ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃមួយភេទ អាចកើតមានលើគ្នាយើងដោយមិនដឹងខ្លួនប្រសិនជាមិនបានចាប់អារម្មណ៍នឹងរោគសញ្ញាដំបូងៗរបស់ វា។ ជាទូទៅជំងឺទឹកនោមផ្អែមមានប្រភេទ ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ២ និង ទឹកនោមផ្អែមក្នុងកំលុងមានផ្ទៃពោះ។
ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃមួយភេទ អាចកើតមានលើគ្នាយើងដោយមិនដឹងខ្លួនប្រសិនជាមិនបានចាប់អារម្មណ៍នឹងរោគសញ្ញាដំបូងៗរបស់ វា។ ជាទូទៅជំងឺទឹកនោមផ្អែមមានប្រភេទ ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ២ និង ទឹកនោមផ្អែមក្នុងកំលុងមានផ្ទៃពោះ។

ជំងឺទឹកនោមផ្អែមកើតឡើងដោយ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមរ៉ាំរៃខ្ពស់ចាប់ពី១៣០មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ មូលហេតុគឺបណ្ដាលមកពីអ័រម៉ូនអាំងស៊ុយលីនមិនអាចធ្វើការបានល្អ ឬក៏បណ្ដាលមកពី សរីរាង្គលំពែងមិនអាចផលិតអ័រម៉ូននេះគ្រប់គ្រាន់ដើម្បីគ្រប់គ្រងជាតិស្ករនោះបាន។
ជំងឺទឹកនោមផ្អែមគ្រប់ប្រភេទអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ ប្រសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវ និងដល់គោលដៅ។ តើមនុស្សប្រភេទណាដែលប្រឈមនឹងកើតជំងឺនេះ?
ទឹកនោមផ្អែមប្រភេទ១ ជាទូទៅកើតឡើងចំពោះទារក និងកុមារ។ ជំងឺនេះបង្កឡើងដោយ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយប្រឆាំងនឹងកោសិកាបេតារបស់លំពែងដែលមានតួនាទីផលិតអាំងស៊ុយលីន។ អ័រម៉ូនអាំងស៊ុយលីនត្រូវថយចុះ ក្រោយពេលកោសិកាបេតាត្រូវបំផ្លាញ ហើយក៏មិនអាចគ្រប់គ្រងជាតិស្ករគ្លុយកូសក្នុងឈាមបានទើបបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១។
អ្នកប្រឈមនឹងកើតជំងឺទឹកនោមផ្អែមប្រភេទ១ មានកត្ដា២គឺ កត្ដាហ្ស៊ែន និងបរិយាកាសខាងក្រៅដោយមានមេរោគផ្សេងៗ ទើបអាចបង្កឲ្យកើតជំងឺនេះបាន។
ជំងឺទឹកនោមផ្អែមប្រភេទ១ នៅមិនទាន់មានវិធីសាស្ដ្រព្យាបាលជាសះស្បើយនៅឡើយទេ ប៉ុន្ដែគេអាចព្យាលអ្នកជំងឺឲ្យមានសុខភាពល្អប្រសើរបានរស់នៅធម្មតា ដោយការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ បូករួមការផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន។
ទឹកនោមផ្អែមប្រភេទ២ ភាគច្រើន កើតលើមនុស្សវ័យចំណាស់ រាប់ចាប់ពីវ័យ ៣៥ឆ្នាំឡើងទៅ។ ជំងឺនេះបង្កឡើងដោយ អាំងស៊ុយលីនមិនអាចបំពេញមុខងារបានល្អ ឬកម្រិតបរិមាណអាំងស៊ុយលីនថយចុះ មិនអាចគ្រប់គ្រងលើជាតិស្ករបាន។
អ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ មានដូចជា មនុស្សចាស់ អ្នកធាត់លើសទម្ងន់ អ្នកមានខ្លាញ់ក្បាលពោះច្រើន អ្នកជក់បារី ផឹកស្រា កើតស្ដ្រេសច្រើន គេងមិនលក់ មិនគ្រប់គ្រាន់ រាងកាយមិនសូវមានសកម្មភាពប្រើប្រាស់ថាមពល អ្នកមានប្រវត្ដិសមាជិកគ្រួសារកើតជំងឺទឹកនោមផ្អែមប្រភេទ២ ជាដើម។
ជំងឺទឹកនោមផ្អែមប្រភេទ២ មិនអាចព្យាបាលជាសះស្បើយនោះទេ ប៉ុន្ដែគេអាចកែប្រែស្ថានភាពអ្នកជំងឺឲ្យប្រសើរឡើងវិញបានដោយ ការផ្លាស់ប្ដូរទម្លាប់រស់នៅ ដូចជា ការញ៉ាំអាហារសុខភាព ទម្លាប់ហាត់ប្រាណ គេងឲ្យបានគ្រប់គ្រាន់ កាត់បន្ថយការផឹកស្រា និងឈប់ជក់បារី ពោលគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យត្រូវតាមគោលដៅសុខភាពដែលគ្រូពេទ្យបានណែនាំ។
ស្ដ្រីពពោះមួយចំនួនអាចប្រឈមនឹងការកើនឡើងជាតិស្ករក្នុងឈាម ការណ៍នេះគេឲ្យឈ្មោះថា gestational diabetes (ជំងឺទឺកនោមផ្អែមពេលពពោះ)។ ទឹកនោមផ្អែមប្រភេទនេះកើតឡើងដោយសារ ការបម្រែបម្រួលអ័រម៉ូន ជាមួយហ្ស៊ែន ក្នុងកំលុងពពោះនិង កត្ដាជីវភាពរស់នៅប្រចាំថ្ងៃមួយចំនួន។
ជំងឺនេះអាចកើតឡើង ហើយក៏អាចជាសះស្បើយទៅវិញបាននៅពេលដែលអ្នកជំងឺព្យាយាមគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ ហាត់ប្រាណឲ្យបានទៀងទាត់ ប្រើប្រាស់ថាមពលឲ្យបានត្រឹមត្រូវ តាមការណែរនាំគ្រូពេទ្យ។ ក្នុងករណីខ្លះប្រសិនជាអ្នកជំងឺមិនអាចគ្រប់គ្រងរបបអាហារបានល្អនោះទេ ជំងឺនេះក៏អាចវិវត្ដទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ បានដែរ។
បន្ថែមលើនេះទៅទៀត អ្នកជំងឺទឹកនោមផ្អែមពេលពពោះ ក៏អាចឈានដល់ដំណាក់កាល ចាក់អាំងស៊ុយលីនជាប្រចាំផងដែរ ប្រសិនបើសុខភាពអ្នកជំងឺមិនអាចប្រសើរឡើង ក្រោយអនុវត្ដតាមការណែនាំគ្រូពេទ្យ ដូចជាការរហាត់ប្រាណ ការញ៉ាំអាហារឲ្យត្រឹមត្រូវ។

អត្ថបទគួរអាន៖
លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី មានប្រសាសន៍ថា ចំពោះស្ត្រីពពោះដែលកើតជំងឺទឹកនោមផ្អែម អាចចាក់អាំងស៊ុយលីនត្រង់ពោះបាន ហើយត្រូវតែចាក់ដើម្បីការពារសុខភាព ក៏ប៉ុន្តែ មិនមែនមានន័យថា ពិនិត្យឃើញកើតទឹកនោមផ្អែមពេលពពោះភា្លមៗ ត្រូវចាក់អាំងស៊ុយលីនភ្លាមនោះទេ។ ក្នុងករណីពិនិត្យឃើញថា កើតទឹកនោមផ្អែម គឺពេទ្យនឹងណែនាំឲ្យអ្នកជំងឺធ្វើតាមគោលការណ៍មួយចំនួន ដើម្បីជួយកាត់បន្ថយជាតិស្ករក្នុងខ្លួនដូចជា ផ្លាស់ប្ដូររបបអាហារ និងការហាត់ប្រាណ ជាដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What is Diabetes https://www.cdc.gov/diabetes/basics/diabetes.html#:~:text=There%20are%20three%20main%20types,diabetes%20(diabetes%20while%20pregnant).
preventing type 2 diabetes https://www.diabetes.org.uk/preventing-type-2-diabetes
Risk Factors for Type 2 Diabetes https://www.niddk.nih.gov/health-information/weight-management/adult-overweight-obesity/definition-facts
Type 1 diabetes symptoms often start suddenly checking blood sugar levels https://www.mayoclinic.org/diseases-conditions/diabetes/diagnosis-treatment/drc-20371451#:~:text=A%20blood%20sugar%20level%20less,L)%20means%20you%20have%20prediabetes.
Symptoms & Causes of Diabetes https://www.niddk.nih.gov/health-information/diabetes/overview/symptoms-causes
កំណែប្រែបច្ចុប្បន្ន
26/10/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ