដាអ្វីខ្លះដែលបណ្ដាលឲ្យកម្រិតជាស្ករថយចុះ?

    មានកត្ដាមួយចំនួនដែលអ្នកទឹកនោមផ្អែមមានការថយចុះកម្រិតជាតិស្ករខ្លាំងដូចជា៖

  • ការបង្អត់អាហារ
  • ការតបអាហារលើសកម្រិត
  • ការហាត់ប្រាណខ្លាំង
  • ប្រសិទ្ធភាពថ្នាំលើសកម្រិត
  • ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត (ទឹកនោមផ្អែមប្រភេទ១)
  • ការផឹកស្រា
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម