ជួនកាលជាតិស្ករឡើងជ្រុលមិនចុះវិញ អ្នកជំងឺអាចមានអាការៈនោមច្រើន នាំឲ្យខ្សោះជាតិទឹកអាចធ្វើឲ្យអស់កម្លាំងដែរ ករណីនេះអ្នកជំងឺត្រូវជួបគ្រូពេទ្យដើម្បីប្ដូរថ្នាំ ឬក៏អាចប្រើអាំងស៊ុយលីនមួយរយៈសិន។ ម្យ៉ាងទៀតអ្នកជំងឺត្រូវញ៉ាំទឹកឲ្យច្រើនដើម្បីរក្សាលំនឹងជាតិទឹកដែលចុះតាមទឹកនោម។ ដើម្បីការពារ និងរក្សាលំនឹងជាតិស្ករឲ្យបានល្អ អ្នកជំងឺអាចអនុវត្ដបានតាមរយៈរបបអាហារ ការហាត់ប្រាណ និង កុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងពេល មិនថាមួយពេល ឬពីរពេលក៏ដោយ។
តើគួរដោះស្រាយបែបណាប្រសិនជាជាតិស្ករទាប?
ការចុះទាបនៃកម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺទឹកនោមផ្អែម ត្រូវបានកំណត់ជាពីរដំណាក់កាលសំខាន់គឺដំណាក់កាលធ្ងន់ និង ដំណាក់កាលស្រាល។
ដំណាក់កាលធ្ងន់
ដំណាក់កាលធ្ងន់ កម្រិតជាតិស្ករអ្នកជំងឺអាចចុះរហូតដល់ទាបជាង៥៥ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម អ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ មិនអាចអូសបន្លាយពេលវេលាទៀតនោះទេ។ ដូច្នេះអ្នកជំងឺត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលពីគ្រូពេទ្យ។ ពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមករណីនេះច្រើនជាង នៅពេលដែលអ្នកជំងឺប្រើប្រាស់អាំងស៊ុយលីនលើសដូស ដែលបណ្ដាលឲ្យជាតិស្ករក្នុងឈាមចុះខ្លាំង។